ច្បាប់នេះតម្រូវឱ្យវេទិកាសង្គម ត្រូវប្រើប្រាស់វិធានការបច្ចេកទេសដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។ វេទិកាសង្គមមានរយៈពេលមួយឆ្នាំដើម្បីត្រៀមរៀបចំ រហូតដល់ពេលដែលច្បាប់នេះបានចូលជាធរមាននៅចុងឆ្នាំ២០២៥។
អូស្ត្រាលីនឹងហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមចាប់ពីដំណាច់ឆ្នាំ ២០២៥ តទៅ។ រូបថត៖ Aresna Villanueva |
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានបញ្ជាក់ថា ច្បាប់នេះនឹងជួយការពារកុមារពីឥទ្ធិពលអវិជ្ជមាននៃបណ្តាញសង្គម និងតម្រូវឱ្យវេទិកាសង្គមទទួលខុសត្រូវក្នុងរឿងនេះ៖ “ឥឡូវនេះ បណ្តាញសង្គមមានទំនួលខុសត្រូវក្នុងការដាក់សុវត្ថិភាពរបស់កុមារជាចម្បងបង្អស់។ យើងធានាថា នាប៉ុន្មានថ្ងៃខាងមុខ ឪពុកម្តាយនឹងមានការសន្ទនាជាមួយកូនៗរបស់ពួកគេអំពីរឿងនេះ។ យើងគាំទ្រឪពុកម្តាយ ហើយនោះជាសាររបស់យើង”។
បើទោះបីជាកុមារអាយុក្រោម ១៦ ឆ្នាំនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់វេទិកាពេញនិយមដូចជា៖ Facebook, TikTok, Instagram ឬ Snapchat ប៉ុន្តែ ផលិតផលមួយចំនួនដែលមានគោលបំណងអប់រំដូចជា៖ YouTube ឬ Google Classroom មិនត្រូវបានហាមឃាត់នោះទេ៕

