ថ្នាក់ដឹកនាំនគរបាលខេត្ត Dong Nai ជូនពរកម្មាភិបាលដែលបានទទួលការសម្រេចចិត្តចូលនិវត្តន៍មុនអាយុកំណត់ និងរង់ចាំទទួលរបបចូលនិវត្តន៍ (រូបថត៖ VGP)

ស្ថានភាពជាក់ស្តែងនៃដំណើរការរៀបចំឡើងវិញនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើនបានបង្ហាញថា បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយទាំងមូលកំពុងទទួលបានមតិឯកភាពខ្ពស់ និងបង្កើតផលវិជ្ជមានរីកសាយភាយពាសពេញពេញសង្គម។

រីកសាយភាយគោលនយោបាយរៀបចំឡើងវិញ បង្រួមក្បាលម៉ាស៊ីនរដ្ឋ

អនុវត្តគោលនយោបាយរបស់មជ្ឈិម ក្នុងការបន្តផ្លាស់ប្តូរថ្មីនិងរៀបចំប្រព័ន្ធនយោបាយឡើងវិញ ឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្មាភិបាលជាច្រើននាក់ ចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់មន្ទីរ ផ្នែក នៅខេត្ត Ha Tinh បានម្ចាស់ការដាក់ពាក្យដោយបំណងចង់ចូលនិវត្តន៍មុនអាយុកំណត់។ ក្រៅពីគោលនយោបាយរបស់មជ្ឈឹម ខេត្ត Ha Tinh ក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការឧបត្ថម្ភសម្រាប់កម្មាភិបាល បុគ្គលិកនិងមុខសញ្ញាផ្សេងៗទៀត ក្នុងក្របខ័ណ្ឌលើសចំណុះ អាស្រ័យហេតុនេះ បង្កើតការលើកទឹកចិត្តសម្រាប់អង្គភាព និងមូលដ្ឋានអនុវត្តភារកិច្ចរៀបចំ និងបង្រួមក្បាលម៉ាស៊ីនរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ក្នុងពេលជាមួយគ្នានោះ នៅតំបន់ដីសណ្តទន្លេ Cuu Long កម្មាភិបាលសំខាន់ៗជាច្រើននៃខេត្ត Dong Thap ក៏បានស្ម័គ្រចិត្តដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុកំណត់ផងដែរ។ មកដល់ពេលនេះចំនួនកម្មាភិបាលដែលដាក់ពាក្យចូលនិវត្តន៍ក្នុងខេត្តមានរហូតដល់៣០០នាក់។

នៅថ្នាក់មជ្ឈិម នាពេលថ្មីៗនេះ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ អង្គប្រជុំបានពិនិត្យ និងអនុម័តច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម)។ ច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរដ្ឋសភា; សេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយបញ្ហាមួយចំនួន ទាក់ទងនឹងការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋ និងសេចក្តីសម្រេចចិត្តស្តីពីអនុវត្តការរៀបចំឡើងវិញនូវរដ្ឋសភា និងរដ្ឋាភិបាលសម្រាប់រដ្ឋសភានីតិកាលទី១៥។ នេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ ដែលគូសសញ្ញាសម្គាល់ក្នុងការបម្រើបដិវត្តន៍នៃការរៀបចំឡើងវិញ និងបង្រួមប្រព័ន្ធនយោបាយទាំងមូល។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាជាក្រុមក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី ១៥ អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា៖ “គោលនយោ បាយរបស់បក្សលើការបង្រួម និងរៀបចំឡើងវិញស្ថាប័នរដ្ឋគឺទទួលបានការឯកភាពរបស់ស្ថាប័នទាំងមូល និងរដ្ឋ សភា ហើយត្រូវបានអនុវត្តន៍យ៉ាងរហ័ស និងល្អណាស់។ ខ្ញុំគិតថា ទាំងនេះជាគោលនយោបាយត្រឹមត្រូវ ហើយក៏ជាប្រការដែលប្រជាពលរដ្ឋបានរំពឹងទុកជាយូរមកហើយ។ ការបង្រួមនិងរៀបចំឡើងវិញស្ថាប័នរដ្ឋ មិនមែននិយាយអំពីការសន្សំប្រាក់នោះទេ នោះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ប្រការដែលសំខាន់បំផុតគឺការបង្កើនសុពលភាពនិងប្រសិទ្ធភាព នៃក្បាលម៉ាស៊ីនរដ្ឋដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ”។

រួមជាមួយនឹងការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ភ្នាក់ងារនិងអង្គភាពបន្ទាប់ពីបានរៀបចំឡើងវិញ រួចរាល់ គឺកំពុងអនុវត្តការងារជាបន្ទាន់សមស្របតាមមុខងារនិងទម្រង់ថ្មី។ ដើរទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតបទប្បញ្ញត្តិការងារ ឬពិនិត្យ បំពេញបន្ថែម និងកែប្រែបទប្បញ្ញត្តិការងាររបស់ទីភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធក្នុងស្ថាប័ននីមួយៗ ដើម្បីធានាបាននូវការអនុវត្តពេញលេញនូវមុខងារ និងភារកិច្ចថ្មី ...។

បន្តការងារបង្រួមក្នុងអំឡុងពេលខាងមុខ

លទ្ធផលបច្ចុប្បន្នក្នុងការបង្រួមនិងការរៀបចំស្ថាប័នរដ្ឋឡើងវិញ គឺផ្តើមចេញពីកត្តាជាច្រើន ក្នុងនោះមានការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំ ជាពិសេសអគ្គលេខាបក្ស លោក តូ ឡឹម បានដើរតួនាទីជាគន្លឹះសំខាន់។ ផ្អែកលើលទ្ធផលវិជ្ជមានដំបូង សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋានលើខ្លឹមសារ និងភារកិច្ចមួយចំនួន ដើម្បីបន្តការរៀបចំ និងបង្រួមប្រព័ន្ធនយោបាយ ឆ្នាំ២០២៥ បានលើកឡើងពីការសិក្សាតម្រង់ទិស ដើម្បីបន្តការរៀបចំ និងលុបបំបាត់កម្រិតរដ្ឋបាល ថ្នាក់ស្រុក; រៀបចំផែនការបន្តរៀបចំថ្នាក់ឃុំ ស្របតាមគំរូអង្គការថ្មី។ ទន្ទឹមនឹងនេះ តម្រង់ទិសលើការរួមបញ្ចូលគ្នារបស់អង្គភាពរដ្ឋបាលថ្នាក់ខេត្តមួយចំនួន...។

យោងតាមសេចក្តីសន្និដ្ឋាននេះ ការិយាល័យនយោបាយនឹងរៀបចំគណៈប្រតិភូអធិការកិច្ចនៃការិយាល័យនយោបាយ និងលេខាធិការដ្ឋានចំនួន ១៩ ក្រុម ដើម្បីធ្វើការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សក្រុងចំណុះមជ្ឈិមចំនួន ៦៩ ស្តីពីការបន្តរៀបចំ និងបង្រួមក្បាលម៉ាស៊ីន។ នៅក្នុងដំណើរការនៃការរៀបចំឡើងវិញ ត្រូវរក្សាបុគ្គលិកដែលមានសមត្ថភាព និងជៀសវាងការបាត់បង់ធនធានមនុស្ស។

សាស្ត្រាចារ្យរងបណ្ឌិត Le Van Cuong នាយករងវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ (រូបថត៖ baophapluat.vn)

សាស្ត្រាចារ្យរង បណ្ឌិត Le Van Cuong នាយករងវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ មានប្រសាសន៍ថា៖ “ការរៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋ មិនមែនគ្រាន់តែជាការកាត់បន្ថយបរិមាណប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះគឺធ្វើអោយប្រសើរឡើងនូវគុណភាព នៃការអនុវត្ត សុពលភាព និងប្រសិទ្ធភាព។ ចាំបាច់ក្នុងការជៀសវាងការយល់ច្រឡំរវាង "ការសម្រួល" និង "ការកាត់បន្ថយ" ពីព្រោះគោលដៅមិនមែនដើម្បីកាត់បន្ថយមនុស្សទៅតាមកូតាទេ ប៉ុន្តែដើម្បីរក្សាកម្មាភិបាលដែលមានសមត្ថភាព និងមានការស្រឡាញ់វិជ្ញាជីវៈ។ មូលដ្ឋាននីមួយៗត្រូវមានបទប្បញ្ញត្តិជាក់ស្តែង ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ និងធានានូវការលើកទឹកចិត្តអ្នកដែលមានទេពកោសល្យ។ មានតែនៅពេលដែលស្មារតីនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ក្បាលម៉ាស៊ីនរដ្ឋនឹងត្រូវបានសម្រួលយ៉ាងពិតប្រាកដ ជាមួយនឹងជួរកម្មាភិបាល បុគ្គលិកប្រកបដោយគុណភាព បំពេញតាមតម្រូវការនៃការអភិវឌ្ឍ”។

អនុវត្តន៍ការងាររៀបចំឡើងវិញនិងបង្រួមក្បាលម៉ាស៊ីនរដ្ឋត្រូវបានចាត់ទុកថាជាបដិវត្តន៍។ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយសម្រួលឱ្យមានប្រសិទ្ធភាពដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍៕