លោកប្រធានរដ្ឋលឿង គឿងនិងប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ VOV) |
ទាក់ទិននឹងទំនាក់ទំនងនយោបាយ និងការទូត សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ភាគីទាំងពីរប្តេជ្ញាបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយឈរលើការគោរពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនៃទំនុកចិត្តនយោបាយរបស់ថ្នាក់ដឹកនាំ ហើយទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ស្របតាមស្ថានភាពថ្មី។ ភាគីទាំងពីររក្សាការពិគ្រោះយោបល់នយោបាយជាប្រចាំ រវាងក្រសួងការបរទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបញ្ហាទ្វេភាគី និងគោលជំហរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ប្តេជ្ញាបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសអង្គការសហប្រជាជាតិ និងក្របខណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-សហភាពអឺរ៉ុប។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ប៊ុលហ្គារី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយចាត់ទុកថា នេះជាយន្តការសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ ទៅវិញទៅមក; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០០ លានដុល្លារនាពេលអនាគតដ៏ខ្លីខាងមុខ។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាម រយៈកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិយ៉ាងសកម្មនៅគ្រប់កម្រិត; ស្រាវជ្រាវលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់ការពារជាតិកម្រិតការងារ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ហើយនៅចំពោះមុខគឺការបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាវៀតណាមនៅប៊ុលហ្គារី។
សេចក្តីថ្លែងការណ៍រួមវៀតណាម-ប៊ុលហ្គារីក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត រួមមានៈ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល; វប្បធម៌ កីឡា និងទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ... ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍វៀតណាម នៅប៊ុលហ្គារីក្នុងការរឹតបន្តឹងទំនាក់ទំនងមិត្តភាព រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕

