ឧទ្យានជាតិPu Matមានចំងាយប្រមាណ១២០គីឡូម៉ែត្រពីប៉ែកនិរតីទីក្រុងVinh ខេត្តNghe An។នេះជាព្រៃស្រោងដែលមានផ្ទៃធំបំផុតនៅប៉ែកខាងជើងភាគកណ្ដាលវៀតណាមហើយក៏ជាតំបន់អភិរក្សជីវចម្រុះពិភពលោកផងដែរ។ដោយមានទេសភាពធម្មជាតិស្រស់ត្រកាលរួមជាមួយពពួកសត្វដ៏សំបូរបែបនោះឧទ្យានជាតិPu Matបានទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើននាក់មកទស្សនា។

ឧទ្យានជាតិPu Matស្ថិតនៅប៉ែកខាងកើតជួរភ្នំTruong Son ហើយលាត សន្ធឹងលើដែនដីនៃស្រុកចំនួន៣របស់ខេត្តNghe An គឺស្រុកCon Cuong ស្រុកAnh Son និងស្រុក Tuong Duong។តាមភាសារបស់ជនជាតិThai គឺពាក្យPu Matមានន័យថាផ្លូវចោតខ្លាំង។ឧទ្យានជាតិPu Matត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩២ហើយត្រូវបានអង្គការវិទ្យាសាស្រ្តអប់រំនិងវប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោកកាលពីឆ្នាំ២០០៧។ឧទ្យានជាតិPu Matមានផ្ទៃដីធម្មជាតិចំនួន១៩៤០០០ហិកតា។កំពូលភ្នំ Pu Mat មានកំពស់១៨៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រដោយមានពពកគ្របដណ្ដប់ពេញមួយឆ្នាំ។នៅក្នុងឧទ្យាននេះមានរុក្ខជាតិចំនួនជាង២៤០០ប្រភេទ ក្នុងនោះមាន៥៧ប្រភេទបានបញ្ចូលក្នុងបញ្ជីក្រហមរបស់វៀតណាមនិងពិភពលោក។ដើមឈើកម្រល្បីៗនៅឧទ្យានជាតិPu Ma tមានដើមPo Mu Sa Mu និងSao Hai Nam។រីឯសត្វគឺមានប្រមាន ២៤០ ប្រភេទ ក្នុងនោះមានដំរី ខ្លា ឈ្លូស ជាពិសេស គឺសត្វ Sao la (Pseudoryx nghetinhensis)។ Sao laជាសត្វដ៏កម្រមានបំផុតលើពិភពលោកដែលរស់នៅតំបន់ព្រៃភ្នំTruong Son ចំណុះដែនដីវៀតណាមនិងឡាវដែលបានគេរកឃើញនាឆ្នាំ១៩៩២។ស្ដីពីឧទ្យានជាតិPu Mat លោកCao Tien Trung ជាកម្មាភិបាលស្រាវជ្រាវនៅមហាវិទ្យាល័យ Vinh បានឲ្យដឹងថា

“តំបន់អភិរក្សជីវចម្រុះនេះមានរុក្ខជាតិនិងពពួកសត្វជាច្រើនប្រភេទ។នៅតាមតំបន់សំខាន់ទាំង៣ចំណុះឧទ្យានជាតិ គឺ Pu Mat Pu Huong និងPu Hoatគឺមានពន្ធុនិងជីវៈចំរុះ ដ៏កម្រមាននៅប្រទេសដទៃលើពិភពលោក”។

សត្វក្នុងឧទ្យានជាតិPu Mat

នៅក្នុងឧទ្យានជាតិនេះមានទន្លេ Giang រួមជាមួយល្បាក់ទឹកដ៏ធំមួយចំនួនមានជាអាទិ៍ តំបន់ទឹកធ្លាក់ Sao Va នៅQue Phong តំបន់ទឹកធ្លាក់ Kem នៅCon Cuong ជ្រោះ Tien ជ្រោះទឹកក្ដៅនៅTan Ky និងរូងភ្នំTham Bua នៅQuy Chau ទៀតផង។រមណីយដ្ឋានទាំងនេះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំងហើយជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។តាមលោកNguyen Van Vinh កម្មាភិបាលទេសចរណ៍ខេត្តNghe Anបានឲ្យដឹងថា

“ឧទ្យានជាតិPu Matមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេងលើវិស័យទេសចរណ៍ដូចជាការឡើងភ្នំ ហែលទឹកទន្លេ ចែវទូកទស្សនាព្រៃស្រោង បោះជំរុំ ជាដើម។នាបច្ចុប្បន្ននេះនិន្នាការរបស់អ្នកទេសចរពិភពលោកនិយាយរួមនិងវៀតណាមនិយាយដោយឡែកកឺចង់បានសំរាកលំហែកាយនៅក្នុងបរិស្ថានធម្មជាតិ។ដោយហេតុនោះសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ឧទ្យានជាតិPu Matគឺធំធេងណាស់”។

នៅតាមតំបន់ជើងព្រៃមានភូមិឃុំរបស់បណ្ដាជនរួមជាតិជនជាតិភាគតិចដូចជាជនជាតិThai ជនជាតិ Kho Mu O Du និងDan Lai។អញ្ជើញមកទស្សនាទីកន្លែងនេះ ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីរបស់ប្រជាពលរដ្ឋ។អ្នកស្រីNgo Kim Hong ជាភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបានរៀបរាប់ថា

“ការរាំរបាំ Sap និងផឹកស្រាពាងជាមួយបងប្អូនជនជាតិThai គឺសប្បាយរីករាយណាស់។មកទស្សនាភូមិជនជាតិThai ខ្ញុំចូលចិត្តមើលគេត្បាញក្រណាត់ចរបាប់។ការចាប់អារម្មណ៍មួយយ៉ាងខ្លាំងបំផុតរបស់ខ្ញុំគឺនៅពេលស្លៀកពាក់សំពត់របស់នារី Thai ហើយទៅថតរូបនៅល្បាក់ទឹកក្នុងព្រៃ”។

ដោយមានព្រៃស្រោងបែបនេះឧទ្យានជាតិPu Matក៏ជាទីកន្លែងល្អសំរាប់មជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តនៅក្នុងស្រុកនិងអន្តរជាតិមកសិក្សាស្រាវជ្រាវពីរុក្ខជាតិនិងពពួកសត្វគ្រប់ប្រភេទផងដែរ៕