លើសពីនេះ ភាគីទាំងពីរនឹងបន្ត​រួមដំណើរ និងសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពក្នុងបរិបទដែលប្រទេសហ្វីលីពីនកាន់តំណែងជាប្រធានអាស៊ាន និងវៀតណាមចាប់ផ្តើមអនុវត្តគោលនយោបាយការបរទេសក្នុងស្មារតី និងទិសដៅថ្មី​បន្ទាប់ពី​មហាសន្និបាត​លើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃវិទ្យុវៀតណាមទទួលបន្ទុកតំបន់អាស៊ានបានធ្វើបទសម្ភាសន៍ជាមួយលោក ឡៃ ថៃ ប៊ិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ហ្វីលីពីន អំពីសសរស្តម្ភសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ រយៈពេល ៥០ ឆ្នាំចាប់តាំងពីវៀតណាម និងហ្វីលីពីនបានបង្កើតទំនាក់ទំនងការទូតឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពចាស់ទុំ និងស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី។ ពី​​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការដំបូង ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ដោយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន។ កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​ការទូត​នៅ​តែ​ជា​សសរស្តម្ភ​ដ៏​សំខាន់ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ទំនុកចិត្ត​នយោបាយ ការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់ និង​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​នៅ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ។ កិច្ច​សហប្រតិបត្តិការ​លើវិស័យ​សមុទ្រ សន្តិសុខ និង​ការពារជាតិ​ត្រូវ​បាន​សង្កត់ធ្ងន់​កាន់តែ​ខ្លាំង​ឡើង ដែល​ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាប់​ឆ្នេរសមុទ្រ​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​នឹង​បង្កើន​ការ​សម្របសម្រួលគ្នា​​ក្នុង​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​សមុទ្រ ការ​អនុវត្ត​ច្បាប់​សមុទ្រ ការ​ទប់ស្កាត់និង​គ្រប់គ្រង​ឧប្បត្តិហេតុ​នៅលើ​​សមុទ្រ។

ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​​ពង្រីកដោយឥតឈប់ឈរ ហើយ​​កំពុងឆ្ពោះទៅ​រក​គោលដៅ ១០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ វៀតណាម​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ប្រភព​ផ្គត់ផ្គង់​អង្ករ​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ហ្វីលីពីន។ ទន្ទឹមនឹងនោះ កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ទ្វេភាគី​បាន​កត់ត្រា​ការ​អភិវឌ្ឍ​ថ្មីៗ ជាពិសេស​ក្នុង​វិស័យ​អាកាសចរណ៍ ផលិតកម្ម បច្ចេកវិទ្យា​ព័ត៌មាន ថាមពល និង​សេវាកម្ម។ នៅ​ឆ្នាំ ២០២៥ ​វៀតណាម​បាន​វិនិយោគ​ជាង ៩០ លាន​ដុល្លារ​អាមេរិក​នៅ​​ប្រទេស​ហ្វីលីពីន ខណៈ​ដែល​ប្រទេស​ហ្វីលីពីន​បាន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​អាមេរិក​ចូល​​វៀតណាម។

ក្នុងបរិបទនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបាន​យក​ចិត្ត​ទុក​ដាក់កាន់​តែ​ខ្លាំង កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វប្បធម៌ និងការអប់រំរវាងវៀតណាម និងហ្វីលីពីនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការពង្រីកជើងហោះហើរត្រង់ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ បានរួមចំណែកធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀត​នូវការយល់ដឹងគ្នា​ទៅ​វិញ​ទៅម​ក និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយបង្កើតមូលដ្ឋានសង្គម​ដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី​។ ឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ បានវាយតម្លៃថា៖ “វៀតណាម និងហ្វីលីពីនមានទំនាក់ទំនងទេសចរណ៍ល្អណាស់។ ដោយផ្អែកលើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លក្ខខណ្ឌធម្មជាតិ វប្បធម៌ និងម្ហូបអាហារដ៏សម្បូរបែបរបស់វៀតណាម បានទាក់ទាញភ្ញៀវទេសចរហ្វីលីពីនមួយចំនួនធំមកកាន់វៀតណាម ហើយហ្វីលីពីននៅតែជាទីផ្សារទេសចរណ៍បរទេសដែលចំណាយច្រើនបំផុតមួយនៅវៀតណាម។ ទាក់ទងនឹងវិស័យផ្សេងទៀត ដូចជាវប្បធម៌ និងការអប់រំ និស្សិតវៀតណាមជាច្រើនដែលបានសិក្សានៅប្រទេសហ្វីលីពីនទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថា​វិស័យផ្សេងទៀត ទាំងចាស់ និងថ្មី ក៏នឹងមានសក្តានុពលដ៏អស្ចារ្យនាពេលខាងមុខ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រការ​នេះទាមទារឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រែក្លាយសក្តានុពលទៅជាការពិត”។

ក្រៅពីវិស័យប្រពៃណី កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលកំពុងលេចចេញជាទិសដៅយុទ្ធសាស្ត្រថ្មីមួយ។ ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរបទពិសោធន៍ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រដ្ឋបាលឌីជីថល នវានុវត្តន៍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ផលិតកម្មនិងសេវាកម្ម។ នេះត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លើក​កម្ពស់សមត្ថភាពប្រកួតប្រជែង​របស់​ជាតិ ​បង្កើនភាពធន់នៃសេដ្ឋកិច្ច និងការសម្របខ្លួនទៅនឹងនិន្នាការអភិវឌ្ឍន៍ថ្មីៗនៅក្នុងតំបន់ និងពិភពលោក។

នៅក្នុង​តំបន់ វៀតណាម និងហ្វីលីពីនចែករំលែកផលប្រយោជន៍ក្នុងការរក្សាសាមគ្គីភាពអាស៊ាន លើកកម្ពស់មជ្ឈភាពរបស់អាស៊ាន ក៏ដូចជាជំរុញការសន្ទនា ការកសាងទំនុកចិត្ត និងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ ជឿជាក់ថា នៅ​ឆ្នាំ២០២៦ សកម្មភាពរំលឹកខួបលើកទី ៥០ ទិវាបង្កើត​ទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរដើម្បីបន្តសហការ បំពេញបន្ថែមឲ្យ​គ្នាទៅវិញទៅមក និងធ្វើការឆ្ពោះទៅរកគោលដៅខ្ពស់ជាងមុន នៅក្នុងបរិយាកាសតំបន់ និងអន្តរជាតិដែលមានការ​ប្រែប្រួលជាច្រើន​។ ឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ បាននិយាយថា៖ "មូលដ្ឋានទីមួយគឺការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីដោយផ្អែកលើផលប្រយោជន៍ពិតប្រាកដរបស់ភាគីទាំងពីរ។ ទីពីរគឺ ឆ្នាំនេះជាខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន ហើយទីបីគឺហ្វីលីពីន​កំពុង​កាន់តំណែងជាប្រធានអាស៊ាន។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍ នឹងផ្សារភ្ជាប់ទៅនឹងសសរស្តម្ភទាំងបីនេះ​។ វៀតណាម និងហ្វីលីពីននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទៀត​ផង​”​

ឯកអគ្គរដ្ឋទូត ឡៃ ថៃប៊ិញ បានបញ្ជាក់ថា ដោយក្រឡេកមើលលើ​រយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ហ្វីលីពីនបានលើសពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីក្លាយជាភាពជាដៃគូដ៏ស៊ីជម្រៅ ជាក់ស្តែង និងយូរអង្វែង។ សមិទ្ធផលទាំងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ទៀត​ផង៕​