Plei Op - ភូមិមានអាយុកាល ១០០ ឆ្នាំនៅកណ្តាលទីក្រុង Pleiku
(VOVWORLD) - ភូមិ Plei Op ឬហៅថាភូមិ Op ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៧ ហើយបច្ចុប្បន្នមានអាយុកាលជិត ១០០ ឆ្នាំហើយ។ បើទោះបីមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង Pleiku ក៏ដោយ ភូមិ Op ត្រូវបានហ៊ុំព័ទ្ធជុំវិញដោយជ្រលងភ្នំ Ia Lam និងទឹកជ្រោះចំនួនពីរ គឺ Ia Nin និង Ia Nak ដែលហូរច្រិចៗទាំងយប់ទាំងថ្ងៃ ដោយបង្កើតឡើងទេសភាពដ៏មនោរម្យ និងសុខក្សេមក្សាន្ត។
ចំណាប់អារម្មណ៍ដំបូងនៅពេលមកដល់ភូមិ Plei Op គឺក្លោងទ្វារភូមិ និងដំបូលផ្ទះរ៉ូងប្រពៃណី ដែលត្រូវបានចាត់ទុកជា "បេះដូង" និងព្រលឹងរបស់ភូមិ និងជានិមិត្តសញ្ញាវប្បធម៌របស់ភូមិ។ ផ្ទះរ៉ូងមានរាងដូចពូថៅត្រូវបានសិប្បករក្នុងភូមិបង្កើតឡើងពីវត្ថុបុរាណទាំងស្រុង ដូចជា ឈើ និងផ្កៅ ឫស្សី។ សកម្មភាពវប្បធម៌និងពិធីបុណ្យទាំងអស់បានកើតឡើងនៅក្នុងតំបន់នេះ។
ក្លោងទ្វារភូមិ Plei Op ។ រូបថត៖ congluan.vn |
ជូនភ្ញៀវទេសចរណ៍ទៅទស្សនាផ្ទះរ៉ូង ព្រឹទ្ធាចារ្យភូមិ លោក Sieu Nui ភូមិ Plei Op សង្កាត់ Hoa Lu ទីក្រុង Pleiku ខេត្ត Gia Lai បានឧទ្ទេសនាមថា៖ “ផ្ទះរ៉ូងជាកន្លែងជួបជុំរបស់យុវជនក្នុងភូមិ។ ជារៀងរាល់ពេលយប់ ពួកគេមកជួបជុំគ្នានៅទីនេះ។ ឃែនមួយនេះ ត្រូវបានប្រើប្រាស់ដើម្បីហៅអ្នកភូមិមកផ្ទះរ៉ូងនៅពេលចាំបាច់។ គងឃ្មោះត្រូវបានប្រើជាចម្បងក្នុងពិធីបុណ្យចាក់ក្របី។ នៅក្នុងផ្ទះរ៉ូងត្រូវដាក់តាំងក្បាលក្របីដែលជានិមិត្តរូបនៃពិធីបុណ្យនេះ។ រៀងរាល់ប្រាំពីរឆ្នាំម្តង ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើង ហើយក្បាលក្របីត្រូវបានរក្សាទុកដើម្បីដាក់តាំង។ រនាត T'rung កាលពីមុនត្រូវបានប្រើប្រាស់ដើម្បីដេញបសុសត្វដែលបំផ្លាញវាលស្រែ។ សព្វថ្ងៃនេះ រនាត T'rung ត្រូវបានប្រើប្រាស់ដើម្បីសំដែងក្នុងរដូវ Xoang ”។
នៅជុំវិញ ផ្ទះរ៉ូងមានរូបចម្លាក់ឈើប្លែកៗ ជួយឲ្យអ្នកទស្សនាមើលឃើញពីជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ Op។ កាលពីមុន រូបសំណាកទាំងនេះក៏ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យសព ប៉ុន្តែសព្វថ្ងៃនេះ រូបចម្លាក់ទាំងនោះបានក្លាយទៅជាវត្ថុតុបតែងលំនៅដ្ឋាន។ កន្លែងដាក់តាំងរូបចម្លាក់ឈើជាច្រើនប្រភេទ ដូចជារូបសត្វ រូបវត្ថុ និងរូបចម្លាក់មនុស្ស ត្រូវបានរៀបចំនៅខាងស្ដាំនៃផ្ទះរ៉ូង ក៏ជាចំណុចពិសេសដែ លទាក់ទាញភ្ញៀវទេសចរនៅពេលទៅទស្សនាភូមិ Op ផងដែរ។ ព្រឹទ្ធាចារ្យភូមិ Sieu Nui បានចែករំលែកថា ដើម្បីបង្កើតរូបសំណាកដែលមានព្រលឹងនិងស្និទ្ធស្នាលជាមួយប្រជាជន ជាងចម្លាក់ត្រូវមានបទពិសោធន៍ដ៏សម្បូរបែបនិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ជនជាតិខ្លួន។ ដោយប្រើតែឧបករណ៍សាមញ្ញៗដូចជា កំណាត់ ពូថៅ កាំបិត ជាមួយនឹងបាតដៃដ៏ប៉ិនប្រសប់ ការស្រមើលស្រមៃ និងទឹកចិត្តរបស់ខ្លួន ពួកគេបានបង្កើតរូបចម្លាក់ពោពេញទៅដោយមនោសញ្ចេតនា។ “យើងចូលព្រៃរកដើមឈើធំៗ មានគុណភាពល្អ និងរឹងមាំ។ វានឹងចំណាយពេលប្រហែល ៣-៤ ខែដើម្បីសម្រេចបានរូបចំណាកមួយ។ ជាធម្មតាមនុស្សចាស់ដែលមានភាពប្រុងប្រយ័ត្ននិងល្អិតល្អន់ នឹងបង្កើតរូបចម្លាក់ដ៏ស្រស់ស្អាត”។
ជាច្រើនឆ្នាំមកនេះ ព្រឹទ្ធាចារ្យភូមិនៅភូមិ Op បានរៀបចំថ្នាក់រៀនលេងគងឃ្មោះសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីអភិរក្សនិងលើកតម្កើងសម្រស់ស្អាតវប្បធម៌របស់ភូមិ។ ឥឡូវនេះសំឡេងគងឃ្មោះមិនត្រឹមតែនៅតែបន្លឺឡើងនៅកណ្តាលព្រៃភ្នំប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ដ៏អ៊ូអរនៃទីក្រុង Pleiku ទៀតផង។ សិប្បករ Bui Mlik ភូមិ Plei Op សង្កាត់ Hoa Lu ទីក្រុង Pleiku ខេត្ត Gia Lai បានឲ្យដឹងថា៖ “ថ្នាក់រៀនបានបើកកាលពី ៤-៥ ឆ្នាំមុន។ កាលពីមុន ព្រឹទ្ធាចារ្យភូមិបានបង្រៀនយើង ហើយឥឡូវនេះយើងបន្តបង្រៀនដល់កូនចៅរបស់យើង… ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់អំពីទំនៀមទម្លាប់របស់ជនជាតិខ្លួន"។
កន្លែងដាក់តាំងរូបសំណាកឈើ។ រូបថត៖ Nguyen Thao/VOV |
ក្រៅពីសម្រស់វប្បធម៌ប្រពៃណីនៃផ្ទះរ៉ូង រូបសំណាកឈើ និងគងឃ្មោះ សំលៀកបំពាក់ប្រពៃណីក៏ត្រូវបានប្រជាជនភូមិ Op រក្សាជានិច្ច។
មកដល់ភូមិ Op អ្នកទស្សនាមិនអាចរំលងបានមុខម្ហូបដ៏វិសេសវិសាលរបស់ប្រជាជនដូចជា៖ សាច់គោអាំងក្នុងបំពង់ឫស្សី មាន់អាំង ឬមីឆាត្រប់វែងជាដើម។ សម្រាប់មុខម្ហូបមាន់អាំង ត្រូវតែឧស្សាហ៍ចិញ្ចឹមនិងជ្រើសរើសមាន់ និងមានរូបមន្តផ្ទល់ខ្លួន ទើបមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសេស។ លោក Hoang Duy Cuong អ្នកភូមិ Plei Op បានឲ្យដឹងថា៖ “មាន់ទាំងនេះត្រូវបានចិញ្ចឹមនៅលើវាលស្រែ និងចំការរបស់អ្នកភូមិ ដោយស៊ីអង្ករ និងបន្លែប៉ុណ្ណោះ។ មាន់មានទម្ងន់ប្រហែល ១ គីឡូក្រាម សាច់មាន់ក្មេងនឹងមិនស្វិតពេក។ ត្រូវចំណាយពេល ១-២ ម៉ោងដើម្បីអាំងសាច់មាន់”។
ជាមួយនឹងគ្រឿងផ្សំពីព្រៃភ្នំ អ្នកភូមិក៏រៀបចំមុខម្ហូបប្លែកៗនៅក្នុងបំពង់ឬស្សី ក្នុងនោះ មានសាច់គោអាំងនៅក្នុងបំពង់ឫស្សីផងដែរ។ ថ្វីត្បិតតែការរៀបចំមានលក្ខណៈសាមញ្ញក៏ដោយ នៅពេលដែលគួបផ្សំជាមួយគ្រឿងផ្សំធម្មជាតិ វាបង្កើតបានជាមុខម្ហូបដ៏គួរឲ្យទាក់ទាញ ជាមួយនឹងរសជាតិខុសប្លែក និងទាក់ទាញពិសេស។ លោក Hoang Duy Cuong បន្ថែមថា៖ “សាច់គោអាំងត្រូវជ្រើសរើសសាច់គោឈ្មូល មិនក្មេងពេក ឬចាស់ពេក ទើបមានរស់ជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់មក យើងប្រឡាក់គ្រឿងទេស រួចដាក់ក្នុងបំពង់ឫស្សី ហើយយកទៅអាំង”។
ការសម្តែង គងឃ្មោះនៅភូមិ Plei Op ។ រូបថត៖ congluan.vn |
កាលពី ១៧ ឆ្នាំមុន (២០០៨) ភូមិទេសចរណ៍វប្បធម៌ Plei Op ត្រូវបានទទួលស្គាល់ជាផ្លូវការ ចាប់ពីពេលនោះមក ភូមិបានអភិវឌ្ឍន៍កាន់តែធំទូលាយ និងកាន់តែស្អាត។ អ្នកភូមិបានយល់ដឹងពីការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រុមសិប្បករគងឃ្មោះតែងតែរក្សាការហ្វឹកហាត់ជាប្រចាំ និងចូលរួមសម្តែងក្នុងកម្មវិធីវប្បធម៌និងសិល្បៈដែលរៀបចំឡើងដោយទីក្រុងនិងខេត្ត។ ជាពិសេស អ្នកភូមិបានបង្កើតនូវដំណើរទេសចរណ៍ពិសោធន៍វប្បធម៌ក្នុងស្រុក ដើម្បីបម្រើភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ៕.