កិច្ចប្រជុំកំពូលអំពីសកម្មភាព AI នៅទីក្រុងប៉ារីស គឺជាកិច្ចប្រជុំកំពូលសកលលើកទីបីស្តីពី
បច្ចេកវិទ្យា AI បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Bletchley Park (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២៣ និងនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីឆ្នាំ២០២៤។

ផ្តល់អាទិភាពដល់ការច្នៃប្រឌិតជាជាងសុវត្ថិភាព

នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ សុវត្ថិភាព AI ខណៈពេលដែលនៅតែជាប្រធានបទដ៏ធំមួយ ប៉ុន្តែត្រូវបានគេដាក់នៅក្រោមអាទិភាពអំពីការអភិវឌ្ឍ AI ឲ្យកាន់តែស្មើរភាព ការចែករំលែកអត្ថប្រយោជន៍ពី AI ឲ្យកាន់តែសមធម៌ និងការបង្កើនកិច្ចសហប្រតិបត្តិការ AI ក្នុងទ្រង់ទ្រាយសកលនៅចំពោះមុខហានិភ័យនៃការបែកបាក់គ្នាខាងបច្ចេកវិទ្យា។ ដោយបង្ហាញពីការផ្លាស់ប្តូរអាទិភាពនេះ ប្រទេសម្ចាស់ផ្ទះបារាំងបានផ្លាស់ប្តូរប្រធានបទដើមនៃកិច្ចប្រជុំកំពូល AI ឆ្នាំនេះពី "កិច្ចប្រជុំកំពូលអំពីសុវត្ថិភាព AI" ទៅ "កិច្ចប្រជុំកំពូលអំពីសកម្មភាព AI"។

ដោយពន្យល់ពីវិធីអភិក្រមថ្មីនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា អឺរ៉ុបអាចមានមោទនភាពក្នុងការដើរត្រួសត្រាយផ្លូវក្នុងការកសាងបទប្បញ្ញត្តិដើម្បីគ្រប់គ្រង AI ប៉ុន្តែការគ្រប់គ្រងត្រូវតែដើរនៅពីក្រោយការច្នៃប្រឌិតក្នុងបរិបទដែលអឺរ៉ុបកំពុងបង្ហាញសញ្ញានៃភាពថយក្រោយទាក់ទងនឹងបច្ចេកវិទ្យា AI បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និងប្រទេសចិន។ សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចឈានមុខគេក្នុងវិស័យ AI សុវត្ថិភាព AI លែងជាអាទិភាពលេខ ១ ទៀតហើយ នៅពេលដែលគណៈប្រតិភូអាមេរិកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉ារីសលើកនេះ មិនមានសមាជិកនៃវិទ្យាស្ថានសុវត្ថិភាព AI ដែលសហរដ្ឋ
អាមេរិកបានបង្កើតឡើងនៅចុងឆ្នាំ ២០២៣ នោះឡើយ។ អនុប្រធាន Google លោក James Manyka បានគាំទ្រការផ្លាស់ប្តូរនេះ។

“ខ្ញុំគិតថា ចំណុចគួរឱ្យចាប់អារម្មណ៍មួយនៃកិច្ចប្រជុំកំពូលលើកនេះគឺការយកចិត្តទុកដាក់
កាន់តែខ្លាំងទៅលើឱកាសដែល AI នាំមកជូន។ ជារឿយៗមានការពិភាក្សាច្រើនពេកអំពីហានិភ័យ និងភាពស្មុគស្មាញនៃ AI ប៉ុន្តែមិនមានការពិភាក្សាគ្រប់គ្រាន់អំពីឱកាសរបស់ AI នោះទេ”។

ការផ្លាស់ប្តូរអាទិភាពនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះក៏ឆ្លុះបញ្ចាំងពីការប្រែប្រួលធំៗនៅក្នុងពិភពបច្ចេកវិទ្យា AI សកលក្នុងរយៈពេលកន្លងមកដែរ ជាពិសេសការលេចឡើងនៃ DeepSeek ដែលជាគំរូ AI ចេះនិពន្ធដោយមានប្រភពបើកចំហ មកពីប្រទេសចិនដែលត្រូវបានអភិវឌ្ឍន៍ក្នុងការចំណាយទាបជាងគំរូ AI ពីមុន (ដូចជា ChatGPT, Gemini, Mistral ... ) ប៉ុន្តែមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា។ យោងតាមអ្នកជំនាញ DeepSeek បានបើកឱកាសថ្មីៗជាច្រើនសម្រាប់ប្រទេសនានាក្នុងការអភិវឌ្ឍគំរូ AI ដោយមានភាពបត់បែនជាងមុន កាត់បន្ថយការពឹងផ្អែកលើសាជីវកម្មបច្ចេកវិទ្យាធំៗនៅជ្រលងភ្នំ Silicon (អាមេរិក) ដែលមានប្រៀបខ្លាំងលើសលុប ក្នុងធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធានមនុស្ស។ លោក Jamal Atif នាយកវិទ្យាសាស្ត្រនៃកម្មវិធីអាទិភាពជាតិបារាំង និងជាសាស្រ្តាចារ្យផ្នែក AI នៅសាកលវិទ្យាល័យ Paris-Dauphine បានធ្វើអត្ថាធិប្បាយថា៖

“បច្ចុប្បន្ននេះយើងមានគំរូប្រភពបើកចំហដែលដំណើរការបានយ៉ាងល្អ ដូចគំរូប្រភពបិទ ដែលជាប្រការគួរឲ្យរំភើបចិត្តខ្លាំងណាស់។ ប្រទេសចិន និងសមាជិករបស់ DeepSeek បានបង្ហាញថា យើងអាចធ្វើបាន ហើយថាយើងត្រូវការអ្នកដែលមានគំនិតល្អ និងអ្នកដែលមានទេពកោសល្យ។ នេះជាអ្វីដែលអឺរ៉ុបមានប្រៀបខ្លាំងដោយសារអឺរ៉ុបមាននិស្សិតដែលមានទេពកោសល្យច្រើន មានគំនិតល្អជាច្រើន និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យជាច្រើន”។

ភូមិសាស្ត្រនយោបាយ AI

ការចូលរួមរបស់ប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់ជាច្រើនមកពីជាងប្រទេសជាង ១០០ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក James David Vance និងឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing នៅក្នុងកិច្ចប្រជុំកំពូល AI ទីក្រុងប៉ារីសលើកនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ប្រធានបទសំខាន់មួយទៀតដែលអាចគ្របដណ្ដប់លើការពិភាក្សានៅទីក្រុងប៉ារីសនោះគឺភាពតានតឹងភូមិសាស្ត្រនយោបាយលើពិភពលោកនាបច្ចុប្បន្ន អាចជះឥទ្ធិពលទៅលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ AI លើសកលលោក។

ដូច្នេះហើយ នៅក្នុងកិច្ចប្រជុំកំពូលើកនេះ ភាគីនានាអាចជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ក្នុងការសម្រេចបានការសន្យា និងសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅអភិវឌ្ឍន៍ AI នាពេលខាងមុខ ជាពិសេសក្នុងទិដ្ឋភាពដូចជា៖ ការចូលប្រើដោយបើកចំហនឹងប្រភពទិន្នន័យ; AI បម្រើផលប្រយោជន៍សាធារណៈ; AI និងបរិស្ថាននិរន្តរភាព... កង្វល់ធំជាងនេះទៅទៀតគឺថា ភាពខុសគ្នាក្នុងគោលនយោបាយរវាងភាគីនានាអាចនាំឱ្យមានការបែកបាក់គ្នាខាងបច្ចេកវិទ្យា AI សកល នៅពេលដែលបណ្ដាប្រទេសអាចរារាំងឬហាមឃាត់បច្ចេកវិទ្យារបស់គ្នាទៅវិញទៅមក។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា៖

"ខ្ញុំគិតថា វាមិនត្រឹមត្រូវទេ ក្នុងការហាមឃាត់បច្ចេកវិទ្យា ព្រោះវាមកពីប្រទេសណាមួយ។ នោះមិនមែនជាវិធីអភិក្រមរបស់យើងខ្ញុំទេ។ ចំពោះបច្ចេកវិទ្យាទាំងអស់នៅលើពិភពលោកដែលមិនមែនមកពីអឺរ៉ុប យើងខ្ញុំនឹងពិនិត្យមើលទិដ្ឋភាពដ៏រស៊ើបទៅលើសន្តិសុខ និងអធិបតេយ្យភាពអឺរ៉ុប។ នោះគឺជាអ្វីដែលយើងខ្ញុំបានធ្វើទាក់ទងនឹងផ្នែកបច្ចេកវិទ្យា”។

សម្រាប់អឺរ៉ុប និងប្រទេសម្ចាស់ផ្ទះបារាំង កិច្ចប្រជុំកំពូល AI លើកនេះក៏ជាឱកាសដើម្បីបង្កើតសន្ទុះបច្ចេកវិទ្យាសម្រាប់តំបន់ នៅចំពោះមុខការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសហរដ្ឋអាមេរិក និងចិន។ នៅមុនកិច្ចប្រជុំកំពូល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសការវិនិយោគរហូតដល់ ១១៣ ពាន់លានដុល្លារអាមេរិកទៅក្នុងគម្រោង AI នៅបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទាំងនេះគឺជាការវិនិយោគមកពីអេមីរ៉ាតអារ៉ាប់រួម (UAE) កាណាដា សហរដ្ឋអាមេរិក និងសាជីវកម្មបច្ចេកវិទ្យាធំៗជាច្រើនរបស់បារាំងដូចជា Thales, Orange និង Illiad៕