នាថ្ងៃទី ១ ខែមេសា កិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមកម្រិតឯកអគ្គរដ្ឋទូតអាស៊ាន-រុស្ស៊ី បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។
ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាប្រភព ផ្គត់ផ្គង់ថាមពលប្រកបដោយស្ថេរភាព ទាញយកឧស្ម័នធម្មជាតិប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាកាបូនទាប ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរស៊ីវិល។ ទីភ្នាក់ងារថាមពលរុស្ស៊ី និងសាជីវកម្មថាមពលអាតូមិករដ្ឋរុស្ស៊ី (Rosatom) នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលថាមពលអាស៊ាន។ រុស្ស៊ីបានលើកឡើងពីកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងរោងចក្រថាមពលនុយក្លេអ៊ែរជាមួយវៀតណាម ជាគំរូមួយក្នុងកិច្ចសហប្រតិបត្តិការថាមពលរវាងភាគីទាំងពីរ ដែលជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់ដំណើរការផ្លាស់ប្តូរថាមពល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់។
លើសពីនេះ អាស៊ាន និងរុស្ស៊ីបានបញ្ជាក់ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសបច្ចេកវិទ្យាខ្ពស់ និងធានាសន្តិសុខតាមអ៊ីនធឺណិត។ រុស្ស៊ីបានសន្យាបន្តរៀបចំវគ្គបណ្តុះបណ្តាលស៊ីជម្រៅសម្រាប់មន្ត្រីអនុវត្តច្បាប់អាស៊ាន លើការធ្វើកោសល្យវិច្ច័យឌីជីថល ការឆ្លើយតបទៅនឹងឧប្បត្តិហេតុតាមអ៊ីនធឺណិត និងការប្រឆាំងភេរវកម្ម។
ទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ ដោយឆ្លៀតយកសក្តានុពលដែលមានស្រាប់ ដើម្បីពង្រីកការវិនិយោគលើវិស័យយុទ្ធសាស្ត្រ ដូចជាឧស្សាហកម្មផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាខ្ពស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ