សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ

(VOVWORLD) - សួនច្បាររុក្ខសាស្ត្រហាណូយមិនត្រឹមតែជាគោលដៅអេកូឡូស៊ីដ៏ពិសេសមួយដែលមានធម្មជាតិដ៏ស្រស់ស្អាត លាយឡំជាមួយនឹងចំណេះដឹងរុក្ខសាស្ត្រប៉ុណ្ណោះទេ ថែម ទាំងក៏ជាកន្លែងប្រមូលផ្ដុំ និងអភិរក្សប្រភេទរុក្ខជាតិដ៏កម្រ ដែលបម្រើតម្រូវការ ស្រាវជ្រាវវិទ្យាសាស្ត្រនិងអប់រំទៀតផង។ ក្រោយពីការកសាងរយៈពេលច្រើន ឆ្នាំកន្លងមក សួនច្បាររុក្ខសាស្ត្រហាណូយ សព្វថ្ងៃនេះបានក្លាយជាគោលដៅ ទេសចរណ៍អេកូឡូស៊ីដែលមិនអាចរំលងបានសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។

សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ - ảnh 1សួនច្បាររុក្ខសាស្ត្រហាណូយ ទើបតែត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍កថ្នាក់ទីក្រុង។ (រូបថត៖ Kim Lieu/VOV5)

ស្ថិតនៅក្នុងសង្កាត់ Tay Tuu ទីក្រុងហាណូយ សួនច្បាររុក្ខសាស្ត្រហាណូយត្រូវបានប្រៀបប្រដូចជា "សួតបៃតង" ភាគខាងលិចនៃរដ្ឋធានី។ ចាប់ផ្ដើមការសាង សង់នៅឆ្នាំ ១៩៩៨ សួនច្បារនេះមានផ្ទៃដី ២០ ហិកតា ដោយអភិរក្សរុក្ខជាតិដ៏កម្រ ជាង ៣០០ ប្រភេទ រួមទាំងប្រភេទរុក្ខជាតិដែលត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហម វៀតណាម ដែលបង្កើតជាការសម្រិតសម្រាំងរុក្ខជាតិចម្រុះពីតំបន់ព្រៃភ្នំភាគខាងជើង និងតំបន់ភាគកណ្តាលវៀតណាម។ នៅទីនេះក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស អំបូររុក្ខជាតិឱសថដ៏មានតម្លៃ និងរុក្ខជាតិប្រចាំតំបន់ភាគខាងជើង ដែលកំពុងប្រឈម នឹងហានិភ័យផុតពូជផងដែរ។

លោកបណ្ឌិត Tran Ngoc Ninh អ្នកជំនាញផ្នែករុក្ខកម្ម បានធ្វើអត្ថាធិប្បាយថា៖ “នៅក្នុងសួនច្បាររុក្ខសាស្ត្រនេះមានរុក្ខជាតិកម្រនិងមានតម្លៃ ដែលត្រូវបានគេ ស្រាវជ្រាវ ដូចជាដើមស្រល់ក្រហម ដែលត្រូវបានគេចំរាញ់សារធាតុសម្រាប់ព្យាបាល ជំងឺមហារីក ហើយមាន ដើម ណាហ្គេយ៉ា ហ្វ្លូរី (Nageia fleuryi ) ដើមស្រល់ស្លឹកខ្លី ដែលប្រើប្រាស់សម្រាប់តាំងលម្អ និងធ្វើចង្កឹះ។ កាលពីអតីតកាល អធិរាជបានប្រើ ឈើដើម ណាហ្គេយ៉ា ហ្វ្លូរី ដើម្បីសាកល្បងសរធាតុសកម្ម និងសម្គាល់សរធាតុពល”។

សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ - ảnh 2សួនច្បារនេះមានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនិងចម្រុះ ព្រមទាំងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។ (រូបថត៖ Kim Lieu/VOV5)

ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ចម្រុះ បរិយាកាសធម្មជាតិដ៏បរិសុទ្ធ សួនច្បាររុក្ខសាស្ត្រហាណូយត្រូវបានគ្រោងទុកជាតំបន់ទេសចរណ៍អេកូឡូស៊ី - អប់រំ បរិស្ថាន - ស្រាវជ្រាវពិសោធន៍ ជាមួយនឹងតំបន់ផ្សេងៗគ្នាដូចជា៖ តំបន់ព្រៃឈើ ធម្មជាតិ និងបឹងអេកូឡូស៊ី ដែលភ្ញៀវទេសចរ អាចសម្រាកលំហែកាយ និងដើរលេង ក្នុងបរិយាកាសស្រស់ស្រាយ; តំបន់តាំងពិព័រណ៍រុក្ខជាតិតាមប្រធានបទ សម្រាប់ បម្រើការសិក្សា និងស្រាវជ្រាវ; តំបន់ពិសោធន៍អប់រំបៃតងសម្រាប់សិស្សានុសិស្ស និស្សិតស្វែងយល់អំពីពិភពរុក្ខជាតិ ពង្រីកផ្នត់គំនិតអេកូឡូស៊ីតាមរយៈបទពិសោធន៍ ជាក់ស្តែង។ លោក Le Dinh Toan នាយករងអាជីវកម្មចំការទេសចរណ៍ Tu Liem នៃក្រុមហ៊ុន ចំកាត់វិនិយោគ និងអភិវឌ្ឍន៍កសិកម្មហាណូយ បានឲ្យដឹងថា៖

“សួនរុក្ខសាស្ត្រត្រូវបានបែងចែកជាតំបន់ជាច្រើន។ ឧទាហរណ៍មានតំបន់ ជំនាញខាងឈើបុរាណ ហើយចូលជ្រៅនៅខាងក្នុងគឺតំបន់ដើមក្រញូង ដើមស្រល់។ នៅពេលដែលយើងយកដើមឈើមកដាំ យើងបានបែងចែកវាជាផ្នែកនីមួយៗ។ ហើយ នៅកណ្តាលសួនច្បារមានបឹងធំមួយដែលមានទំហំ ១,៥ ហិកតា។ ចំណុចលេចធ្លោ នៃសួនរុក្ខសាស្ត្រគឺការអភិរក្សប្រភេទដើមឈើព្រៃជាចម្បង ហើយផ្កានៅទីនេះ គឺជាផ្កានៃដើមឈើព្រៃនេះ។ ទំហំធំនៃសួនច្បារនេះក៏បានទាក់ទាញប្រភេទសត្វ ស្លាបជាច្រើនប្រភេទផងដែរ”។

នៅកណ្ដាលសួនច្បារដ៏ធំទូលាយ មានបឹងមួយ ដែលមានទំហំប្រហែល ១,៥ ហិកតា មានរាងដូចផែនទីប្រទេសវៀតណាម ជាមួយនឹងម្លប់ដើមឈើ និងទឹកពណ៌ខៀវត្រជាក់ ដែលបង្កើតជាផ្ទាំងគំនូរដ៏ស្រស់ស្អាតខ្លាំង។ អ្នកស្រី Nguyen Huong Lien មកពីខេត្តអានយ៉ាង បានចែករំលែកនៅពេលមកទស្សនាសូនច្បាររុក្ខសាស្ត្រហាណូយ យ៉ាងដូច្នេះថា៖

“ខ្ញុំមកកាន់ហាណូយបានពីរថ្ងៃហើយ។ ខ្ញុំស្វែងរកតាមអ៊ីនធឺណិត ហើយឃើញថា សួនច្បារនេះស្រស់ស្អាតខ្លាំងណាស់ ដូច្នេះខ្ញុំបានជ្រើសរើសទៅទស្សនា។ ខ្ញុំពិតជាចូលចិត្តម៉ែនទេន ទោះបីជាមានសួនច្បារជាច្រើននៅភាគខាងត្បូងក៏ដោយ។ ចំណាប់អារម្មណ៍ទូទៅគឺអស្ចារ្យណាស់។ សួនច្បារនេះពោរពេញដោយដើមឈើបុរាណ ហើយខ្យល់អាកាសក៏បរិសុទ្ធ។ មិនចាំបាច់ធ្វើដំណើរឆ្ងាយទេ នៅកណ្តាលទីក្រុងហាណូយ ខ្ញុំអាចមើលឃើញប្រភេទដើមឈើដែលពីមុនខ្ញុំត្រូវទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនៃប្រទេសវៀតណាម ទើបបានជួបប្រទះ។ ខ្ញុំចូលក្នុងសួនច្បារកាន់តែជ្រៅ វាកាន់តែមានអារម្មណ៍ដូចជាពិភពមួយ នៅកណ្ដាលជីវភាពអ៊ូអរនៃរដ្ឋធានី”។

សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ - ảnh 3សិស្សានុសិស្ស មកទស្សនានៅសួនច្បាររុក្ខសាស្ត្រហាណូយ។ (រូបថត៖ Kim Lieu/VOV5)

ក្រៅពីការជ្រមុជខ្លួននៅក្នុងខ្យល់អាកាសបរិសុទ្ធនៃធម្មជាតិ ពេលមកដល់សួនរុក្ខសាស្ត្រហាណូយ ភ្ញៀវទេសចរក៏អាចទស្សនាផ្ទះតាំងពិព័រណ៍ដែលមានសត្វល្អិត សត្វ និងរុក្ខជាតិដ៏កម្រជាច្រើនប្រភេទផងដែរ។ នេះជាកន្លែងសម្រាប់រក្សាទុកសំណាកស្ងួតនិងសំណាកត្រាំក្នុងទឹក ដើម្បីបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាពន្យល់អំពីបរិស្ថាន និងលក្ខណៈពិសេសព្រៃត្រូពិច លើទូទាំងប្រទេសវៀតណាម។ 

លើសពីនេះ ភ្ញៀវទេសចរអាចចូលរួមល្បែងកំសាន្តប្រជាប្រិយដូចជា ការដើរជើងទោម ល្បែងជញ្ជីងប៉ុង និងល្បែងទាញព្រ័ត្រ; ចូលរួមសកម្មភាពពិសោធន៍ ដូចជាការដាំផ្កា ដើមឈើបៃតង ការថែទាំរុក្ខជាតិ ឬ ចិញ្ចឹមបសុសត្វនិងបសុបក្សី ជាដើម។

ក្រោយពីដំណើរការអភិវឌ្ឍជិត ៣០ ឆ្នាំ សួនរុក្ខសាស្ត្រហាណូយ សព្វថ្ងៃនេះបានក្លាយជាគោលដៅទេសចរណ៍បៃតងដ៏ល្អមួយ ដែលទាក់ទាញគ្រួសារ យុវជននិងភ្ញៀវទេសចរអន្តរជាតិជាច្រើន មកថតរូបពេលវេលាដ៏សុខសាន្តនៅកណ្ដាលធម្មជាតិដ៏ស្រស់បំព្រង ហើយទទួលអារម្មណ៍អំពីចង្វាក់ជីវិតរស់នៅដ៏ស្ងប់ស្ងាត់នៅក្នុងទីក្រុងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ