នា​ព្រឹកថ្ងៃទី ២ ខែមេសា នៅមជ្ឈមណ្ឌលផ្សាយសំឡេង​ជាតិ លេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ វិទ្យុសំឡេងវៀតណាម (VOV) បានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេច​ចិត្ត​របស់ការិយាល័យនយោបាយស្តីពីមុខងារ និងភារកិច្ចរបស់ VOV។ សន្និសីទនេះបានប្រកាសពីសេចក្តីសម្រេច​លេខ ១៦ របស់ការិយាល័យនយោបាយ។ ដូច្នេះ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ តទៅ វិទ្យុសំឡេងវៀតណាម (VOV) នឹងក្លាយជាអង្គភាពសេវាសាធារណៈរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ និងទៀងទាត់របស់ការិយាល័យនយោបាយ និងគណៈលេខា។

ទាក់ទងនឹងការ​រៀបចំក្បាល់​ម៉ាស៊ីន៖ វិទ្យុសំឡេងវៀតណាមមានអង្គភាពក្រោមឱវាទចំនួន ២៣ នៅកម្រិតនាយកដ្ឋាន; មានប្រព័ន្ធការិយាល័យតំណាង​ប្រចាំ​នៅឯ​បរទេស ដែលបង្កើតឡើងស្របតាមបទប្បញ្ញត្តិ​របស់​ច្បាប់។ សន្និសីទបានប្រកាសពីសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ដោយចាត់តាំង និងតែងតាំងលោក ដូ ទៀនស៊ី សមាជិកគណៈកម្មាធិការមជ្ឈិម​បក្ស ឱ្យកាន់តំណែងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម និងជាអនុប្រធានគណៈឃោសនាអប់រំ និង​ចលនាមហាជនមជ្ឈិម។​​

ថ្លែងនៅក្នុងសន្និសីទ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម អនុប្រធានគណៈឃោសនាអប់រំ​និងចលនាមហាជន​មជ្ឈិម បានបញ្ជាក់ថា នេះជាកិត្តិយសនិងជាមោទនភាព។ លោកបានស្នើឱ្យវិទ្យុទាំងមូលរួបរួមគ្នា និងខិតខំដើម្បីស័ក្តិសមជា "ស្ថានីយ៍វិទ្យុជាតិ ភ្នាក់ងារសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយពហុមេឌា និង​ពហុភាសា​ឈានមុខគេរបស់បក្ស និងរដ្ឋ"។

“​វិទ្យុសំឡេងវៀតណាម គឺជាស្នូលនៃការងារមនោគមវិជ្ជានិងវប្បធម៌ក្នុងវិស័យ​វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយ។ ប្រការទី ៨ មាត្រាលេខ ២ ទាក់ទងនឹងការរៀបចំផលិតកម្ម ការបញ្ជូន ការផ្សាយវិទ្យុ​ ការចុះផ្សាយ និងរក្សាទុកកម្មវិធីវិទ្យុ កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិក។ សង្ឃឹមថាសមមិត្ត​ទាំងអស់ នឹងស្រាវជ្រាវឲ្យ​មានហ្មត់ចត់ ហើយនាពេលខាងមុខយើងត្រូវបន្តជ្រួតជ្រាប"​។

នៅក្នុងសន្និសីទនេះ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេង​វៀតណាម អនុប្រធាន​គណៈឃោសនា អប់រំនិងចលនាមហាជន​មជ្ឈិម បានអានលិខិតអបអរសាទរដល់​កម្មាភិបាលនិងនិយោជិតនៃវិទ្យុ​សំឡេង​វៀតណាម ក្នុងឱកាសដែលវិទ្យុសំឡេង​វៀតណាមក្លាយជាអង្គភាពសេវាសាធារណៈរបស់គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម៕​