ផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម កំពុងបង្កើនការយល់ដឹងអំពីការផ្គត់ផ្គង់ទំនិញវៀតណាមដល់អ្នកប្រើប្រាស់ ជាមួយរចនាសម្ព័ន្ធដែលទំនិញវៀតណាមស្រូបយកជាង ៩០%។ ផលិតផលទាំងអស់សុទ្ធតែមានប្រភពដើម និងវិញ្ញាបនបត្រច្បាស់លាស់ ដូចជាផលិតផលវៀតណាមមានគុណភាពខ្ពស់ ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

លោកស្រី Nguyen Thi Hai Thanh នាយិការនៃ Aeon Mall Ha Dong បានឲ្យដឹងថា បើប្រៀបធៀបទៅនឹងសម័យមុន បច្ចុប្បន្ននេះ អ្នកផ្គត់ផ្គង់ផលិតផលវៀតណាមតែងតែមានស្មារតីផ្លាស់ប្តូរការរចនាផលិតផលជាប្រចាំ អនុវត្តការផ្សព្វផ្សាយប្រចាំសប្តាហ៍ និងប្រចាំខែ ពង្រឹងអត្តសញ្ញាណម៉ាកយីហោផលិតផលវៀតណាម ដូច្នេះ ផលិតផលមួយចំនួនមានសមត្ថភាពប្រកួតប្រជែងល្អ បើប្រៀបធៀបនឹងផលិតផលនាំចូល៖ “យើងខ្ញុំតែងតែផ្តល់អាទិភាពលើការនាំយកផលិតផលក្នុងស្រុកចូលផ្សារទំនើបឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ យើងមានផលិតផលប្រមាណ ៨៥% ដែលត្រូវបានដាក់លក់នៅលើផ្សារទំនើប គឺជាផលិតផលក្នុងស្រុក ជាពិសេសបន្លែ មើម និងផ្លែឈើស្រស់ៗ មានរហូតដល់ ៩៥%។ លើសពីនេះ យើងក៏សម្របសម្រួលជាមួយភ្នាក់ងាររដ្ឋបាល សាខា និងមូលដ្ឋាន ដើម្បីរៀបចំកម្មវិធី ដូចជាការលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផល OCOP ជាដើម”។
ទំនិញវៀតណាមគ្របដណ្តប់ទីផ្សារជាមួយនឹងផលិតផលដែលមានគុណភាពជាច្រើន។ រូបថត៖ VOV

នៅចំពោះមុខនិន្នាការដែលអតិថិជនវៀតណាមផ្លាស់ប្តូររបៀបទិញទំនិញ លែងមានចិត្តគំនិតចូលចិត្តផលិតផលបរទេសទៀត ហើយផលិតផលវៀតណាមកាន់តែមានគុណភាព តម្លៃស្ថិរភាព ការរចនាសម្បូរបែប លោក Nguyen The Hiep អនុប្រធាននាយកដ្ឋានឧស្សាហ៍កម្មនិងពាណិជ្ជកម្មទីក្រុងហាណូយ បានឲ្យដឹងថា ការគ្របដណ្តប់ទំនិញវៀតណាម និងបង្កើតលក្ខខណ្ឌសម្រាប់ទំនិញវៀតណាមចូលផ្សារទំនើបតែងតែជាចំណុចស្នូលនៃសកម្មភាពរបស់នាយកដ្ឋាន នាពេលថ្មីៗនេះ៖ “នៅក្នុងផែនការរបស់ខ្លួន ទីក្រុងបានជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និងណែនាំផលិតផលវៀតណាមក្នុងទីក្រុងហាណូយ ក៏ដូចជាខេត្ត ក្រុងនានាទូទាំងប្រទេស។ តាមនោះ ជួយគាំទ្រដល់សហគ្រាស បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញផលិតកម្ម ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសម្រាប់អង្គភាពអាជីវកម្មផងដែរ”។

យោងតាមសេដ្ឋវិទូ លោក Dinh Trong Thinh ផលិតផល “Made in Vietnam” ជាច្រើនមុខមានប្រៀបខ្លាំងគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ទីផ្សារក្នុងស្រុក ដោយសារសហគ្រាសវៀតណាមបានខិតខំប្រឹងប្រែងវិនិយោគដោយឥតឈប់ឈរ បង្កើតផលិតផលសម្បូរបែប និងមានតម្លៃសមហេតុផល...។ សហគ្រាសជាច្រើនមានគំនិតបង្កើតពាណិជ្ជសញ្ញាផ្ទាល់ខ្លួន ដើម្បីបំពេញនិន្នាការប្រើប្រាស់របស់ទីផ្សារ ហើយត្រូវបានអតិថិជនជាច្រើនជ្រើសរើសនិងជឿទុកចិត្ត៖ “ប្រៀបខ្លាំងរបស់ទំនិញវៀតណាមគឺគុណភាព និងសមស្របទៅនឹងចំណង់ចំនូលចិត្តរបស់អ្នកប្រើប្រាស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនវៀតណាមតែងតែជ្រើសរើសទំនិញប្រើប្រាស់ដែលផលិតដោយសហគ្រាសវៀតណាម។ ខ្ញុំគិតថា ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់អាជីវកម្ម និងជម្រើសរបស់អ្នកប្រើប្រាស់ ទំនិញវៀតណាមនឹងគ្របដណ្តប់យ៉ាងរឹងមាំលើទីផ្សារវៀតណាម។ តាមនោះ បន្តរីកសាយភាយកម្លាំងរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក”។

សហគ្រាសវៀតណាមគួរតែជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍តាមនិន្នាការសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ រូបថត៖ VOV

ទន្ទឹមនឹងនោះ ចលនាប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ផលិតផលវៀតណាម ដែលត្រូវបានអនុវត្តនៅមូលដ្ឋានជាច្រើនដោយវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាសនិងអ្នកប្រើប្រាស់ទូទាំងប្រទេស។ ក្រោយរយៈពេលជាង ១៣ឆ្នាំអនុវត្តន៍ ជំនួសឱ្យការជ្រើសរើសដោយផ្អែកលើវិចារណញ្ញាណ អ្នកប្រើប្រាស់ឥឡូវនេះបានផ្តល់ក្តីស្រលាញ់ និងមោទនភាពចំពោះផលិតផលវៀតណាមនីមួយៗ។ លោកស្រី Mai Thi Thuy ប្រធានសមាគមនារីដឹកនាំសហគ្រាសធុនតូច និងមធ្យមនៅទីក្រុងហាណូយ បានអះអាងថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ផលិតផលវៀតណាម”។ មុនពេលចលនានេះ សមាមាត្រនៃអ្នកប្រើប្រាស់វៀតណាមដែលចូលចិត្តប្រើប្រាស់ផលិតផលបរទេសគឺខ្ពស់ណាស់។ ប៉ុន្តែនៅពេលដែលចលនា "ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម" ត្រូវបានបំផុសឡើង យើងឃើញថាវាមានប្រសិទ្ធភាពខ្លាំងណាស់។ ប្រសិទ្ធភាពនេះ ក៏ជួយបណ្តុះបណ្តាលអ្នកប្រើប្រាស់ឲ្យមានទម្លាប់ប្រើប្រាស់ផលិតផលវៀតណាម។ ទី២ អាជីវកម្មផលិតត្រូវបំពេញតាមការរចនា ការវេចខ្ចប់ និងគុណភាពទំនិញ ធានានិងទាក់ទាញចំណងចំណូលចិត្តអ្នកប្រើប្រាស់ដែលចូលចិត្តប្រើប្រាស់ផលិតផលបរទេសឱ្យត្រឡប់មកប្រើប្រាស់ផលិតផលវៀតណាមវិញ។ តាមរយៈចលនានេះ យើងគិតថា សហគ្រាសវៀតណាមក៏ត្រូវតែខិតខំថែមទៀត បើចង់លក់ទំនិញនៅទីផ្សារក្នុងស្រុក ត្រូវតែបំពេញតម្រូវការរបស់ទីផ្សារក្រុងស្រុក”។

ជាក់ស្តែង នៅក្នុងផ្សារទំនើបនិងហាងលក់រាយនាពេលបច្ចុប្បន្ន ទំនិញវៀតណាមស្រូបយកចំនួន ៨០% - ៩០% នៃទំនិញសរុប។ ទោះយ៉ាងណាក៏ដោយ ដើម្បីបន្តបង្កើតគោលជំហរដ៏រឹងមាំសម្រាប់ទំនិញវៀតណាមក្នុងទីផ្សារក្នុងស្រុកនាពេលខាងមុខ មជ្ឈដ្ឋានសេដ្ឋវិទូក៏បានកត់សម្គាល់ថា សហគ្រាសវៀតណាមត្រូវជំរុញការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានិងកែលម្អខ្សែសង្វាក់ផលិតកម្មស្របតាមនិន្នាការសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ ផ្តោតលើការកសាងនិងការពារម៉ាកយីហោ លើកកំពស់សមត្ថភាពអធិការកិច្ច បង្កើតគុណសម្បត្តិប្រកួតប្រជែង និងអភិវឌ្ឍបណ្តាញចែកចាយប្រកបដោយប្រសិទ្ធភាព ជំរុញការពន្លឿនពាណិជ្ជកម្ម ដើម្បីជួយសហគ្រាសវៀតណាមពង្រីកចំណែកទីផ្សារឲ្យកាន់តែច្រើន នាពេលខាងមុខ៕