នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។

នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕