លោក Giang A Hai ប្រធានក្លឹបសិល្បៈប្រជាប្រិយ Hong Mi ក្នុងឈុតសម្ដែងខ្លុយ។ (រូបថត៖ VOV) |
នៅក្នុងផ្ទះដ៏ធំបំផុតនៅកណ្តាលផ្សារណាត់ Bac Ha សមាជិកនៃក្លឹបសិល្បៈប្រជាប្រិយ Hong Mi ឃុំ Ban Pho កំពុងសម្ដែងតន្ត្រី។ ក្នុងបរិយាកាសចម្រុះពណ៌ គ្របដណ្ដប់ដោយក្លិនក្រអូបនៃក្រមួនឃ្មុំ សំឡេងគែននិងខ្លុយ ធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍។ ការសម្តែងសិល្បៈនៅផ្សារណាត់ Bac Ha គឺជាសកម្មភាពដែលរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនៅទីនេះ។ លោក Nguyen Van Tuan ភ្ញៀវទេសចរមកពីខេត្ត Binh Duong បានចែករំលែកថា៖
“មកទីនេះជាលើកទី៣ហើយ ទើបខ្ញុំស្វែងយល់បានពេញលេញពីវប្បធម៌ផ្សារណាត់ Bac Ha។ អារម្មណ៍អំពីអត្តសញ្ញាណវប្បធម៌មិនអាចទទួលបានក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែត្រូវតែស្រាវជ្រាវបន្តិចម្តងៗ ទើបយល់បានច្បាស់ អំពីអត្តសញ្ញាណវប្បធម៌ប្រចាំតំបន់”។
ក្លឹបសិល្បៈប្រជាប្រិយ Hong Mi កាលពីមុននេះ ជាក្លឹបគែនរបស់ជនជាតិ Mongនៅ Bac Ha ដឹកនាំដោយលោក Giang A Hai។ មានដើមកំណើតនៅឃុំ Sin Cheng ស្រុក Si Ma Cai តាំងពីកុមារភាពមក លោក Giang A Hai បានស្រឡាញ់អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនដោយអស់ពីចិត្ត។ លោក Giang A Hai បានលះបង់ក្នុងផ្នែកវប្បធម៌ខេត្ត Lao Cai អស់រយៈពេលច្រើនឆ្នាំ ហើយបច្ចុប្បន្នលោកជាកម្មាភិបាលនៃក្រុមព័ត៌មានចល័តនៃមជ្ឈមណ្ឌលវប្បធម៌-កីឡា-ទំនាក់ទំនងស្រុក Bac Ha។ ដោយបានធ្វើការចំនឹងចំណុចខ្លាំងរបស់ខ្លួន លោក Giang A Hai កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Mong នៅមូលដ្ឋាន ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ផងដែរ។ លោកនិងសមាជិកក្លឹប ២០ នាក់ផ្សេងទៀត ម្នាក់ៗមានប្រៀបខ្លាំងផ្ទាល់ខ្លួន បានធ្វើឱ្យបរិយាកាសវប្បធម៌នៅទីនេះក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន៖
“ដោយមានភាពខ្លៀវក្លា និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនសមាជិកក្លឹប យើងខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជន និងភ្ញៀវទេសចរ។ នេះពិតជាក្ដីសប្បាយរីករាយដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏ធំដែលជួយយើងខ្ញុំបន្តខិតខំប្រឹងប្រែងថែមទៀត”។
មិនត្រឹមតែសម្ដែងសិល្បៈប៉ុណ្ណោះទេ សមាជិកក្លឹបថែមទាំងណែនាំភ្ញៀវទេសចរអំពីរបៀបប៉ាក់ចរបាប់ទៀតផង។ (រូបថត៖ VOV) |
សមាជិកក្លឹបភាគច្រើននៅមានអាយុតិច ក្រោមការណែនាំរបស់លោក Giang A Hai រហូតដល់ពេលនេះ បានចេះប្រើប្រាស់ឧបករណ៍ភ្លេងជនជាតិយ៉ាងស្ទាត់ជំនាញ ចេះរាំរបាំប្រពៃណី ហើយកាន់តែស្រឡាញ់លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួន។ បន្ទាប់ពីបញ្ចប់របាំជាមួយសមាជិកក្លឹប ប្អូន Vang Thi Thu Ha បានឲ្យដឹងថា៖
“យើងខ្ញុំស្រឡាញ់ក្លឹប Hong Mi ណាស់ ព្រោះនៅទីនេះយើងខ្ញុំមានសកម្មភាពដ៏ស្របតាមអត្តសញ្ញាណជនជាតិ។ អាស្រ័យហេតុនេះ យើងខ្ញុំស្រឡាញ់វប្បធម៌ប្រពៃណីកាន់តែច្រើន ហើយផ្សព្វផ្សាយវាដល់មនុស្សគ្រប់គ្នា ដើម្បីមកទស្សនានិងប្រាស្រ័យទាក់ទងជាមួយជនជាតិយើង”។
លោក Giang A Hai បានឲ្យដឹងថា ក្រៅពីការសម្ដែងប្រចាំសប្តាហ៍នៅផ្សារណាត់ Bac Ha លោក និងសមាជិកក្លឹបក៏បានចូលរួមកម្មវិធីវប្បធម៌សិល្បៈជាច្រើនរបស់ស្រុក ហើយជួយភូមិមិត្ត កសាងឈុតសម្ដែងសិល្បៈនិងបង្កើតក្លឹបសិល្បៈ... ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណប្រពៃណី ជួយភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ៖
“មានការសម្ដែងដែលយើងខ្ញុំអញ្ជើញភ្ញៀវឡើងរាំជាមួយគ្នា។ ខ្ញុំផ្លុំខ្លុយ មិត្តខ្លះទៀតរាំ ហើយភ្ញៀវទេសចរក៏ចូលរួមរាំជាមួយពួកយើងដែរ។ ការសម្តែងបែបនេះពិតជាល្អណាស់ បង្កើតភាពស្និទ្ធស្នាលរវាងពួកយើង និងភ្ញៀវទេសចរ ក៏ដូចជាបង្កើតការចាប់អារម្មណ៍ដល់ភ្ញៀវនៅពេលមកកាន់ Bac Ha ផងដែរ”។
នៅក្នុងលំហព្រៃភ្នំភាគពាយ័ព្យ សូរសំឡេងពិរោះៗលាន់លឺរន្ទឺពីផ្សារណាត់ Bac Ha គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃវប្បធម៌ចម្រុះពណ៌ ដែលជាមោទនភាពតាំងពីច្រើនជំនាន់មក របស់បងប្អូនបណ្ដាជនជាតិនៅ Bac Ha ខេត្ត Lao Cai៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

