កិច្ចចរចាបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ កន្លះព្រឹកថ្ងៃទី១៨ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅសណ្ឋាគារ Diriyah Palace ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ គណៈប្រតិភូអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ចំណែកភាគីរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov។ ខាងភាគីប្រទេសម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់លោក Faisal bin Farhan Al Saud និងទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក Mosaad bin Mohammad Al-Aiban ក៏បានចូលរួមផងដែរ។

គណៈប្រតិភូអាមេរិក និងរុស្ស៊ីនៅបន្ទប់ប្រជុំនៃវិមាន Diriyah ក្នុងទីក្រុង Riyadh នាថ្ងៃទី១៨ ខែកុម្ភៈ សម្របសម្រួលដោយមន្ត្រីអារ៉ាប៊ីសាអូឌីត។ រូបថត៖ រ៉យទ័រ

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Riyadh មុនពេលកិច្ចចរចាចាប់ផ្តើម អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tammy Bruce បានឲ្យដឹងថា កិច្ចប្រជុំនៅទីក្រុង Riyadh គឺជាការបន្តនៃការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ១២ ខែកុម្ភៈ ហើយជាឱកាសសម្រាប់ភាគីទាំងពីរដើម្បីស្វែងយល់ពីលទ្ធភាពនៃការចរចាបន្ថែមទៀតលើបញ្ហាមួយចំនួន រួមទាំងការដោះស្រាយជម្លោះនៅអ៊ុយក្រែនផងដែរ។ ក្នុងនោះ មុនពេលមកដល់ទីក្រុង Riyadh រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា៖ «ប្រធានាធិបតីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តការសន្ទនាលើប្រធានបទទាំងអស់ដែលអាចដោះស្រាយបាន តាមគ្រប់មធ្យោបាយ ដោយមានការចូលរួមពីរុស្ស៊ី និងសហរដ្ឋអាមេរិក។ ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ាត្រូវបានលើកឡើង ក៏ដូចជាស្ថានភាពនៅក្នុងប្រទេសជាច្រើនទៀតនៃពិភពលោកដែលកំពុងជួប នឹងការប្រែប្រួល»។

កិច្ចចរចានៅទីក្រុង Riyadh ថ្ងៃទី ១៨ ខែកុម្ភៈ គឺជាជំនួបផ្ទាល់ជាន់ខ្ពស់បំផុតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយត្រូវបានចាត់ទុកជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី រវាងប្រធានាធិបតីទាំងពីរ លោក Donald Trump និងលោក Vladimir Putin ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កន្លងមក ក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍មុន (១៤-១៦ កុម្ភៈ) នៅទីក្រុង Munich (អាល្លឺម៉ង់) ភាគីអាមេរិកបានប្រកាសជាផ្លូវការដែលថានឹងមិនអញ្ជើញសម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ុយក្រែន ចូលរួមការចរចានេះទេ៕