យោងតាមមន្ត្រីថៃ ឧបទ្ទវហេតុកាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានបណ្តាលឲ្យពលរដ្ឋថៃម្នាក់ស្លាប់ ខណៈកងទ័ពជើងទឹកមីយ៉ាន់ម៉ា បានចាប់ខ្លួននាវិកទូកនេសាទចំនួន៣១នាក់ ក្នុងនោះមានពលរដ្ឋថៃ៤នាក់។

ប្រតិកម្មនឹងឧប្បត្តិហេតុនេះ រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បានចាត់ទុកថា ភាគីមីយ៉ាន់ម៉ាត្រូវតែទទួលខុសត្រូវចំពោះការប្រើប្រាស់កម្លាំងហួសហេតុ។ រដ្ឋមន្ត្រី Maris Sangiampongsa ក៏បានមានប្រសាសន៍ដែរថា ក្នុងករណីដែលកប៉ាល់នេសាទថៃបានវង្វេងចូលមីយ៉ាន់ម៉ា ភាគីទាំងពីរបានបង្កើតច្បាប់ ដើម្បីដោះស្រាយស្ថានការណ៍ ជាជាងអនុវត្តការបាញ់កាំភ្លើង។ ដូច្នេះហើយ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ភាគីទាំងពីរចាំបាច់ត្រូវបញ្ជាក់លម្អិតអំពីករណីនេះ និងពិភាក្សាអំពីវិធានការដើម្បីដោះលែងពលរដ្ឋថៃទាំងបួននាក់នោះឱ្យបានឆាប់រហ័ស។

រដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ថា ទាំងថៃនិងមីយ៉ាន់ម៉ាចង់រក្សាទំនាក់ទំនងល្អ ហើយភាគីថៃនឹងបន្តការចរចារតាមរយៈបណ្តាញសមស្រប៕