IDF បានបញ្ជាក់ថា មុនពេលការវាយឆ្មក់ ពួកគេបានបង្ហោះការជូនដំណឹង ទាមទារឱ្យប្រជាជនជម្លៀសចេញពីតំបន់ជាគោលដៅនៃការវាយប្រហារ។ ក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃទី ២២ វិច្ឆិការ បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល ប៉ុន្តែបានឲ្យដឹងថា ខ្លួនបានកត់ត្រាការស្លាប់រហូតដល់ ៥២ នាក់ដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃទី ២១ វិច្ឆិការ។
ផ្ទុយទៅវិញ ក្រុមហេសបូឡាហ៍បានធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនជាច្រើនលើក ដើម្បីវាយប្រហារលើទីតាំងផ្សេងៗគ្នា ក្នុងតំបន់ចំនួនពីរគឺ Galilee ខាងលិច និងតំបន់ Haifa នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ មីស៊ីលភាគច្រើនរបស់ហេសបូឡាហ៍ ត្រូវបានបាញ់ទម្លាក់ដោយបណ្តាញការពារដែនអាកាសរបស់អ៊ីស្រាអែល ឬធ្លាក់ចូលទៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ ហើយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ ទន្ទឹមនឹងនោះ កងទ័ពជើងគោករបស់អ៊ីស្រាអែល និងខ្មាន់កាំភ្លើងហេសបូឡាហ៍ក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅសមរភូមិលីបង់ភាគខាងត្បូងផងដែរ។
នៅក្នុងការអភិវឌ្ឍន៍ពាក់ព័ន្ធមួយ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី លោកស្រី Najat Rochdi បានព្រមានពីការកើនឡើងគួរឱ្យកត់សម្គាល់នៃបរិមាណការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរី ក៏ដូចជាអំពើហិង្សានៅក្នុងប្រទេសនេះ៕
