សំណើបទឈប់បាញ់នេះគឺជាចំណុចស្នូលនៃការចរចារយៈពេលជាច្រើនម៉ោងនារសៀលថ្ងៃទី ១១ ខែមីនានៅទីក្រុង Jeddad រវាងគណៈប្រតិភូការទូតអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ជាមួយគណៈប្រតិភូអ៊ុយក្រែនតំណាងដោយប្រធានខុទ្ទកាល័យប្រធានាធិបតី លោក Andriy Yermak រដ្ឋមន្ត្រីការពារជាតិ លោក Rustem Andriyrov និងរដ្ឋមន្ត្រីការបរទេស លោក Andriy Sybiha។

ទិដ្ឋភាពនៃការចរចារវាងគណៈប្រតិភូអាមេរិក និងគណៈប្រតិភូអ៊ុយក្រែននៅទីក្រុង Jeddah នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

បទឈប់បាញ់យ៉ាងទូលំទូលាយ

យោងតាមសំណើដែលសហរដ្ឋអាមេរិកបានដាក់ចេញ បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនឹងត្រូវបានអនុវត្តដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចបង្កើនសកម្មភាពការទូតដើម្បីបញ្ឈប់ជម្លោះ។ បទឈប់បាញ់នេះអាចត្រូវបានពន្យាពេលដោយកិច្ចព្រមព្រៀងរបស់ភាគីពាក់ពន្ធ។ ភាគីអាមេរិកបានសន្យាថានឹងពិភាក្សាលើសំណើជាក់លាក់ទាំងនេះជាមួយតំណាងភាគីរុស្ស៊ី ខណៈដែលគណៈប្រតិភូអ៊ុយក្រែនបានសង្កត់ធ្ងន់ថាដៃគូអឺរ៉ុបត្រូវការអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការចរចាសន្តិភាព។ នៅក្នុងសេចក្តីប្រកាស បន្ទាប់ពីកិច្ចចរចាបានបញ្ចប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលមានវត្តមាននៅក្នុងទីក្រុង Jeddad ប៉ុន្តែមិនបានចូលរួមក្នុងការចរចា បានប្រកាសទទួលយកសំណើរឈប់បាញ់ ប៉ុន្តែបានសង្កត់ធ្ងន់លើលក្ខខណ្ឌគឺភាគីរុស្ស៊ីត្រូវតែយល់ព្រមផងដែរ ហើយបទឈប់បាញ់ត្រូវមានលក្ខណៈទូលំទូលាយ រួមទាំងសកម្មភាពយោធាទាំងអស់នៅលើអាកាស លើសមុទ្រ និងនៅលើដីគោក។

"អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកថានេះជាសកម្មភាពវិជ្ជមាន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តន៍ការបោះជំហាននេះ។ ភាគីអាមេរិកចាំបាច់ត្រូវបញ្ចុះបញ្ចូលរុស្ស៊ីឱ្យអនុវត្តដូចគ្នា។ យើងខ្ញុំយល់ព្រម ហើយប្រសិនបើរុស្ស៊ីក៏យល់ព្រម បទឈប់បាញ់នឹងចូលជាធរមានភ្លាមមួយរំពិច”។

ជាមួយនឹងការដែលអ៊ុយក្រែនទទួលយកសំណើបទឈប់បាញ់ និងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាបឋមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន រដ្ឋបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបន្តផ្តល់ជំនួយផ្នែកយោធានិងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសើរការវិវឌ្ឍន៍នេះ ហើយបានអះអាងថា លោកនឹងពិភាក្សាយ៉ាងឆាប់រហ័សជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យទទួលយកសំណើបទឈប់បាញ់។ លោក Donald Trump បានសង្កត់ធ្ងន់ថា៖ “ខ្ញុំនឹងពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin។ ត្រូវមានការយល់ព្រមពីភាគីទាំងសង្ខាង់ទើបសម្រេចបានការងារនេះ ដូច្នេះខ្ញុំសង្ឃឹមថាលោក Putin នឹងយល់ព្រម។ ខ្ញុំពិតជាគិតថា យើងសម្រេចបាន ៧៥% ហើយ អ្វីដែលនៅសល់គឺគ្រាន់តែជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ និងការចរចាលើបញ្ហាដែនដីប៉ុណ្ណោះ”។

“គ្រាប់បាល់” គឺនៅខាងភាគីរុស្ស៊ី

សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់អាមេរិកនិងអ៊ុយក្រែនទទួលបានមតិវិជ្ជមានពីសហគមន៍អន្តរជាតិ។ មេដឹកនាំអឺរ៉ុបជាច្រើន រួមមាន៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer; ប្រធានាធិបតីបារាំង លោក Emmanuel Macron; នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk... បានវាយតម្លៃសំណើនេះថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។

សម្ពាធការទូតឥឡូវនេះ ស្ថិតនៅខាងភាគីរុស្ស៊ី។ ប្រសិនបើទីក្រុងម៉ូស្គូមិនយល់ព្រម ឬពន្យារពេលសំណើបទឈប់បាញ់ នោះទំនាក់ទំនងដែលកំពុងប្រសើរឡើងរវាងរុស្ស៊ី និងអាមេរិក នឹងប្រឈមមុខនឹងការខូចខាត។ នេះក៏ជាការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីការចរចាជាមួយអ៊ុយក្រែននៅទីក្រុង Jeddad នៅពេលដែលលោកបានសង្កត់ធ្ងន់ថា "គ្រាប់បាល់កំពុងស្ថិតនៅខាងភាគីរុស្ស៊ី" ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បានសន្តិភាពភ្លាមមួយរំពិច ដូច្នេះហើយ រដ្ឋបាលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបានគោលដៅនេះ។

“ភាគីអ៊ុយក្រែនបានទទួលយកបទឈប់បាញ់ ហើយចាប់ផ្តើមការចរចា។ ឥឡូវនេះ គឺអាស្រ័យលើការយល់ព្រមឬអត់ របស់ភាគីរុស្ស៊ី ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងយល់ព្រម នៅពេលនោះ យើងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង។ បើពួកគេមិនយល់ព្រម យើងសុទ្ធតែដឹងពីបញ្ហាប្រឈមនឹងសន្តិភាពយ៉ាងដូចម្តេច។ ប៉ុន្តែលោកប្រធានាធិបតី (Donald Trump) បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បានបទឈប់បាញ់ ហើយចង់បញ្ឈប់ការសម្លាប់គ្នាទាំងឡាយ”។

យោងតាមអ្នកសង្កេតការណ៍ សំណើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ដោយរុស្ស៊ី ជាពិសេសនៅក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលនៅតែវិវត្តន៍យ៉ាងខ្លាំងក្លាលើសមរភូមិជាច្រើន ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានប្រជាជនរុស្ស៊ីកុំឱ្យសប្បាយចិត្តពេក ចំពោះវិធានការវិជ្ជមាននាពេលថ្មីៗពីរដ្ឋាភិបាលអាមេរិក ហើយត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ស្ថានភាពអាក្រក់បំផុត។ លោក Peskov ក៏បានបញ្ជាក់ថា រាល់សកម្មភាពការទូតរបស់ភាគីទាំងអស់នាពេលថ្មីៗនេះ រួមទាំងការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននៅទីក្រុង Jeddad គ្រាន់តែជាការស្វែងយល់ពីចេតនាដំបូងរបស់ភាគីនានា ប៉ុន្តែមិនទាន់មានការចរចាពិតប្រាកដណាមួយឡើយ។ ដូច្នេះហើយ អ្នកនាំពាក្យវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា កងទ័ពរុស្ស៊ីនឹងបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីបំពេញរាល់ភារកិច្ចដែលបានកំណត់ ហើយការចរចានឹងកើតមាននៅពេលក្រោយ៕