ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន កាលពីថ្ងៃទី ៤ ខែកុម្ភៈ។ (រូបថត៖ Anadolu Agency/VNA)

កាលពីថ្ងៃទី៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យសហគមន៍អន្តរជាតិរង្គោះរង្គើ នៅពេលដែលលោកបានប្រកាសថា សហរដ្ឋអាមេរិក នឹងទទួលកាន់កាប់ និងមានកម្មសិទ្ធិលើតំបន់ហ្គាហ្សា។ កាយវិកាថ្មីនេះ មានហានិភ័យ ធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ស្ថានការណ៍នៅហ្គាហ្សា ក្នុងបរិបទដែល ជម្លោះដ៏ឃោឃៅក្នុងរយៈពេល ១៦ ខែកន្លមកនៅក្នុងទឹកដីនេះ មិនទាន់រកឃើញ ដំណោះស្រាយប្រកបដោយនិរន្តរភាពនៅឡើយ។

សេចក្តីប្រកាសដ៏ចម្រូងចម្រាស

យោងតាមសេចក្តីប្រកាសដែលធ្វើឡើងដោយលោក Donald Trump ហើយក្រោយមកបានពន្យល់កាន់តែច្បាស់ដោយមន្ត្រីការទូតអាមេរិក ផែនការរបស់សហ រដ្ឋអាមេរិកក្នុងការកាន់កាប់តំបន់ហ្គាហ្សាគឺមកពី “សុច្ឆន្ទៈ” របស់ប្រធានាធិបតីអាមេរិក នៅពេលដែលលោកចង់គាំទ្រដល់ដំណើរការកសាងឡើងវិញនូវទឹកដីដែលរងការ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយជម្លោះដែលបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងចលនា ហាម៉ាសចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា រដ្ឋបាលអាមេរិកមិនមានគម្រោងបណ្តេញជនស៊ីវិល ប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាជារៀងរហូតនោះទេ ប៉ុន្តែត្រឹមតែជា "បណ្តោះអាសន្ន" ប៉ុណ្ណោះ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ក៏បាននិយាយថា សហរដ្ឋអាមេរិកទំនងជាមិនដាក់ពង្រាយកងទ័ពនៅទីនេះទេ។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកស្តីពីតំបន់ ហ្គាហ្សា នៅតែបណ្ដាលឲ្យមានប្រតិកម្មខ្លាំងនៅក្នុងសហគមន៍អន្តរជាតិ។ ប្រទេស ភាគច្រើនលើពិភពលោក រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនរបស់អាមេរិក បានប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងចេតនារបស់សហរដ្ឋអាមេរិកក្នុងការកាន់កាប់តំបន់ហ្គាហ្សា ហើយបញ្ជាក់ថា ដំណោះស្រាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់ ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាគឺ "ដំណោះស្រាយរដ្ឋពីរ" ដោយរដ្ឋប៉ាឡេស្ទីន គង់វង្សក្នុងសន្តិភាព និងសន្តិសុខជាមួយរដ្ឋអ៊ីស្រាអែលដោយទន្ទឹមគ្នា។

យោងតាមអ្នកសង្កេតការណ៍ សេចក្តីប្រកាសរបស់លោក Donald Trump គឺមិន ធ្លាប់មានពីមុនមកឡើយ។ លោក Brian Katulis អ្នកជំនាញនៅវិទ្យាស្ថានមជ្ឈិមបូព៌ា (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា គំនិតរបស់ប្រធានាធិបតីអាមេរិកគឺមិនធ្ងន់ធ្ងរទេ៖

“ខ្ញុំគិតថា វាស្ទើរតែប្រាកដណាស់ថា មិនមានផែនការនៅពីក្រោយការប្រកាស នេះទេ ហើយប្រសិនបើមាន នោះ ក៏វាមិនមានទំនាក់ទំនងជាមួយការពិតជាក់ស្ដែង បច្ចុប្បន្ននៅមជ្ឈិមបូព៌ានោះទេ។ ប្រាកដណាស់ថា មិនមានការពិគ្រោះយោបល់ ជាមួយប៉ាឡេស្ទីន ឬប្រទេសជិតខាងដូចជាអេហ្ស៊ីប និងហ្ស៊កដានី ដែលបានប្រឆាំង ជំទាស់នឹងជំហានដំបូងក្នុងផែនការរបស់លោក Donald Trump ក្នុងការផ្លាស់ទីលំនៅ ប្រជាជនប៉ាឡេស្ទីនទាំងអស់ពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសទាំងនេះ”។

ហានិភ័យដល់ភាគីទាំងអស់

ទោះបីជាអ្នកសង្កេតការណ៍ភាគច្រើនចាត់ទុកថា ផែនការរបស់អាមេរិកក្នុងការកាន់កាប់តំបន់ហ្គាហ្សានឹងប្រឈមមុខនឹងឧបសគ្គផ្លូវច្បាប់ជាច្រើន ហើយដើរផ្ទុយទៅ នឹងការពិតភូមិសាស្ត្រនយោបាយក្នុងតំបន់ក៏ដោយ ប៉ុន្តែអ្នកជំនាញខ្លះក៏ជឿថា ប្រសិន បើប្រធានាធិបតីអាមេរិកលោក Donald Trump មានភាពធ្ងន់ធ្ងរចំពោះផែនការនេះ ទំនងជាគ្មានកម្លាំងណាមួយដែលអាចរារាំងបានឡើយ។ យោងតាមអ្នកជំនាញ Benjamin Radd ប្រសិនបើរដ្ឋបាលរបស់លោក Donald Trump ទទួលបានការគាំទ្រពី ប្រទេសអារ៉ាប់សំខាន់ៗមួយចំនួនដូចជា អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម (UAE) ផែនការអាចត្រូវបានអនុវត្តន៍សំដៅប្រែក្លាយតំបន់ហ្គាហ្សា ទៅជា "Riviera នៃមជ្ឈិមបូព៌ា" ដូចដែល លោក Donald Trump បានប្រកាស ពោលគឺ តំបន់មួយដែល ទទួលការវិនិយោគយ៉ាងខ្លាំងក្លាដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ សេវាកម្ម និង ទេសចរណ៍អន្តរជាតិដូច តំបន់ Riviera ជាប់សមុទ្រមេឌីទេរ៉ាណេនៅភាគខាងត្បូង ប្រទេសបារាំង និងភាគខាងជើងនៃប្រទេសអ៊ីតាលីអញ្ចឹង។ អ្វីដ៏សំខាន់នោះគឺផែនការរបស់ប្រធានាធិបតីអាមេរិកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សនយោបាយនៅប្រទេសអ៊ីស្រាអែល។ កាលពីថ្ងៃទី៦ ខែកុម្ភៈ រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនត្រៀមរៀបចំសម្រាប់ការផ្លាស់ទីជនស៊ីវិលប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។

ការវិវឌ្ឍន៍បច្ចុប្បន្នបង្កហានិភ័យដល់ភាគីទាំងអស់ ជាពិសេសចំពោះជនស៊ីវិល ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាក្តីសង្ឃឹមសម្រាប់ការអនុវត្តដំណាក់កាលទីពីរនៃ បទឈប់បាញ់នៅហ្គាហ្សាផងដែរ។ យោងតាមសាស្ត្រាចារ្យ James Gelvin ការព្រួយ បារម្ភរបស់ប្រទេសអារ៉ាប់នានាអំពីផែនការរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើឱ្យទំនាក់ទំនងការទូតក្នុងតំបន់ ដែលមានភាពផុយស្រួយរួចទៅហើយ រឹតតែពិបាកក្នុង ការរក្សា។

“បណ្តាប្រទេសនៅមជ្ឈិមបូព៌ាកំពុងមានប្រតិកម្មយ៉ាងខ្លាំង។ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់យ៉ាងច្បាស់ថា គេចង់មានដំណោះស្រាយរដ្ឋពីរ ខណៈដែលអេហ្ស៊ីប និងហ្ស៊កដានី បានបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេមិនចង់ទទួលយកជនភៀស ខ្លួនប៉ាឡេស្ទីនទេ។ ដូច្នេះសម្រាប់ពិភពអារ៉ាប់ វាជារឿងមិនអាចធ្វើសម្បទានបាន”។

សម្រាប់សហរដ្ឋអាមេរិកខ្លួនឯង ផែនការកាន់កាប់តំបន់ហ្គាហ្សា ក៏អាចបង្កហានិភ័យជាច្រើនដែរ។ យោងតាមអ្នកសង្កេតការណ៍ ដើម្បីទទួលកាន់កាប់តំបន់ ហ្គាហ្សាទាំងស្រុងក្នុងបរិបទនៃជម្លោះបច្ចុប្បន្ន អាមេរិកនឹងត្រូវដាក់ពង្រាយកម្លាំង យោធាទ្រង់ទ្រាយធំ ដែលមានទាហាន និងយុទ្ធភ័ណ្ឌរាប់ពាន់ ដើម្បីល្បាត យាមកាម និងត្រៀមខ្លួនប្រយុទ្ធ។ នេះជាប្រការដែលលោកប្រធានាធិបតី Donald Trump ប្រាប់អ្នកបោះឆ្នោតក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតថា លោកចង់ចៀសវាង។ ក្រៅពីនោះ វត្តមានរបស់កងកម្លាំងយោធាអាមេរិកនៅតំបន់ហ្គាហ្សា អាចបង្កឱ្យមាន ការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងពួកគេ និងក្រុមហាម៉ាស ឬអ៊ីរ៉ង់ និងក្រុមជីវពល ក្នុងតំបន់ ហើយមានហានិភ័យរុញច្រានសហរដ្ឋអាមេរិកចូលទៅក្នុងជម្លោះថ្មីមួយ៕