កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ​វៀតណាមនៅប្រទេសឡាវ ជានិមិត្ត​រូបដ៏ថ្លៃថ្លា​នៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យរវាងវៀតណាម និងឡាវ

(VOVWORLD) - នៅឆ្នាំ ១៩៤៥ នៅពេលដែលប្រទេសឡាវប្រឈមមុខនឹងបញ្ហាដ៏ធំពីបណ្តាអនុភាពឈ្លានពាន កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមបានជួយប្រជាជនឡាវការពារឯករាជ្យរបស់ប្រទេសជាតិ។ នាប៉ុន្មានឆ្នាំនោះ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមបានប្តេជ្ញាចិត្ត ពុះពារលើការលំបាករាប់មិនអស់ ដើម្បីទៅដល់គ្រប់ភូមិឃុំ ប្រកៀកស្មាជាមួយមិត្តឡាវ។ យុទ្ធជន និងអ្នកជំនាញយោធាវៀតណាមជាច្រើននាក់បានពលីជីវិតនៅប្រទេសមិត្ត ដើម្បីនាំមកនូវសន្តិភាពនិងវិបុលភាពជូនប្រជាជន។ រឿងរ់ាវអំពីពលីកម្មរបស់យុទ្ធជនវៀតណាម តែងតែជាភស្ដុតាងដ៏រស់រវើកនៃមនោសញ្ចេតនាជាបងប្អូនជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ។

“បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវយល់ដឹងយ៉ាងជ្រាលជ្រៅថា នៅលើទឹកដីជាទីស្រឡាញ់របស់យើង ពីភាគខាងជើងទៅភាគខាងត្បូង បានលាយបញ្ចូលជាមួយសាច់ស្រស់និងឈាមស្រស់ របស់យុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរក្នុងដំណើរការតស៊ូដណ្តើមឯករាជ្យរបស់ឡាវ។ គ្មាននរណាម្នាក់អាចរាប់បានថា តើមានស្ទឹង ភ្នំ និងទន្លេប៉ុន្មានក្នុងប្រទេសឡាវ ដែលយុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរបានឆ្លងកាត់ ដើម្បីតស៊ូប្រយុទ្ធនឹងសត្រូវរួមនោះឡើយ”។

ខាងលើនេះ ជាការចែកចំណែករបស់នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ក្នុងពិធីរំលឹកខួបលើកទី ៧៥ ទិវាប្រពៃណីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ (៣០ តុលា ១៩៤៩/ ៣០ តុលា ២០២៤) នៅទីក្រុងហាណូយនាពេលថ្មីៗនេះ។ នៅក្នុងពិធីនេះ អតីតកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមនៅឡាវបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏អងអាច់ក្លាហានជាមួយគ្នា។ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង កងទ័ពស្ម័គ្រចិត្តវៀតណាមមានវត្តមាននៅទូទាំងសមរភូមិឡាវ ចាប់ពី Sam Nua ខេត្ត Xieng Khoang រហូតដល់ Phong Xa Ly ។ ពួកគេបានចូលរួមប្រយុទ្ធ ចែករំលែកបទពិសោធន៍ បណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធឡាវ និងកសាងមូលដ្ឋានទ័ពដ៏រឹងមាំ។ ឬនៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តគាំទ្រកងទ័ព Pathet Lao ក្នុងយុទ្ធនាការសំខាន់ៗដូចជារំដោះ វាលស្រែពាង - Xieng Khoang រួមចំណែកដល់ជ័យជំនះរួមនៅឆ្នាំ ១៩៧៥។ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានមានប្រសាសន៍ថា៖ “ជ័យជំនះ សមិទ្ធិផលនិងការលះបង់របស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមបានបន្សល់ទុកក្នុងដួងចិត្តរបស់ប្រជាជនឡាវ នូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងការគោរពពិសេស ដូចនឹងការកោតសរសើររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនឡាវ៖ “នៅប្រទេសឡាវ គ្មានទេ កន្លែងដែលមិនមានដានជើងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម គ្មានជ័យជំនះណាមួយដែលមិនមានពលីកម្មនិងការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្តវៀតណាម”។

កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ​វៀតណាមនៅប្រទេសឡាវ ជានិមិត្ត​រូបដ៏ថ្លៃថ្លា​នៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យរវាងវៀតណាម និងឡាវ - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចជំនួប។ រូបថត៖ qdnd

មិនត្រឹមតែជួយគាំទ្រក្នុងសម័យសង្រ្គាមប៉ុណ្ណោះទេ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមក៏បានចូលរួមចំណែកក្នុងការស្ថាបនាប្រទេសឡាវ កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ និងមធ្យោបាយធ្វើដំណើរជាដើម។ ពួកគេជាយុទ្ធជនផង និងជាវិស្វករ វេជ្ជបណ្ឌិត និងគ្រូបង្រៀនផង - ជាមិត្តដែលជួយប្រទេសឡាវអស់ពីចិត្តពីថ្លើម។ ជាមួយនឹងការគាំទ្រដ៏ស្មោះត្រង់នោះ កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមបានទទួលនូវក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនឡាវ។ នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានឲ្យដឹងថា៖ “បើទោះបីរយៈពេលជាច្រើនទស្សវត្សរ៍បានកន្លងផុតទៅ ហើយប្រទេសយើងទាំងពីរបានរួមដៃគ្នាកសាងសង្គមនិយមអស់រយៈពេលជាង ៤០ ឆ្នាំមកហើយក៏ដោយ ប៉ុន្តែការដឹងគុណរបស់បក្ស រដ្ឋាភិបាល និងប្រជាជនឡាវចំពោះការរួមចំណែកនិងការលះបង់ដ៏ធំធេងរបស់កងទ័ពនិងប្រជាជនវៀតណាម ក្នុងបុព្វហេតុបដិវត្តន៍របស់ឡាវនឹងមិនចេះរលត់ឡើយ ហើយនឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនឡាវជារៀងរហូត។ យើងប្តេជ្ញាថា ទោះបីស្ថិតក្នុងដំណាក់កាលនិងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវទាំងអស់ នឹងរួមដៃជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងដ៏កម្ររវាងប្រទេសទាំងពីរ ឲ្យរឹងមាំជារៀងរហូត សក្តិសមចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាម ក្នុងបេសកកម្មអន្តរជាតិនៅប្រទេសឡាវ”។

កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ​វៀតណាមនៅប្រទេសឡាវ ជានិមិត្ត​រូបដ៏ថ្លៃថ្លា​នៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យរវាងវៀតណាម និងឡាវ - ảnh 2នាយឧត្តមសេនីយ៍ Phan Van Giang នាយឧត្តមសេនីយ៍ Chansamone Chanyalath និងគណៈប្រតិភូជាច្រើនរូបបានចូលរួមកិច្ចប្រជុំនេះ។ រូបថត៖ qdnd

តាមរយៈជាច្រើនឆ្នាំខែមក គុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមនៅឡាវបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេស រវាងប្រទេសទាំងពីរ។ នោះគឺជាមនោសញ្ចេតនាដ៏ពិសិដ្ឋ ជាចំណងសាមគ្គីភាពដ៏ស្អិតរមួត ដែលជំនះរាល់ការលំបាក់និងឧបសគ្គ រួមគ្នាកសាងអនាគតដ៏ភ្លឺស្វាង។ ការលះបង់និងការរួមវិភាគទានរបស់ពួកគេមិនត្រឹមតែជាមោទនភាពរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកនៃចំណងភាតរភាពពិសេសរវាងវៀតណាម និងឡាវផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ