សមាជិកសភាលីបង់លោក Hassan Fadlallah បានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា បានវាយប្រហារលើប្រជាជនដែលកំពុងវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីជម្លៀសចេញ។ ក្នុងពេលនោះ កងទ័ពអ៊ីស្រាអែល (IDF) បានឲ្យដឹងថា បទឈប់បាញ់ត្រូវបានរំលោភបំពាន បន្ទាប់ពីរថយន្តដឹក "ជនសង្ស័យមួយចំនួន" បានបង្ហាញខ្លួននៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងប្រទេសលីបង់។ មុននោះ IDF បានអំពាវនាវឲ្យប្រជាជននៅក្នុងទីប្រជុំជនតាមបណ្តោយព្រំដែនកុំឱ្យវិលត្រឡប់មកវិញដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅជាយក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ Hezbollah បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដើម្បីអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមវិលត្រឡប់ទៅមាតុភូមិវិញ នៅក្នុងតំបន់ព្រំដែនដែលរងការបំផ្លិចបំផ្លាញបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ១៤ ខែ។ នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ កងកម្លាំងអ៊ីស្រាអែលមានរយៈពេល ៦០ ថ្ងៃដើម្បីដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែភាគីទាំងពីរមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការវាយលុកនោះទេ៕