ភូមិទេសចរណ៍ជាទីមនោរម្យរបស់សហគមន៍ជនជាតិ Tay នៅខេត្ត Ha Giang
(VOVWORLD) - ភូមិទេសចរណ៍ ជនជាតិ Tay នៅជុំវិញ ទីក្រុង Ha Giang ខេត្ត Ha Giang គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេសយ៉ាសច្រើនកុះករ។ ផ្ទះឈើបុរាណដែលមានដំបូលប្រក់ស្លឹកចាក ហ៊ុំព័ទ្ធជុំវិញដោយវាលស្រែកាំជណ្ដើរលាតសន្ធឹងលើចង្កេះភ្នំ។ ភូមិទាំងនេះ គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ស្វែងយល់ក្នុងឱកាសដើមឆ្នាំថ្មី និងដើមនិទាឃរដូវ។
ភូមិទេសចរណ៍វប្បធម៌សហគមន៍ Lam Dong ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ពីទីក្រុង Ha Giang ដល់ច្រកទ្វាព្រំដែន Thanh Thuy។ មើលឃើញពីខាងលើ ភូមិ Lam Dong មានភាពសុខក្សេមក្សាន្តជាមួយនឹងព័ណ៌បៃតងរបស់វាលស្រូវ និងបន្លែនៅជុំវិញផ្ទះឈើ។ កាលពី១១ឆ្នាំមុន (២០១៤) ភូមិ Lam Dong បានចាប់ផ្តើមកសាងភូមិទេសចរណ៍វប្បធម៌សហគមន៍។ ផ្លូវបេតុងចាប់ពីផ្លូវជាតិលេខ២ ដល់ភូមិវប្បធម៌ មានទទឹងជាង៣ម៉ែត្រ បណ្តោយ៥០០ម៉ែត្រ មានផ្លូវតូចៗនាំទៅដល់ផ្ទះសម្បែងរបស់ប្រជាជន។ ជាពិសេស ប្រជាជនខិតខំប្រឹងប្រែងថែរក្សាផ្ទះឈើបុរាណ ជាមួយទំនៀមទម្លាប់និងចម្រៀងប្រជាប្រិយដូចជា ចម្រៀង Then និងចម្រៀង Luon coi ។ លោក Mai Thanh Nam លេខាសាខាបក្ស ភូមិ Lam Dong ជឿជាក់ថា សម្រស់បែបជនបទ សាមញ្ញ និងលក្ខណៈវប្បធម៌វិសេសវិសាលរបស់ភូមិ Lam Dong បានទាក់ទាញភ្ញៀវទេសចរពេលមក Ha Giang៖ “ទំនៀមទំលាប់ត្រូវបានថែរក្សាជានិច្ច។ យើងមានក្រុមសិល្បៈសម្រាប់សម្តែងបម្រើភ្ញៀវទេសចរណ៍ដែលចង់ស្នាក់នៅ។ ក្រុមសិល្បៈភាគច្រើនច្រៀងចម្រៀងប្រជាប្រិយ។ ហើយភ្ញៀវទេសចរណ៍ក៏ចង់ទទួលបានបទពិសោធន៍ ធ្វើការងារជាមួយជនជាតិភាគតិច ដូចជាការហូបចុក ការរស់នៅ និងការធ្វើការជាមួយគ្នាផងដែរ”។
ភូមិ Lam Dong ជាភូមិជនបទថ្មីចម្រុះពណ៌នៅខេត្ត Ha Giang។ រូបថត៖ baohagiang.vn |
ភូមិទាំងមូលមានគ្រួសារជាង ២០០គ្រួ ដែលក្នុងនោះគ្រួសារចំនួន១៥ បានចុះឈ្មោះធ្វើទេសចរណ៍សហគមន៍ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេសមកសម្រាកលំហែកាយ និងលេងកម្សាន្ត។ លោក Dam Quoc Hoi មេភូមិ Lam Dong បានឲ្យដឹងថា៖ “បច្ចុប្បន្ន ភូមិកំពុងសាងសង់រហាត់ទឹក ត្បាល់កិន និងផ្ទះឈើបុរាណ។ ភ្ញៀវបរទេសដែលមកទីនេះពិតជាចូលចិត្តស្វែងយល់ និងទទួលបទពិសោធន៍ពីការកិនស្រូវ ដាំស្រូវ និងភ្ជួររាស់ជាមួយអ្នកស្រុក”។
ចាកចេញពីភូមិទេសចរណ៍វប្បធម៌សហគមន៍ Lam Dong តាមផ្លូវជាតិលេខ ២ ដល់ច្រកទ្វារព្រំដែនជាតិ Thanh Thuy ភ្ញៀវទេសចរណ៍នឹងមកដល់ភូមិ Thanh Son ឃុំ Phuong Tien ស្រុក Vi Xuyen។ លោកស្រី Tran Quynh Trang មគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុង Ha Giang បានចែករំលែកថា៖ “ភូមិទេសចរណ៍វប្បធម៌ Thanh Son មានចម្ងាយ ១៥ គីឡូម៉ែត្រពីទីក្រុង នេះជាភូមិវប្បធម៌ជនជាតិ Tay ដែលមាន ៧៦ គ្រួសារ ហើយបច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ មិនត្រឹមតែមានបរិយាកាស និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ កន្លែងនេះក៏មានវប្បធម៌ធ្វើម្ហូបដ៏ខុសប្លែក បទចម្រៀង Then និងចម្រៀង Coi ផងដែរ”។
មកដល់ភូមិ Thanh Son ភ្ញៀវទេសចរអាចមើលឃើញផ្ទះឈើរបស់ប្រជាជនជនជាតិ Tay នៅជាប់នឹងវាលស្រែនិងចម្ការពោតពណ៌បៃតង ស្រះត្រីធំៗនៅមុខផ្ទះ។ ទេសភាពធម្មជាតិជាមួយថ្មភ្នំតៗគ្នា ព្រៃឈើបៃតង ទឹកជ្រោះហូរស្រក់ៗ វាលស្រែបៃតង និងខ្យល់អាកាសបរិសុទ្ធ។ ដើរលេងកម្សាន្តតាមដងផ្លូវភូមិ ភ្ញៀវទេសចរអាចមើលឃើញកសិករធ្វើស្រែចម្ការ ឬឃ្វាលក្របី កាត់ស្មៅ...បង្កើតជារូបភាពដ៏ស្រស់ស្អាតនិងក្សេមក្សាន្តនៃតំបន់ព្រៃភ្នំ។
គំរូផ្ទះ Homestay របស់គ្រួសារមួយនៅភូមិ Thanh Son។ រូបថត៖ baohagiang.vn |
ក្រៅពីទស្សនានិងស្វែងយល់ពីសម្រស់នៃភូមិ Thanh Son ភ្ញៀវទេសចរណ៍ក៏អាចរីករាយជាមួយមុខម្ហូបពិសេសរបស់ជនជាតិ Tay ដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺម្ហូបដែលធ្វើពីត្រី Bong។ ត្រី Bong ត្រូវបានអ្នកស្រុកនាំយកមកពីទន្លេ Gam ស្រុក Bac Me ចិញ្ចឹមនៅក្នុងស្រះ ដើម្បីបម្រើតម្រូវការប្រចាំថ្ងៃរបស់គ្រួសារនិងភ្ញៀវទេសចរ។ លោក Hoang Van Day ម្ចាស់ភោជនីយដ្ឋានបានឲ្យដឹងថា ត្រី Bỗng ត្រូវបានចិញ្ចឹមដោយធម្មជាតិទាំងស្រុង ហើយត្រូវចំណាយពេល ៣-៤ ឆ្នាំដើម្បីចិញ្ចឹមត្រីឲ្យមានទម្ងន់ចាប់ពីមួយគីឡូកន្លះទៅពីរគីឡូក្រាម៖ “ត្រី Bỗng ភាគច្រើនស៊ីចក ស្លឹកដំឡូងមី និងស្លឹកចេក...ដូច្នេះហើយសាច់ត្រីមានរសជាតិឈ្ងុយឆ្ងាញ់។ ត្រី Bong អាំង ពិតជាឆ្ងាញ់ពិសារណាស់ ត្រីមានអាយុជាងដប់ឆ្នាំ មិនដូចត្រីនៅខាងក្រៅទេ។ លុះពេលអតិថិជនហៅទូរស័ព្ទមកកុម្ម៉ង់ ទើបយើងចុះទៅស្រះដើម្បីចាប់ត្រីដោយផ្ទាល់។ អាហារទាំងអស់នៅទីនេះគឺស្រស់ៗទាំងស្រុង។ ត្រីមួយក្បាលមានទម្ងន់ ៣គីឡូក្រាមអាចធ្វើបានម្ហូប ៦មុខ”។
ក្រៅពីគយគន់ទេសភាពធម្មជាតិ និងរីករាយជាមួយម្ហូបអាហារពោពេញទៅដោយអត្តសញ្ញាណជនជាតិ Tay នៅពេលទៅទស្សនាសហគមន៍ទេសចរណ៍វប្បធម៌ ភូមិ Ha Giang ភ្ញៀវទេសចរអាចស្តាប់ចម្រៀងនិងរបាំប្រជាប្រិយដែលសំដែងដោយសិល្បករនិងក្រុមសិល្បៈនៅក្នុងភូមិ។ ដូច្នេះហើយ ដំណើរទៅស្វែងយល់ភូមិទេសចរណ៍ជាទីមនោរម្យរបស់ជនជាតិ Tay នៅខេត្ត Ha Giang កាន់តែមានភាពទាក់ទាញ៕