ប្រទេសអារ៉ាប់ដូចជា អេមីរ៉ាតអារ៉ាប់រួម (UAE) កាតា គុយវ៉ែត និងហ្ស៊កដានី បានស្វាគមន៍ចំពោះតួនាទីសម្របសម្រួលរបស់អារ៉ាប៊ីសាអូឌីត ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រធានាធិបតីប៉ាឡេស្ទីនក៏បានសរសើរលើកិច្ចពិភាក្សានេះដែរ ដោយនិយាយថា នេះជាចំណុចកំពូលនៃគោលនយោបាយដ៏ឈ្លាសវៃដែលបានអនុវត្តដោយអារ៉ាប៊ីសាអូឌីត។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទួរគី បានសម្តែងនូវ "ការភ្ញាក់ផ្អើល" នៅពេលដែលលោកបានដឹងអំពីកិច្ចពិភាក្សារុស្ស៊ី-អាមេរិក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ លោកបានបញ្ជាក់ម្តងទៀតថា ទាំងទួរគី និងអឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការពិភាក្សាអំពីអនាគតអ៊ុយក្រែន។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិហូឡង់ Ruben Brekelmans ក៏បានបញ្ជាក់នៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា "មិនអាចមានការចរចាអំពីស្ថានភាពនៅអ៊ុយក្រែនបានទេ បើគ្មានការចូលរួមពីតំណាងមកពីអ៊ុយក្រែន។ អឺរ៉ុបត្រូវតែចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សា”។

សម្រាប់ខ្លួនវិញ ប្រធានាធិបតីបារាំង Emmanuel Macron បានឲ្យដឹងថា ការសន្ទនារវាងមហាអំណាចទាំងពីរ គឺជាសញ្ញាវិជ្ជមាន។ ទោះយ៉ាងណា លោកក៏បានសង្កត់ធ្ងន់ថា អឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងដំណើរការនេះ៕