នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន សង្ឃឹមថា ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនវៀតណាម សម្តេច ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តពង្រឹងការងារអប់រំនិងផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ ក៏ដូចជាបានឃើញយ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការអភិរក្ស និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ; បន្តរីកសាយភាយចលនា «បណ្តុះមិត្តភាព» ដែលសមាគមទាំងពីរបានអនុវត្តនាពេលកន្លងទៅ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន បានទទួលជួបជាមួយ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេច ម៉ែន សំអន។ រូបថត៖ Le Tuyet/VOV1

ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ និងគាំទ្រដំណោះស្រាយជំនះការលំបាករបស់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ជួយពួកគេមានជីវភាពរស់នៅស្ថិរភាព និងធ្វើសមាហរណកម្មទៅប្រទេសសាមី; ទន្ទឹមនឹងនោះ បន្តគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។

ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ Le Tuyet/VOV1

ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចម៉ែន សំអន បានអះអាងថា បក្ស រដ្ឋ និងប្រជាជនកម្ពុជា មិនដែលបំភ្លេចការជួយគាំទ្រដោយស្មោះស្ម័គ្ររបស់វៀតណាមក្នុងអតីតកាល និងបច្ចុប្បន្នកាលឡើយ។ សម្តេច ម៉ែន សំអន ក៏បានបញ្ជាក់ថា នឹងពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរ តាមស្មារតីដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា៕