(VOVWORLD) - នៅខេត្ត Binh Dinh មិនត្រឹមតែមានសមុទ្រខៀវស្រងាត់ វាលខ្សាច់ពណ៌ស ពន្លឺថ្ងៃពណ៌លឿងប៉ុណ្ណោះទេ ថែមទាំងមានជួរភ្នំដែលគ្របដណ្តប់ដោយពពកពេញមួយឆ្នាំទៀតផង។

នាប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Binh Dinh ត្រូវបានស្គាល់ដល់ជាឋានសួគ៌ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេសរាប់លាននាក់មកទស្សនានិងបន្ធូរអារម្មណ៍ជារៀងរាល់ឆ្នាំ។
រូបថត៖ ខ្សែផ្លូវមាត់សមុទ្រដ៏ស្រស់បំព្រង់នៅផ្លូវជាតិ ១D ។
ខេត្ត Binh Dinh មានទីក្រុងឆ្នេរសមុទ្រ Quy Nhon ជាទីក្រុងដែលមិនមានសំលេងរំខាន មិនអួតអាង ប៉ុន្តែមានភាពក្សេមក្សាន្ត សុភាពរាបសារ។
ទីក្រុងស្ថិតនៅជើងភ្នំ មុខបែរទៅសមុទ្រពណ៌ខៀវស្រងាត់ ព័ទ្ធជុំវិញកោះ Ky Co - Eo Gio, Hon Kho។ល។ សមុទ្រ Quy Nhon មានពណ៌ខៀវថ្លា ខ្យល់បោកបក់ពេញមួយឆ្នាំ នៅពេលព្រឹកមានពន្លឺថ្ងៃដ៏ស្រទន់ ហើយនៅពេលរសៀលមានពពកស្អាតៗ។
កោះ Hon Kho គឺជាពិភពនៃសារ៉ាយសមុទ្រ ដែលលាតសន្ធឹងលើបាតសមុទ្រដូចជាកម្រាលអញ្ជឹង។ រដូវសារ៉ាយសមុទ្រគឺចាប់ពីខែឧសភា ដល់ខែកក្កដា ជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទេសចរក្នុងការមុជទឹក និងគយគន់ទេសភាពមហាសមុទ្រដែលកំពុងតែផ្លាស់ប្តូរ។
ឧបទ្វីប Nhon Ly ជាមួយគោលដៅល្បីឈ្មោះ Ky Co - Eo Gio មានឆ្នេរសមុទ្រមួយស្ថិតនៅជើងភ្នំ ទឹកថ្លា ខ្សាច់ស ច្រាំងថ្មចោតបានបង្កើតជាទេសភាពរហោស្ថាន។ កន្លែងនេះ ត្រូវបានស្គាល់ដល់ជា "កន្លែងគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសវៀតណាម"។ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh។
នៅភូមិនេសាទនានាក្នុងខេត្ត Binh Dinh មិនពិបាករកឃើញប្រជានេសាទដាក់អួននៅចំកណ្តាលសមុទ្រ ធ្វើនេសាទនៅពេលព្រលឹម បង្កើតជាទេសភាពដ៏ស្រស់ស្អាតដូចកំណាព្យ។
ប្រការដ៏អស្ចារ្យបំផុតដែលធម្មជាតិបានប្រទានឱ្យខេត្ត Binh Dinh គឺរូបភាពនៃត្រីបាឡែនមកបរបាញ់នៅសមុទ្រ De Gi (ស្រុក Phu Cat) ឬនៅវាលថ្មទ្រនាប់ Hoai Hai (ទីរួមស្រុក Hoai Nhon)។
នៅលើឧបទ្វីប Phuong Mai - តំបន់សេដ្ឋកិច្ច Nhon Hoi (ទីក្រុង Quy Nhon) ទួរប៊ីនខ្យល់បង្វិលនៅលើរលកសមុទ្រពណ៌ស ផ្ទៃមេឃពណ៌ខៀវ និងវាលខ្សាច់វែងអន្លាយ បង្កើតជាផ្ទាំងគំនូរនៃភាពទំនើបលាយឡំនឹងលក្ខណៈរហោស្ថាន ដូចជាចំណុចប្រសព្វរវាងធម្មជាតិនិងបច្ចេកវិទ្យាអញ្ជឹង។
នៅបឹង Thi Nai ដែលជាតំបន់ទឹកប្រឡាក់ធំបំផុតនៅខេត្ត Binh Dinh មានកោះបក្សីមួយ ដែលជាជម្រកសម្រាប់បក្សីកម្ររាប់ពាន់ប្រភេទ។
វាលថ្មទ្រនាប់ Hoai Hai (ទីរួមស្រុក Hoai Nhon) នៅតែរក្សាបាននូវសម្រស់ស្អាតដ៏បរិសុទ្ធ។ ស្រទាប់ថ្មលោតចេញទៅក្នុងសមុទ្រដូចជារបាំងធម្មជាតិទប់នឹងរលក បង្កើតឱ្យមានទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍។ ដោយឈរលើច្រាំងថ្មសម្លឹងឆ្ពោះទៅជើងមេឃ ភ្ញៀវទេសចរអាចមានអារម្មណ៍យ៉ាងច្បាស់ពីភាពធំធេងនៃមហាសាគរ និងភាពរឹងមាំនៃដីគោក។
មិនត្រឹមតែមានសមុទ្រពណ៌ខៀវប៉ុណ្ណោះទេ ខេត្ត Binh Dinh ក៏មានជួរភ្នំ An Toan (ស្រុក An Lao) ដែលគ្របដណ្ដប់ដោយព្រៃឈើធម្មជាតិរបស់ខេត្ត Binh Dinh ដែលមានកម្ពស់ជាង ១.២០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ អាកាសធាតុត្រជាក់ ពពកគ្របដណ្តប់ពេញមួយឆ្នាំ ហើយព្រៃឈើធម្មជាតិដ៏ធំសម្បើម។
នៅទីនេះ មានចរន្តទឹកហូរលើថ្មម៉ាប ល្បាក់ទឹកនៅកណ្តាលព្រៃឈើ និងជីវភាពរបស់ជនជាតិ Ba Na ។ ទាំងអស់បានបង្កើតបរិយាកាសអេកូឡូស៊ីវិសេសវិសាល - ខុសគ្នាទាំងស្រុងពីភាពចម្រុះពណ៌នៃទីក្រុងឆ្នេរសមុទ្រ Quy Nhon ៕