ពង្រឹងការតភ្ជាប់អាស៊ាន ក្នុងការជំរុញ​សេដ្ឋកិច្ចនវានុវត្តន៍

(VOVWORLD) - ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងទៅ បណ្តាប្រទេសអាស៊ី ក៏ដូចជាអាស៊ានបានទទួលជោគជ័យជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឧស្សាហកម្មច្នៃប្រឌិត រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។ នេះជាមតិរបស់អ្នកជំនាញដែលចូលរួមក្នុងសិក្ខាសាលា "ប្រទេសថៃ និងសេដ្ឋកិច្ចនវានុវត្តន៍អាស៊ាន" នាពេលថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់អាស៊ានក្នុងការជំរុញបន្ថែមទៀតនូវសេដ្ឋកិច្ចចនវានុវត្តន៍-កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញឈានមុខគេក្នុងវិស័យសេដ្ឋកិច្ចនវានុវត្តន៍មកពីបណ្តាប្រទេសអាស៊ាន ចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីវិធីជំរុញបន្ថែមទៀតនូវឧស្សាហកម្មនវានុវត្តន៍របស់អាស៊ាន ក៏ដូចជាគាំទ្រអ្នកដែលមានទេពកោសល្យធ្វើនវានុវត្តន៍ផងដែរ។ ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានអះអាងពីសារៈសំខាន់នៃសេដ្ឋកិច្ចនវានុវត្តន៍ ជាមួយនឹងប្រាក់ចំណូលជិត ២,៣ ពាន់ពាន់លានដុល្លារ/ឆ្នាំ ដែលរួមចំណែក ៣,១% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពិភពលោក។ លោករដ្ឋមន្ត្រី Maris ក៏បានសង្កត់ធ្ងន់លើគោលនយោបាយជាប់លាប់របស់ប្រទេសថៃក្នុងការជំរុញសេដ្ឋកិច្ចនវានុវត្តន៍៖

“ការចិញ្ចឹមបីបាច់ខឿនសេដ្ឋកិច្ចនវានុវត្តន៍ ជានិច្ចកាលជាគោលនយោបាយដ៏សំខាន់របស់ប្រទេសថៃ។ យើងបានជំរុញឧស្សាហកម្មនវានុវត្តន៍ មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះទៀតផង។ នេះក៏ជាវិស័យស្នូលដើម្បីជំរុញខឿនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៅរដ្ឋសភាកាលពីសប្តាហ៍កន្លងទៅ”។

ពង្រឹងការតភ្ជាប់អាស៊ាន ក្នុងការជំរុញ​សេដ្ឋកិច្ចនវានុវត្តន៍ - ảnh 1រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានអះអាងពីសារៈសំខាន់នៃសេដ្ឋកិច្ចនវានុវត្តន៍ ជាមួយនឹងប្រាក់ចំណូលជិត ២,៣ ពាន់ពាន់លានដុល្លារ/ឆ្នាំ ដែលរួមចំណែក ៣,១% នៃ GDP របស់ពិភពលោក។

រដ្ឋមន្ត្រី Maris បានឲ្យដឹងថា សេដ្ឋកិច្ចច្នៃប្រឌិតរបស់ថៃបានរួមចំណែកជាង ៣២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលស្មើនឹងជិត ៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ទិន្នន័យស្ថិតិបានបង្ហាញថា ប្រទេសជាង ៧០% នៅលើពិភពលោកបានបង្កើតគោលនយោបាយជាច្រើនដើម្បីទាញយកសក្តានុពលនៃសេដ្ឋកិច្ចនវានុវត្តន៍  ដោយចាត់ទុកនេះជាប្រភពដ៏សំខាន់ដើម្បីបង្កើតការងារធ្វើ ដែលបច្ចុប្បន្នអត្រាប្រហែល ៦% នៃចំនួនការងារសកល។ តាមនោះ លោករដ្ឋមន្ត្រី Maris បានចាត់ទុកថា បណ្តាប្រទេសអាស៊ានត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការកសាងគោលនយោបាយជាតិស្តីពីសេដ្ឋកិច្ចនវានុវត្តន៍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង និងនវានុវត្តន៍ជាងម្រាប់អាស៊ាន។

ចែករំលែកដូចគ្នា លោកស្រី Phongsaward Guyaroonsuith តំណាងគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់របស់ថៃបានឲ្យដឹងថា៖ “ប្រទេសថៃជឿជាក់ថា ការរួមបញ្ចូលនវានុវត្តភាពក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់ប្រទេស អាចនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេង។ សេដ្ឋកិច្ចនវានុវត្តន៍របស់ប្រទេសថៃដើរតួនាទីជាឆ្អឹងខ្នង ដោយសន្យាថានឹងនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេងមិនត្រឹមតែសម្រាប់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង។ នវានុវត្តន៍គឺគ្មានដែនកលំណត់ ហើយនៅពេលសហការជាមួយគ្នា យើងអាចទាញយកជាអតិបរមានូវសក្តានុពលពីវប្បធម៌ដ៏សម្បូរបែបរបស់អាស៊ាន ដោយកំណត់អាស៊ានជាតំបន់ឈានមុខគេនៅក្នុងខឿនសេដ្ឋកិច្ចនវានុវត្តន៍សកល”។

លោកស្រី Phongsaward Guyaroonsuith បានឲ្យដឹងថា វិធីសាស្ត្រ អភិក្រម  របស់ប្រទេសថៃចំពោះសេដ្ឋកិច្ចនវានុវត្តន៍គឺផ្តោតលើវិស័យសំខាន់ៗចំនួនបី។ ដំបូងបង្អស់ ប្រទេសនេះមានផែនការអភិវឌ្ឍន៍ទេពកោសល្យនវានុវត្តន៍តាមរយៈគំរូ "គ្រួសារមួយ កម្មវិធីអំណាចទន់មួយ" សំដៅកែលម្អគុណភាពនៃធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិតនិងជំនាញខ្ពស់។ គំរូនេះមានគោលបំណងជំរុញសិប្បកម្ម សិល្បៈ វប្បធម៌ និងបច្ចេកវិទ្យាទំនើប ដូចជា AI ដើម្បីជំរុញនវានុវត្តន៍នៅទូទាំងប្រទេសថៃ។

បន្ទាប់មកទៀត រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញឧស្សាហកម្មនវានុវត្តន៍ ដោយបង្កើតបរិយាកាសអាជីវកម្មដ៏រួសរាយរាក់ទាក់ និងការអនុគ្រោះជាច្រើន ជាមួយនឹងវិធានការគាំទ្រការគ្រប់គ្រងក្នុងវិស័យដូចជា ទេសចរណ៍ និងម៉ូដ ម្ហូបអាហារ ជាវិស័យដែលនវានុវត្តន៍និងវប្បធម៌ត្រូវបានដាក់បញ្ចូលដើម្បីបង្កើតផលិតផលមានតម្លៃខ្ពស់។ ជាទីបំផុត ដើម្បីពង្រីកផលិតផល និងសេវាកម្មនវានុវត្តន៍របស់ប្រទេសថៃនៅក្នុងទីផ្សារពិភពលោក ប្រទេសនេះបានសន្យាជំរុញការនាំចេញផលិតផលវប្បធម៌ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌនៃតំបន់អាស៊ាន ដែលមានលក្ខណៈវប្បធម៌ចម្រុះ និងជាមជ្ឈមណ្ឌលនៃឧស្សាហកម្មនវានុវត្តន៍មួយចំនួនរបស់ពិភពលោក។

តាមរយៈវគ្គពិភាក្សា វាគ្មិនបានយល់ស្របថា ការជំរុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ានបន្ថែមទៀត គឺជាមធ្យោបាយតែមួយគត់ដែលអាចជួយអាស៊ានប្រែក្លាយកម្លាំងវប្បធម៌របស់ខ្លួនទៅជាឱកាសសកល យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ