លោកនាយករដ្ឋមន្រ្តីហ្វាម មិញជីញ ជួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។ លោកប្រធានាធិបតី Rumen Radev បានឯកភាពលើសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អំពីវិធានការសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការពង្រឹង រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ៥០០ លានដុល្លារអាមេរិកនាពេលខាងមុខ; ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ដែលជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដែលជាវិស័យមួយដោយមានសក្តានុពលជាច្រើន; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU); ពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន និងសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥) នៅឆ្នាំក្រោយ។

លោកប្រធានាធិបតី Rumen Radev បានអះអាងថា នឹងជំរុញបណ្តាប្រទេស EU ដែលនៅសេសសល់ ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឲ្យឆាប់ដក “កាតលឿង” (IUU) សម្រាប់ការនាំចេញជលផលវៀតណាមទៅទីផ្សារសហភាពអឺរ៉ុប។

លោកប្រធានាធិបតី Rumen Radev បានវាយតម្លៃថា វៀតណាមជាទីផ្សារដ៏មានសក្តានុពលបំផុតរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ ហើយឲ្យដឹងថា សហគ្រាសប៊ុលហ្គារីឈានមុខគេជិត ៣០ បានអមដំណើរលោកក្នុងដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម ហើយនឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ប៊ុលហ្គារី ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ២៧ ខែវិច្ឆិកា៕