កាលពីថ្ងៃទី ១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ពន្ធ ២៥% លើទំនិញភាគច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិក និងពន្ធ ១០% លើទំនិញរបស់ចិន ដែលនាំចូលសហរដ្ឋ អាមេរិក ដោយមានហេតុផល ទប់ស្កាត់រលកអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរសារធាតុញៀន fentanyl ចូលប្រទេសនេះ។ ដល់ថ្ងៃទី ៣ ខែកុម្ភៈ រដ្ឋបាលអាមេរិកបានឲ្យដឹងថា ខ្លួននឹងពន្យារពេលការដាក់ពន្ធនេះ ក្នុងអំឡុងពេលមួយខែ បន្ទាប់ពីសម្រេចបានរាល់កិច្ចព្រមព្រៀងអំពីសន្តិសុខព្រំដែនជាមួយ កាណាដានិងម៉ិកស៊ិក។

អស្ថិរភាពសេដ្ឋកិច្ចកើនឡើង

ការដែលរដ្ឋបាលសហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងជាមួយកាណាដានិងម៉ិកស៊ិក ដែលជាប្រទេសជិតខាងចំនួនពីរ ហើយក៏ជាដៃគូពាណិជ្ជកម្មឈានមុខគេចំនួនពីររបស់សហរដ្ឋអាមេរិក បានជួយឲ្យមានស្ថិរភាពទីផ្សារហិរញ្ញវត្ថុពិភពលោកជាបណ្តោះអាសន្ន បន្ទាប់ពីវគ្គជួញដូរដែលមានការប្រែប្រួលនៅដើមសប្តាហ៍នេះ (ថ្ងៃទី ៣ ខែកុម្ភៈ) ដោយសារការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជម្លោះពាណិជ្ជកម្មសកល។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការបន្តដាក់ពន្ធ សូម្បីតែលើសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏នៅតែមានកម្រិតខ្ពស់ដែរ។ បន្ទាប់ពីប្រទេសម៉ិកស៊ិក កាណាដា និងចិន សហភាពអឺរ៉ុប (EU) ត្រូវបានចាត់ទុកថា ជាគោលដៅបន្ទាប់របស់សហរដ្ឋអាមេរិក នៅពេលដែលលោក Donald Trump បានប្រកាសកាលពីថ្ងៃទី ៣១ ខែមករាថា លោកកំពុង “ពិចារណាយ៉ាងច្បាស់អំពីការដាក់ពន្ធលើ EU”។ នៅចំពោះមុខហានិភ័យនេះ មេដឹកនាំអឺរ៉ុបជាច្រើនដូចជាប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz ... នាថ្ងៃទី ៣ ខែកុម្ភៈ បានបញ្ជាក់ថា EU មានធនធានគ្រប់គ្រាន់ នឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធលើប្លុកនេះ។

មុននោះ បន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធនាថ្ងៃទី១ កុម្ភៈ ទាំងម៉ិកស៊ិក កាណាដា និងចិនសុទ្ធតែមានកាយវិការឆ្លើយតប។ ក្នុងនោះ កាណាដាបានប្រកាសដាក់ពន្ធស្មើនឹងជាង ១០៥ ពាន់លានដុល្លារអាមេរិក លើទំនិញអាមេរិកដែលនាំចូលមកប្រទេសខ្លួន។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអនុវត្តទាំងវិធានការរដ្ឋាករនិងមិនមែនរដ្ឋាករ ខណៈពេលដែលចិនបានប្រកាសប្តឹងសហរដ្ឋអាមេរិកឡើងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កាយវិការសងសឹកទាំងនេះ បណ្តាលឲ្យភាពតានតឹងពាណិជ្ជកម្មអាចរីករាលដាល ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកលលោកទាំងមូល។ លោក Qiu Buhui សាស្ត្រាចារ្យផ្នែកធុរកិច្ច និងហិរញ្ញវត្ថុ សាលាធុរកិច្ចស៊ីដនី (អូស្ត្រាលី) បានវាយតម្លៃថា៖

“កាយវិការរបស់រដ្ឋបាលអាមេរិកនឹងបង្កើនកម្រិតនៃភាពមិនប្រាកដប្រជា របស់សេដ្ឋកិច្ចសកលលោកទាំងមូល។ ទីផ្សារនឹងមានការប្រែប្រួល ដោយសារយើងឃើញសហរដ្ឋអាមេរិកបានព្រមានដៃគូពាណិជ្ជកម្មរបស់ខ្លួនថា ប្រសិនបើពួកគេសងសឹក សហរដ្ឋអាមេរិកនឹងដាក់ពន្ធកាន់តែខ្ពស់ថែមទៀត។ ជាលទ្ធផល យើងអាចនឹងឃើញជម្លោះពាណិជ្ជកម្មជាបន្តបន្ទាប់ បង្កើនអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ព្រមទាំងបង្កើនគោលនយោបាយគាំពារសេដ្ឋកិច្ចនិងពាណិជ្ជកម្ម”។

យុទ្ធសាស្ត្រមានប្រសិទ្ធភាព?

ធ្វើការវាយតម្លៃលើចំណាត់ការបន្ទាប់របស់រដ្ឋបាលសហរដ្ឋអាមេរិក អ្នកជំនាញជាច្រើនជឿថា រដ្ឋាករ ទំនងជានឹងបន្តជា "អាវុធ" ដែលត្រូវបានលោក Donald Trump ប្រើប្រាស់នាពេលខាងមុខ។ លោក Kevin Merritt នាយកផ្នែកស្រាវជ្រាវដើមទុន ក្រុមហ៊ុនភាគហ៊ុន Wedbush (សហរដ្ឋអាមេរិក) បានអត្ថាធិប្បាយថា៖ “ខ្ញុំគិតថា នេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់ប្រធានាធិបតី Donald Trump។ យើងបានឃើញការគំរាមកំហែងជាក់ស្តែងតម្រង់ទៅលើប្រទេសកូឡុំប៊ី និងម៉ិកស៊ិកបានបង្ខំពួកគេចូលអង្គុយនៅតុចរចា និងធ្វើសម្បទានយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន ដំណើរការរបស់វាកំពុងមានប្រសិទ្ធភាព ប៉ុន្តែតើវានឹងមានប្រសិទ្ធភាពយ៉ាងដូចម្ត៉េចសម្រាប់ប្រទេសធំៗ? ខ្ញុំគិតថាវានឹងជារឿងផ្សេងមួយដែរ”។

ទិដ្ឋភាពនៃកំពង់ផែដឹកទំនិញ Long Beach ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

ចែករំលែកមតិនេះ លោក Cameron Johnson អ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់នៅក្រុមហ៊ុន Tidalwave Solutions (ឥណ្ឌា) បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងប្រើប្រាស់គោលនយោបាយពន្ធដារដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចជាច្រើនដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មសំខាន់ៗ ហើយបណ្តាប្រទេសនានា មិនគួរមើលស្រាលការប្តេជ្ញាចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្នុងការបញ្ឈប់ការជួញដូរ fentanyl នោះទេ ព្រោះវាជាបញ្ហាសង្គមដ៏ធំមួយនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនក៏បានព្រមានថា នេះអាចជាហានិភ័យធំសម្រាប់សហរដ្ឋអាមេរិកខ្លួនឯង។ Mary Lovely អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Peterson អំពីសេដ្ឋកិច្ចអន្តរជាតិបានឲ្យដឹងថា គោលនយោបាយពន្ធដាររបស់រដ្ឋបាលថ្មី អាចធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ និងបង្កើនអតិផរណា។ សម្រាប់ប្រទេសទីបី អត្ថប្រយោជន៍ពីការប្រែប្រួលបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិក៏មិនច្បាស់ដែរ។ លោកស្រី Yael Selfin អនុប្រធាន និងជាប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនសវនកម្ម KPMG បានវាយតម្លៃថា៖ “សេដ្ឋកិច្ចមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ដូចជាការបង្វែរពាណិជ្ជកម្ម ឬនឹងមានអត្ថប្រយោជន៍មួយនៅពេលដែលទំនិញរបស់ពួកគេមានតម្លៃថោក។ ប៉ុន្តែវាពិបាកក្នុងការនិយាយនៅត្រង់ចំណុចនេះថា តើផលប៉ះពាល់ពិតប្រាកដនឹងមានយ៉ាងណារហូតដល់យើងដឹងពីវិសាលភាពពេញលេញនៃសង្គ្រាមអំពីពន្ធ នាពេលខាងមុខ”។

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនាថ្ងៃទី ៣ ខែកុម្ភៈ Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការនេះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃផលប៉ះពាល់នៃការរឹតបន្តឹងពាណិជ្ជកម្មលើសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំនួនប្រជាជនងាយរងគ្រោះ៕