បណ្តាសមាជិកសភាបានប្រជុំការងារប្រកបដោយប្រសិទ្ធភាព បញ្ចប់កម្មវិធីនៃដំណាក់កាលទី១ សម័យប្រជុំលើកទី៩ ដោយស្មារតីសកម្ម និងការទទួលខុសត្រូវ។
សម័យប្រជុំនាថ្ងៃទី ២៩ ឧសភា។ រូបថត៖ quochoi.vn |
ផ្តោតសំខាន់លើការសុក្រិតរបៀបរបបដើម្បីបង្រួមក្បាលម៉ាស៊ីនដឹកនាំ
ក្នុងសប្តាហ៍ធ្វើការដំបូង ចំណុចសំខាន់បំផុតគឺរដ្ឋសភាបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តចំនួនពីរ ដោយពិចារណាធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងបង្កើតគណៈកម្មាធិការរៀបចំសេចក្តីព្រាងវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ លទ្ធផលគឺ សមាជិកសភាមានវត្តមានបោះឆ្នោតគាំទ្រទាំង ១០០%។ ប្រការនេះបង្ហាញពីឆន្ទៈនយោបាយដ៏ខ្លាំងក្លា និងការឯកភាពរបស់រដ្ឋសភាក្នុងការប្តេជ្ញាចិត្តកសាងនិងសុក្រិតរៀបរបបនៃរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ។សមាជិកសភា Nguyen Tao គណៈប្រតិភូ Lam Dong បានឲ្យដឹងថា៖ “យើងកំពុងផ្លាស់ប្តូរទម្រង់ក្បាលម៉ាស៊ីនដឹកនាំយ៉ាងរលូន ពីទម្រង់អាជ្ញាធរមូលដ្ឋាន ៣ កម្រិត ទៅទម្រង់អាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ដើម្បីធ្វើបាន យើងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ចាប់តាំងពីយើងបានអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សមក យើងមានកម្មវិធីជាក់ស្តែងមួយរបស់រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់នេះ ដើម្បីវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាមួយនឹងផែនទីបង្ហាញផ្លូវរៀបចំយ៉ាងម៉ត់ចត់ និងតឹងរ៉ឹង”។
ក៏ក្នុងដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ៩ ដើម្បីអនុវត្តន៍ជាក់ស្តែង តាមសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយស្តីពីសេដ្ឋកិច្ចឯកជន រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដែលមានការស្រុះចិត្តគំនិតពីសមាជិកសភាចំនួន ៩៨,៨៥%។ ដូច្នោះហើយនៅឆ្នាំ ២០២៥ ពេលវេលាសម្រាប់ដំណើរការនីតិវិធីរដ្ឋបាលនឹងត្រូវកាត់បន្ថយយ៉ាងហោចណាស់ ៣០% ការចំណាយលើការអនុលោមតាមច្បាប់នឹងត្រូវកាត់បន្ថយ ៣០% ហើយលក្ខខណ្ឌអាជីវកម្មនឹងត្រូវកាត់បន្ថយ ៣០%។ សមាជិកសភា Nguyen Ngoc Son គណៈប្រតិភូ Hai Duong បានសង្កត់ធ្ងន់ថា៖ “ការចេញផ្សាយសេចក្តីសម្រេចចិត្តមួយសំដៅកែទម្រង់យន្តការអភិវឌ្ឍន៍ ស្របតាមសេចក្តីសម្រេចចិត្តរបស់មជ្ឈិម គឺជារបកគំហើញដ៏រឹងមាំ ហើយសហគ្រាសជាមជ្ឈមណ្ឌល ក៏ជួយសហគ្រាសឯកជនលើកកម្ពស់ការអភិវឌ្ឍ រួមចំណែកដល់កំណើន GDP របស់ប្រទេសជាតិ”។
បណ្តាសមាជិកសភាក្នុងសម័យប្រជុំនាថ្ងៃទី ២៩ ឧសភា។ រូបថត៖ quochoi.vn |
សញ្ញាសម្គាល់នូវគោលនយោបាយស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន
ក្នុងដំណាក់កាលទី១ នៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការលើកលែងនិងឧបត្ថម្ភថ្លៃសិក្សាដល់កុមារមត្តេយ្យសិក្សា សិស្សានុសិស្ស និងអ្នកដែលសិក្សាកម្មវិធីអប់រំចំណេះដឹងទូទៅនៅតាមគ្រឹះស្ថានអប់រំក្នុងប្រព័ន្ធអប់រំជាតិ។ ប្រតិភូភាគច្រើនបញ្ជាក់ថា នេះជាគោលនយោបាយត្រឹមត្រូវ ចំតម្រូវការ ព្រោះនោះជាការវិនិយោគសម្រាប់អនាគត។ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Kim Son បានឲ្យដឹងថា៖ “បច្ចុប្បន្ន មានខេត្ត ក្រុងនិងតំបន់ចំនួន ១០ នៅទូទាំងប្រទេស ដែលបានលើកលែងថ្លៃសិក្សា។ សម្រាប់មូលដ្ឋានដែលមិនទាន់គណនាបាន មជ្ឈិមនឹងជួយឧបត្ថម្ភ។ ទឹកប្រាក់សរុបជាង ៣០.០០០ ពាន់លានដុង ដែលបានគណនានៅទីនេះបានគិតគូរដល់ចំនួនទាំងអស់ ដែលនឹងត្រូវទូទាត់សម្រាប់ ខេត្ត ក្រុងមិនទាន់គណន័យបាន”។
បណ្តាសមាជិកសភាគណៈប្រតិភូក៏បានផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភា ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម អំពីសកលកម្មការអប់រំមត្តេយ្យសិក្សាជាសកលសម្រាប់កុមារអាយុពី ៣ ទៅ ៥ឆ្នាំ; គោលនយោបាយវិនិយោគសម្រាប់គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Quy Nhon - Pleiku...។
ទន្ទឹមនឹងការពិភាក្សាលើសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងសេចក្តីសម្រេចនោះ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តកាត់បន្ថយអាណត្តិរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នីតិកាលទី ១៥ អាណត្តិ ២០២១ - ២០២៦។ ធ្វើការវាយតម្លៃទូទៅ សមាជិកសភា Nguyen Anh Tri គណៈប្រតិភូទីក្រុងហាណូយ បានឲ្យដឹងថា៖ “ការសម្របសម្រួលនៅក្នុងក្រុមពិភាក្សា និងសូម្បីតែនៅក្នុងសាលប្រុំ Dien Hong មានភាពបត់បែនខ្លាំង។ សមាជិកសភាក៏បានរៀបចំផ្នត់គំនិតសម្រាប់សម័យប្រជុំពិសេសនេះផងដែរ ដូច្នេះនៅពេលដែលមានការផ្លាស់ប្តូរបែបនេះ យើងមានផាសុកភាព និងមានភាពវិជ្ជមានខ្លាំងណាស់ក្នុងការទទួលយកការផ្លាស់ប្តូរដើម្បីបំពេញការងារឱ្យបានល្អ។ សមាជិកសភាបានលើកមតិកាន់តែច្បាស់ មានមតិច្រើនជាង ហើយបានទៅត្រង់ចំណុច”។
ដោយស្មារតីប្រញាប់ប្រញាល់និងការទទួលខុសត្រូវ រដ្ឋសភាបានបង្ហើយយ៉ាងល្អប្រសើរនូវខ្លឹមសារស្របតាមកម្មវិធីដែលបានកំណត់ក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៩៕


