មុននោះ ក្រុម ហេសបូឡា ក៏បានប្រកាសពីការបាញ់បង្ហោះមីស៊ីល និងប្រើប្រាស់ UAVs ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពអាកាស Mishmar al-Karmel និងទីធ្លាដាក់មីស៊ីលមួយកន្លែងនៅភាគខាងត្បូងទីក្រុង Haifa នៃប្រទេសអ៊ីស្រាអែល។

ផ្សែងហុយឡើងពីទីក្រុង Rosh Pina ភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់កងកម្លាំង ហេសបូឡា នៅថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ក្រៅពីមូលដ្ឋានយោធា គោលដៅនៃការវាយប្រហាររបស់ក្រុមហេសបូឡាកាលពីថ្ងៃទី ២៣ វិច្ឆិការ ក៏ជាកន្លែងតាំងទីលំនៅ Avivim នៅភាគខាងជើងប្រទេសអ៊ីស្រាអែលផងដែរ។ នៅក្នុងសមរភូមិភាគខាងត្បូងនៃប្រទេសលីបង់ ក្រុមហេសបូឡាបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលចំនួនបីលើទីតាំងរបស់យោធាអ៊ីស្រាអែលនៅក្នុងទីប្រជុំជន Deir Mimas និង Khiam ហើយបានប៉ះទង្គិចដោយផ្ទាល់ជាមួយទាហានអ៊ីស្រាអែលនៅក្នុងទីប្រជុំជន al-Bayada។

ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងលើតំបន់ផ្សេងៗគ្នាជាច្រើននៅភាគខាងកើត ខាងត្បូង និងជាយក្រុង Beirut របស់ប្រទេសលីបង់។ យោងតាមក្រសួងសុខាភិបាលលីបង់ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៣ វិច្ឆិកា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់ និងជាង ៧០ នាក់ផ្សេងទៀតរងរបួស។ ជាពិសេស ការវាយឆ្មក់នៅតំបន់ Baalbek នៃជ្រលងភ្នំ Beqaa ភាគខាងកើតប្រទេសលីបង់ កាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា បានបណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់។ យោងតាមក្រសួងសុខាភិបាលលីបង់ យុទ្ធនាការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ក្នុងអំឡុងពេល១ឆ្នាំកន្លងមក បានបណ្តាល់ឲ្យមនុស្សប្រហែល ៣.៧០០នាក់ស្លាប់ ក្នុងនោះមានកុមារ ២៤០ នាក់ និងស្ត្រីជាង ៧០០ នាក់ និងមនុស្សជាង ១៥.០០០ នាក់ផ្សេងទៀតរងរបួស៕