ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាមលោក ង្វៀន ហ័រ ប៊ិញ បានស្នើឱ្យអ្នកម៉ៅការត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងនូវគុណភាពសំណង់។ រូបថត៖ Thanh Thang/VOV

នារសៀលថ្ងៃទី ៦ មិថុនា នៅខេត្ត Binh Dinh ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាមលោក ង្វៀន ហ័រ ប៊ិញ បានចុះត្រួតពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងសមាសភាគ Quy Nhon - Chi Thanh និងស្តាប់របាយការណ៍វឌ្ឍនភាពអំពីគម្រោងផ្លូវល្បឿនលឿន Hoa Lien - Tuy Loan, Quang Ngai - Hoai Nhon, Hoai Nhon - Quy Nhon នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងតំបន់ប៉ែកខាងកើតដំណាក់កាល ២០២១-២០២៥។ នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ ង្វៀន ហ័រប៊ិញ បានសាកសួរសុខទុក្ខ និងលើកទឹកចិត្តកម្មករកម្មការិនីដែលកំពុងធ្វើការផ្ទាល់នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿន Quy Nhon - Chi Thanh; ស្នើឱ្យអ្នកម៉ៅការត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវគុណភាពគម្រោង ដោះស្រាយការលំបាក និងពន្លឿនដំណើរការគម្រោង។

“ទីតាំងដែលមានលក្ខណៈភូមិសាស្ត្រពិបាក ក៏ត្រូវតែខិតខំព្យាយាមបន្ថែមទៀតដើម្បីពន្លឿនដំណើរការ។ ចំណែកឯសម្ភារៈ និងការលំបាកផ្សេងទៀតនឹងត្រូវបានស្តាប់និងដោះស្រាយ។ បងប្អូននៅការដ្ឋានសំណង់គួរតែលើកទឹកចិត្តគ្នាទៅវិញទៅមកតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ធ្វើការទាំងយប់ទាំងថ្ងៃ ៣វេន ៤ក្រុម។ មានតម្រូវការមួយទៀតគឺត្រូវធ្វើការឲ្យបានលឿន ប៉ុន្តែមិនត្រូវរំលងដំណើរការបច្ចេកទេសណាមួយឡើយ ដើម្បីធានាគុណភាព”៕