សហគ្រាសវៀតណាមយកឆ្នះលើទីផ្សារឥណ្ឌូនេស៊ីជាបណ្តើរៗ
(VOVWORLD) - SIAL Interfood ២០២៤ គឺជាពិព័រណ៍ម្ហូបអាហារនិងភេសជ្ជៈដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលអូសបន្លាយរយៈពេលពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ វៀតណាមមានសហគ្រាសចំនួន ៥ ដែលចូលរួមពិព័រណ៍នេះ ដោយមានគោលដៅឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផល ហើយទន្ទឹមនឹងនោះ ស្វែងរកឱកាសដើម្បីឈានចូលទីផ្សារឥណ្ឌូណេស៊ីដែលពោពេញទៅដោយសក្តានុពល ក៏ដូចជាទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
មានប្រទេសចំនួនជាង ២៥ មកពីតំបន់ផ្សេងៗនៃពិភពលោកបានចូលរួមក្នុងការតាំងពិពណ៌ SIAL Interfood ២០២៤។ ពិព័រណ៍នេះបង្ហាញពីការច្នៃប្រឌិតផ្នែកម្ហូបអាហារ ភេសជ្ជៈ សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងនំប៉័ង។ អង្គភាពចូលរួមជាង ១.២០០ រួមមានសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ចំនួន ១៥០ មកពីតំបន់ផ្សេងៗគ្នា ដែលកំពុងប្រតិបត្តិការលើវិស័យផលិតកម្មម្ហូបអាហារ ការកែច្នៃ ការនាំចេញ-នាំចូល ការចែកចាយម្ហូបអាហារនិងភេសជ្ជៈ។+
ប្រជាជនឥណ្ឌូនេស៊ីយកចិត្តទុកដាក់លើផលិតផលវៀតណាម។ (រូបថត៖ VOV) |
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham The Cuong បានឲ្យដឹងថា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស នាពេលថ្មីៗនេះ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ២២% ។ សម្រេចបានពិព័រណ៍នេះ កឺដោយមានការរួមវិភាគទានដ៏ធំធេងរបស់អង្គភាពអាជីវកម្មវៀតណាម តាមរយៈសកម្មភាពជំរុញការជ្រៀតចូលទីផ្សារ រួមទាំងចូលរួមការតាំងពិព័រណ៍និងសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ លោកបានឲ្យដឹងថា មានសហគ្រាសវៀតណាមចំនួន ៥ បានចូលរួមពិព័រណ៍ SIAL Interfood ២០២៤ នេះ។ “ឥណ្ឌូនេស៊ីគឺជាទីផ្សារធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រហែល ២៨០ លាននាក់ ជាមួយនឹងសក្តានុពលដ៏ធំធេង ជាពិសេសក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ ជារៀងរាល់ឆ្នាំ ឥណ្ឌូនេស៊ីបាននាំចូលទំនិញដែលមានតម្លៃជាង ២០ ពាន់លានដុល្លារអាមេរិក ដូច្នេះហើយនេះគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលម្ហូបអាហារនិងភេសជ្ជៈរបស់វៀតណាម។ តម្រូវការរបស់ទីផ្សារឥណ្ឌូណេស៊ីក៏មានភាពសម្បូរបែបផងដែរ ហើយវៀតណាមអាចបំពេញបានទាំងស្រុង”។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham The Cuong ។ រូបថត៖ VOV |
ត្រូវបានចាត់ទុកជាទីផ្សារដ៏មានសក្ដានុពលមួយ ប៉ុន្តែឥណ្ឌូនេស៊ីក៏មានតម្រូវការដ៏តឹងរឹងសម្រាប់ផលិតផល ជាពិសេសម្ហូបអាហារនិងភេសជ្ជៈ ដែលត្រូវបំពេញស្តង់ដាររបស់ប្រទេសមួយដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមយ៉ាងច្រើន ក្នុងនោះរួមទាំងវិញ្ញាបនបត្រហាឡាលផងដែរ។ ដើម្បីដណ្តើមយកទីផ្សារដ៏តឹងរឹងនេះ សហគ្រាសវៀតណាមដែលចូលរួមក្នុងការតាំងពិព័រណ៌បានឲ្យដឹងថា ពួកគេបានត្រៀមរៀបចំយ៉ាងពេញលេញនូវឯកសារចាំបាច់ ដើម្បីពង្រីកចូលទៅក្នុងទីផ្សារដ៏សំខាន់នេះ។ លោក Vu Thai Son នាយកក្រុមហ៊ុន Long Son - សហគ្រាសវៀតណាមមួយក្នុងចំណោមសហគ្រាសចំនួន ៥ ដែលចូលរួមក្នុងការតាំងពិពណ៌បានចែករំលែកថា៖ “នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Long Son បានចូលរួមក្នុងការតាំងពិព័រណ៍នៅប្រទេសឥណ្ឌូនេស៊ី។ ឥណ្ឌូណេស៊ីគឺជាទីផ្សារអ៊ីស្លាមដ៏ធំ និងមានសក្តានុពល។ នៅប្រទេសឥណ្ឌូនេស៊ីក៏មានផលិតផលគ្រាប់ស្វាយចន្ទីដែរ ប៉ុន្តែនៅតែមានតម្រូវការយ៉ាងច្រើនសម្រាប់គ្រាប់ស្វាយចន្ទី។ ដូច្នេះហើយ អាជីវកម្មរបស់យើងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារឥណ្ឌូនេស៊ី ហើយទន្ទឹមនឹងនោះ ពង្រីកអតិថិជននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ យើងខ្ញុំក៏បានរៀបចំយ៉ាងគ្រប់គ្រាន់នូវវិញ្ញាបនបត្រហាឡាលផងដែរ”។
ជាមួយនឹងប្រជាជន ៨៧% កាន់សាសនាឥស្លាម(ក្នុងចំណោមប្រជាជនសរុប ២៨០លាននាក់) ទីផ្សារហាឡាលរបស់ឥណ្ឌូនេស៊ីមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រទេសជាច្រើន។ វៀតណាមត្រូវបានចាត់ទុកជាប្រទេសដែលមានគុណសម្បត្តិជាច្រើន ព្រោះមានទីតាំងនៅអាស៊ីអាគ្នេយ៍ និងមានវប្បធម៌ជិតស្និទ្ធ ដូច្នេះផលិតផលវៀតណាមកាន់តែងាយស្រួលទទួលយកនៅក្នុងទីផ្សារនេះ។ នៅក្នុងរបាយការណ៍មួយនាពេលថ្មីៗនេះ ទីភ្នាក់ងារធានាផលិតផលហាឡាលរបស់ឥណ្ឌូនេស៊ី (BPJPH) បានឲ្យដឹងថា ប្រទេសចំនួនជាង ៥០ មានបំណងចង់សហការ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីក្នុងវិស័យហាឡាល់។ ប្រការនេះឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ខ្ពស់របស់សហគ្រាសជុំវិញពិភពលោកក្នុងការធានាផលិតផលហាឡាល់របស់ឥណ្ឌូនេស៊ី។ ក្នុងចំណោមប្រទេសទាំងនេះ BPJPH បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែកើនឡើង ជាមួយវៀតណាម សិង្ហបុរី អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូងនិង អ៊ុយរូហ្គាយ។ លោក Eko Cahyanto អគ្គលេខាធិការនៃក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបានអះអាងថា៖ "ឥណ្ឌូនេស៊ីមានកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយបណ្តាប្រទេសក្នុងវិស័យនេះ ជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាស្រប់តាមស្តង់ដារឥណ្ឌូនេស៊ី។ ខ្ញុំធ្លាប់បានបំពេញទស្សនកិច្ចនៅវៀតណាមកាលពីដើមឆ្នាំនេះ ហើយបានឃើញថា វៀតណាមមានការយកចិត្តទុកដាក់លើវិស័យហាឡាល់ជាមួយឥណ្ឌូនេស៊ី។ យើងមើលឃើញសក្តានុពលនៅក្នុងផលិតផលហាឡាល់របស់វៀតណាមមួយចំនួនដែលឥណ្ឌូនេស៊ីកំពុងត្រូវការ។ ដរាបណាផលិតផលរបស់វៀតណាមធានាគុណភាពល្អ ជាពិសេសគឺបំពេញស្តង់ដារ និងរសជាតិរបស់ប្រជាជនឥណ្ឌូនេស៊ី”។
ស្តង់ទំនិញវៀតណាមនៅឯពិព័រណ៍ SIAL Interfood ២០២៤។ រូបថត៖ VOV |
ពិព័រណ៍ SIAL Interfood ២០២៤ អូសបន្លាយរយៈពេល ៤ ថ្ងៃ ដោយទាក់ទាញអ្នកទស្សនាជាង ៩០.០០០ នាក់ ក្លាយជាទីកន្លែងដ៏ល្អសម្រាប់អង្គភាពអាជីវកម្ម និងអ្នកប្រើប្រាស់មកពីប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីពង្រីកបណ្តាញចែកចាយ ទទួលបានចំណេះដឹងនិងស្វែងរកពីនិន្នាការថ្មីៗ។ ផលិតផលវៀតណាមដូចជា ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី ទឹកដោះគោ កាហ្វេ... ទទួលបានការយកចិត្តទុកដាក់ពីសហគ្រាសឥណ្ឌូនេស៊ី ក៏ដូចជាសហគ្រាសនានាក្នុងតំបន់និងអន្តរជាតិផងដែរ។ នេះក៏ជាឱកាសមួយសម្រាប់សហគ្រាសវៀតណាមដែលចូលរួមក្នុងការតាំងពិព័រណ៌ ដើម្បីខិតមកជិតជាបណ្តើរៗ និង “យកឈ្នះ” លើទីផ្សារឥណ្ឌូនេស៊ីដ៏“លំបាក” ប៉ុន្តែបោពេញទៅដោយសក្តានុពល៕