លោកអគ្គលេខាបក្ស តូ ឡឹម ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ បានថតរូបជាក្រុមជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai និង Binh Dinh។ រូបថត៖ Van Hieu/VOV

ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្សលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងបរិបទត្រៀមច្របាច់បញ្ចូលខេត្ត Gia Lai និង Binh Dinh ឲ្យទៅជាអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចកាន់តែរឹងមាំ ទំនើប និងមានប្រសិទ្ធភាពជា ខេត្ត Gia Lai និង Binh Dinh ត្រូវម្ចាស់ការកសាងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង បង្កើតរបកគំហើញយុទ្ធសាស្ត្រក្នុងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពង្រីកជាអតិបរមានូវការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងខេត្តទាំងពីរ ដើម្បីអាចឈានឡើង ក្លាយជាប៉ូលកំណើនដ៏សំខាន់នៃតំបន់ភូមិភាគកណ្តាល និងរួមចំណែកនាំប្រទេសជាតិស្ទុះឈានឡើងយ៉ាងខ្លាំងក្លា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេបក្ស តូ ឡឹម ថ្លែងមតិដឹកនាំ។ រូបថត៖ Van Hieu/VOV

យោងតាមលោកអគ្គលេខាបក្ស ខេត្ត Gia Lai ថ្មី ត្រូវផ្តោតលើការកសាងគំរូអភិវឌ្ឍន៍ប្រកបដោយតុល្យភាព សមកាលកម្ម ជាមួយនឹងសមត្ថភាពតភ្ជាប់តំបន់ និងតភ្ជាប់គ្រប់ជ្រុងជ្រោយ។ ដំបូងបង្អស់ ចាំបាច់ត្រូវរៀបចំឡើងវិញនូវសេដ្ឋកិច្ចតាមទិសនិរន្តរភាព អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍តំបន់វត្ថុធាតុដើមធំៗ ផ្សារភ្ជាប់ជាមួយនឹងដំណើរការកែច្នៃស៊ីជម្រៅ ការផលិតស្អាត និងឆ្ពោះទៅអព្យាក្រឹតកាបូន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពន្លឿនឧស្សាហូបនីយកម្មឆ្លាតវៃ ផ្តល់អាទិភាពលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត និងបង្កើតតំបន់នវានុវត្តន៍ និងតំបន់ឧស្សាហកម្មយុទ្ធសាស្ត្រផងដែរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា៖ “បន្ទាប់ពីការច្របាច់បញ្ចូល ជាមួយផ្ទៃដីធំទីពីរក្នុងប្រទេស ខេត្ត Gia Laiថ្មី ត្រូវម្ចាស់ការក្តាប់ជាប់ស្ថានការណ៍មូលដ្ឋាន ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងអធិបតេយ្យភាពលើព្រំដែននិងកោះសមុទ្រ។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច”។

អគ្គលេខាបក្ស លោក តូ ឡឹម ក្នុងជំនួបធ្វើការនៅទីក្រុង Kon Tum។ (រូបថត៖ VOV)
នារសៀលថ្ងៃដដែល នៅទីក្រុង Kon Tum អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Kon Tum និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Ngai អំពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម ការរៀបចំ បង្រួមក្បាលម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋបាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ សន្តិសុខ ការកសាងបក្ស និងការងារសន្តិសុខសង្គមនៅមូលដ្ឋានទាំងពីរ៕