នាព្រឹកថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការងារត្រៀមរៀបចំសម្រាប់ការអនុវត្តគម្រោងសាងសង់ឃ្លាំងស្តុកប្រេងឆៅជាតិនៅ Nghi Son (ខេត្តថាញ់ហ័រ) សំដៅរួមចំណែកអនុវត្តន៍ផែនការមេហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបម្រុងទុកនិងការផ្គត់ផ្គង់ប្រេងឧស្ម័នជាតិដំណាក់កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា ការសាងសង់ឃ្លាំងស្តុកប្រេងឆៅមានមូលដ្ឋាននយោបាយ មូលដ្ឋានផ្លូវច្បាប់ មូលដ្ឋានជាក់ស្តែង និងផែនការមេយ៉ាងពេញលេញ។ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង និងអង្គភាពពាក់ព័ន្ធ។ ក្នុងនោះ ក្រុមហ៊ុន Petrovietnam នឹងធ្វើជាអធិបតីនិងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ និងខេត្តថាញ់ហ័រ ក្នុងការសាងសង់ឃ្លាំងស្តុកប្រេងឆៅភ្លាមៗនៅ Nghi Son ដើម្បីបម្រើដោយផ្ទាល់ដល់រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Nghi Son និងបម្រើដល់ការបម្រុងទុករបស់ប្រទេសជាតិផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បន្តដឹកនាំ ស្រាវជ្រាវ និងអនុវត្តន៍ការសាងសង់ឃ្លាំងស្តុកប្រេងសាំងនិងប្រេងឆៅផ្សេងទៀតនៅ Dung Quat (ខេត្ត ក្វាងង៉ាយ) Long Son (ទីក្រុងហូជីមិញ) និងតំបន់ផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការអំពីការធានាសន្តិសុខ និងសុវត្ថិភាព រួមទាំងក្នុងករណីកើតមានឧប្បត្តិហេតុពិសេស ហើយធានាប្រសិទ្ធភាពនៃគម្រោងផងដែរ។ ក្នុងស្មារតីលើកទឹកចិត្តការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស Petrovietnam បន្តធ្វើការជាមួយដៃគូនានាដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈ ដែលបម្រើកំណើនសេដ្ឋកិច្ចពីរខ្ទង់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង បម្រើវិស័យការពារជាតិ សន្តិសុខ ព្រមទាំងរួមចំណែកនាំប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលថាមពលមួយក្នុងតំបន់ និងលើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ