ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍ថា គណៈប្រតិភូរុស្ស៊ី កាលពីថ្ងៃទី ១ ខែមិថុនា បានចេញដំណើរទៅកាន់ប្រទេសទួរគី ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី ២៨ ឧសភា គណៈប្រតិភូត្រូវបានរំពឹងថា នឹងដឹកនាំដោយជំនួយការប្រធានាធិបតី លោក Vladimir Medinsky ហើយនឹងប្រគល់សេចក្តីព្រាងអនុស្សរណៈសន្តិភាពដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំនេះ។

មុននោះ នៅព្រឹកថ្ងៃទី ១ ខែមិថុនា តាមរយៈកម្មវិធីផ្ញើសារ Telegram ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ទីក្រុងគៀវនឹងចូលរួមកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលតាមសំណើរបស់ទីក្រុងម៉ូស្គូ។ គណៈប្រតិភូអ៊ុយក្រែន ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov ។

កិច្ចប្រជុំដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុលថ្ងៃទី ២ មិថុនា នឹងក្លាយជាកិច្ចចរចាដោយផ្ទាល់លើកទីពីររវាងភាគីទាំងពីរក្នុងរយៈពេលជាង ៣ ឆ្នាំនៃជម្លោះ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចាលើកដំបូងដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ឧសភា ដែលក្នុងនោះពួកគេបានឯកភាពលើការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំ ហើយបានសន្យាបន្តការសន្ទនា៕