ទោះជាយ៉ាងណាក៏ដោយ ការដែលភាគីទាំងពីរទទួលយកការជួបសន្ទនាជាន់ខ្ពស់ដោយផ្ទាល់បានបង្ហាញថា បច្ចុប្បន្ននេះ ដំណោះស្រាយការទូតនៅតែជាអាទិភាពសម្រាប់ភាគីទាំងពីរ។
នៅថ្ងៃទី១១ ខែមេសា ការចរចានៅទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន រវាងគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី លោក J.D. Vance និងគណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf បានបញ្ចប់បន្ទាប់ពីរយៈពេល ២១ ម៉ោងធ្វើការដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។
ការខ្វែងគំនិតដ៏ជ្រាលជ្រៅ
នៅក្នុងសារមួយដែលបានផ្ញើមុនពេលចាកចេញពីប្រទេសប៉ាគីស្ថាន អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានចាត់ទុកថា ការមិនសម្រេចបានកិច្ចព្រមព្រៀងគឺជាដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ ជាជាងសហរដ្ឋអាមេរិក ព្រមទាំងឲ្យដឹងថា ការទាមទារដ៏សាមញ្ញ និងសំខាន់បំផុតរបស់រដ្ឋបាលសហរដ្ឋអាមេរិកគឺថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក៏ដូចជាស្វែងរកសមត្ថភាព ដើម្បីផលិតប្រភេទអាវុធនេះយ៉ាងឆាប់រហ័សនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអ៊ីរ៉ង់ ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ គ្របដណ្ដប់លើបញ្ហាជាច្រើន ចាប់ពីរបៀបដោះស្រាយឃ្លាំងស្តុកធាតុអ៊ុយរ៉ាញ៉ូមចម្រើនកម្រិត ៦០% របស់អ៊ីរ៉ង់ ការទាមទាររបស់អ៊ីរ៉ង់សម្រាប់ការធានាសន្តិសុខយ៉ាងរឹងមាំប្រឆាំងនឹងការវាយប្រហារនាពេលអនាគត និងការសងសំណងពីសហរដ្ឋអាមេរិក (និងអ៊ីស្រាអែល) ដល់អ៊ីរ៉ង់ រហូតដល់យន្តការគ្រប់គ្រងច្រកសមុទ្រហ័រមូស ឬបញ្ហាទាក់ទងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ចំណុចជាប់គាំងធំបំផុត បើយោងតាមប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf គឺថា អ៊ីរ៉ង់មិនមានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ Trita Parsi អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Quincy សម្រាប់អភិបាលកិច្ចរដ្ឋដោយមានទំនួលខុសត្រូវ (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា ប្រការនេះមិនមានន័យថា ការចរចាបន្ទាប់នឹងផ្តល់លទ្ធផលដូចគ្នានឹងនៅទីក្រុងអ៊ីស្លាម៉ាបាដនោះទេ។
“ភាគីទាំងពីរមិនចង់ផ្តល់ចំណាប់អារម្មណ៍ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលឿនពេកទេ ពីព្រោះប្រសិនបើធ្វើដូច្នេះ ពួកគេនឹងទទួលរងការរិះគន់ក្នុងស្រុកថា ពួកគេបានធ្វើសម្បទានច្រើនពេក ឬងាយស្រួលពេក។ ហេតុដូច្នេះ បរាជ័យនៃការចរចាលើកនេះមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែប្រាកដថា ប្រសិនបើទស្សនៈរបស់ភាគីនានានៅតែខុសគ្នាខ្លាំងពេក ហើយក្នុងពេលជាមួយគ្នានោះ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង វានឹងជាសញ្ញាអាក្រក់មួយ”។
ទោះបីជាមានការខកចិត្តដោយសារតែ មិនទាន់មានទិសដៅច្បាស់លាស់មួយឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាតាមរយៈដំណោះស្រាយការទូតក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំបណ្ដាប្រទេស និងអង្គការអន្តរជាតិភាគច្រើនបានចាត់ទុកថា មិនអាចរំពឹងទុកថា អាមេរិកនិងអ៊ីរ៉ង់ នឹងសម្រេចបានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ក្រោយពីជម្លោះដ៏សាហាវអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនោះឡើយ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានប្រកាសថា៖
“ក្រោយពរយៈពេលច្រើនសប្ដាហ៍នៃការបំផ្លិចបំផ្លាញនិងភាពនឿយហត់ ច្បាស់ណាស់ថា មិនអាចមានដំណោះស្រាយយោធាចំពោះជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ាទេ។ ទោះបីជាការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ មិនបានឈានដល់កិច្ចព្រមព្រៀងក៏ដោយ ប៉ុន្តែការចរចាបានបង្ហាញពីការសន្យាយ៉ាងម៉ឺងម៉ាត់ពីភាគីនានា ហើយជាជំហានដ៏មានអត្ថន័យ និងវិជ្ជមានឆ្ពោះទៅរកការបន្តការសន្ទនាឡើងវិញ។ ប្រសិនបើពិចារណាលើការខ្វែងគំនិតយ៉ាងជ្រាលជ្រៅនាបច្ចុប្បន្នរវាងភាគីនានា គឺកិច្ចព្រមព្រៀងមួយមិនអាចសម្រេចបានភ្លាមមួយរំពិចបានទេ”។
ការទូតរត់ប្រណាំងនឹងពេលវេលា
ខណៈពេលដែលមិនមានទុទិដ្ឋិនិយមខ្លាំងពេក ចំពោះបរាជ័យនៃការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដនោះឡើយ សហគមន៍អន្តរជាតិក៏បានព្រមានអំពីកាយវិកាដែលអាចធ្វើឱ្យជម្លោះនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័ស។ ក្តីបារម្ភធំបំផុតនាពេលបច្ចុប្បន្ននេះ គឺទាក់ទងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការបិទច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី១៣ ខែមេសា តាមនោះកងទ័ពជើងទឹកអាមេរិកនឹងតាមរក ស្ទាក់ចាប់នាវាដែលបង់ថ្លៃធ្វើដំណើរដល់អ៊ីរ៉ង់នៅពេលឆ្លងកាត់ខ្សែផ្លូវនាវាចរណ៍នេះ។ ប្រធានាធិបតីអាមេរិកក៏បានគំរាម កម្ទេចកងកម្លាំងអ៊ីរ៉ង់ដែលរារាំងការបិទផ្លូវនេះផងដែរ។
យោងតាមលោក Trita Parsi អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Quincy សម្រាប់អភិបាលកិច្ចរដ្ឋដោយមានទំនួលខុសត្រូវ (សហរដ្ឋអាមេរិក) នេះគឺជាយុទ្ធសាស្ត្រដាក់សម្ពាធថ្មីមួយពីសហរដ្ឋអាមេរិក ដោយសង្ឃឹមថា មិនត្រឹមតែដាក់សម្ពាធលើប្រាក់ចំណូលពីប្រេងរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យមហាអំណាចជាច្រើនដែលមានទំនាក់ទំនងថាមពលយ៉ាងសំខាន់ជាមួយអ៊ីរ៉ង់ (ចិន ឥណ្ឌា) ត្រូវជ្រៀតជ្រែកកាន់តែជ្រៅនៅក្នុងការវិវត្តបច្ចុប្បន្ន និងផ្លាស់ប្តូរទស្សនៈរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោកក៏ចាត់ទុកផងដែរថា យុទ្ធសាស្ត្រនេះអាចរុញច្រានឱ្យសហរដ្ឋអាមេរិក ចូលទៅក្នុងស្ថានការណ៍ប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ជាមួយប្រទេសទាំងនេះ។ ដោយចែករំលែកការព្រួយបារម្ភនេះ អ្នកជំនាញវិភាគសន្តិសុខប៉ាគីស្ថាន លោក Zahid Hussain បានធ្វើអត្ថាធិប្បាយថា៖
"ខ្ញុំមិនគិតថា ការប្រយុទ្ធគ្នានឹងផ្ទុះឡើងវិញក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែប្រាកដប្រជាថា ស្ថានភាពក៏មិនបញ្ចុះកំដៅដែរ។ ភាពតានតឹងនឹងនៅតែបន្ត ហើយមានសញ្ញាបង្ហាញថាសហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើអ៊ីរ៉ង់។ ដូច្នេះ សូម្បីតែឧប្បត្តិហេតុតែមួយក៏អាចបណ្ដាលឱ្យកើតមានជុំថ្មីមួយនៃការប្រយុទ្ធគ្នាដ៏សាហាវ"។
ដើម្បីជៀសវាងហានិភ័យនៃការផ្ទុះជម្លោះឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាពិសេសបន្ទាប់ពី កាលកំណត់ ២ សប្តាហ៍របស់ប្រធានាធិបតីអាមេរិក ផុតកំណត់ (ថ្ងៃទី ២១ ខែមេសា) កិច្ចខិតខំប្រឹងប្រែងការទូតពហុភាគីកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ នៅថ្ងៃទី ១៣ ខែមេសា វិមានក្រឹមឡាំងបានឲ្យដឹងថា បន្ទាប់ពីការចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយភាគីរុស្ស៊ីបានបន្ត ចលនាឱ្យរុស្ស៊ីទទួលយកបរិមាណធាតុអ៊ុយរ៉ាញ៉ូមចម្រើនរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយសហរដ្ឋអាមេរិក។
សញ្ញាមួយទៀតដែលបង្ហាញថា អាទិភាពនៃការទូតមិនទាន់រសាត់បាត់ទៅសម្រាប់ភាគីអាមេរិកគឺការថ្លែងថ្មីបំផុតរបស់អនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅថ្ងៃទី ១៣ ខែមេសា។ យោងតាមលោក J.D. Vance ជុំចរចានៅទីក្រុងអ៊ីស្លាម៉ាបាដទទួលបានវឌ្ឍនភាពជាច្រើន ហើយអ្វីៗគ្រប់បែបយ៉ាងឥឡូវនេះ អាស្រ័យលើភាពបត់បែនរបស់អ៊ីរ៉ង់លើបញ្ហាមួយចំនួនដែលមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក៕
