រឿងរ៉ាវអំពីមជ្ឈមណ្ឌល HOPE នៅទីក្រុងហូជីមិញ

(VOVWORLD) - ដើម្បីថែទាំទារកដែលមានអ្នកម្តាយជាអកុសលឆ្លងជំងឺកូវីដ ១៩ ទីក្រុងហូជីមិញបានបង្កើតមជ្ឈមណ្ឌលឈ្មោះ HOPE ដែលមានន័យថាក្តីសង្ឃឹម។ សាលាមត្តេយ្យ Hoa Mi 2 នៅខ័ណ្ឌទី ៥ នៃទីក្រុងហូជីមិញជាទីតាំងជាបណ្តោះអាសន្នរបស់មជ្ឈមណ្ឌល HOPE។

រឿងរ៉ាវអំពីមជ្ឈមណ្ឌល HOPE នៅទីក្រុងហូជីមិញ - ảnh 1មជ្ឈមណ្ឌល H.O.P.E បានបើកដំណើរការក្នុងគោលបំណងជួយឧបត្ថម្ភនិងថែទាំទាំងផ្លូវកាយនិងផ្លូវចិត្តដល់កុមារដែលម្តាយមានកូវីដ -១៩ ក្នុងកំឡុងពេលដែលគ្រួសារមិនអាចរកកូនមកផ្ទះវិញ (រូបថត៖ vtcnews.com)

មន្ទីរពេទ្យ Hung Vuong ក្នុងនាមជាម្ចាស់មជ្ឈមណ្ឌល HOPE ដែលជាកន្លែងផ្តល់នូវជំនាញវិជ្ជាជីវៈក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មេដោះនូវចំណេះដឹងនិងបំណិនល្អបំផុតក្នុងការថែទាំទារកទើបនឹងកើត។ ទន្ទឹមជាមួយគ្នានោះ បានរៀបចំការពិនិត្យព្យាបាលនិងថែទាំកុមារប្រចាំថ្ងៃផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Hoang Thi Diem Tuyet នាយកមន្ទីរពេទ្យ Hung Vuong បានឲ្យដឹងថា៖

“ទារកដែលត្រូវបានបញ្ជូនចូលមកមណ្ឌលគឺជាទារកដែលបានឆ្លងកាត់ការធ្វើតេស្តអវិជ្ជមានពីរដង។ តាមទស្សនៈទារកទើបនឹងកើត គឺទារកទាំងនេះសុទ្ធតែធម្មតាទាំងស្រុង។ ប្រសិនបើ ទារកទាំងនេះដែលម្តាយមិនមែនជាអ្នកជំងឺកូវីដ -១៩ ទេនោះ នឹងទទួលបានការប៉ះពាល់ស្បែកនិងការបំបៅដោះអ្នកម្តាយដែរ”។

មជ្ឈមណ្ឌល HOPE ទទួលបានការឆ្លើយតបនិងការចូលរួមពីអ្នកស្ម័គ្រចិត្តរាប់សិបនាក់ជាអ្នកមើលថែទាំក្មេងមកពីស្រុកជាច្រើននៃទីក្រុងហូជីមិញ។ អ្នកស្ម័គ្រចិត្តក្លាយជាអ្នកម្តាយ “ពិសេស” ដែលយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃសម្រាប់ថែទាំទារកទើបនឹងកើតដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលសាច់ញាតិមិនទាន់បានមកទទួល។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តមានអ្នកខ្លះ មិនធ្លាប់ធ្វើជាម្តាយ ប៉ុន្តែមកទីនេះ ពួកគេបានថែទាំទារកទាំងក្តីស្រឡាញ់និងអាណិតអាសូរ។ នារីជាអ្នកស្ម័គ្រចិត្តម្នាក់បាននិយាយថា៖

“ឆ្លងកាត់រលកជំងឺរាតត្បាតនេះខ្ញុំមានការយល់ដឹងកាន់តែច្រើន។  រូបខ្ញុំជាគ្រូបង្រៀនមត្តេយ្យ ហើយខ្ញុំបានសម្រាកនៅផ្ទះរយៈពេល ៤ ខែហើយ។ មកដល់ទីនេះពាក់ម៉ាស់ពេលមើលថែកុមារៗ ហើយត្រូវនិយាយនិងផ្លាស់ប្តូរជាមួយមិត្តភក្តិគឺមិនស្រួលទេ”។

ថ្វីត្បិតជួបការលំបាកយ៉ាងដូច្នេះក៏ដោយ អ្វីគ្រប់យ៉ាងក៏ត្រូវតែធ្វើដែរ។ ទារកដែលកើតនៅមជ្ឈមណ្ឌល HOPE គេងបានយ៉ាងល្អនៅក្នុងលំយោលពណ៌ផ្កាឈូកនិងពណ៌ខៀវ។ ក្រណាត់កន្ទបទារក  ទឹកដោះគោ ត្រូវបានឧបត្ថម្ភដោយមន្ទីរពេទ្យ Hung Vuong ឬឧបត្ថម្ភដោយសប្បុរសជន។ រឿងតែមួយគត់ដែលទារកខ្វះនោះគឺរង្វង់ដៃនិងទឹកដោះម្តាយ។ ទទួលកូននៅឯមជ្ឈមណ្ឌល HOPE លោកស្រី Le Thi Lan មិនអាចលាក់អារម្មណ៍ក្តុកក្តួលរបស់ខ្លួននៅឡើយ៖

“នៅពេលគ្រូពេទ្យនិយាយថា ទារកនឹងត្រូវបានថែទាំនៅមណ្ឌល HOPE នាងខ្ញុំមានអារម្មណ៍នឹងនរចិត្តណាស់ក្នុងការព្យាបាលជំងឺ។ បច្ចុប្បន្ន ទាំងម្តាយនិងកូនមានសុខភាពល្អ។ ឥឡូវនេះខ្ញុំគ្រាន់តែសង្ឃឹមថា ជំងឺរាតត្បាតនេះត្រូវរុញថយក្រោយ ដើម្បីកុំឱ្យម្តាយមានផ្ទៃពោះត្រូវឃ្លាតឆ្ងាយពីកូនទៀត”។

រឿងរ៉ាវអំពីមជ្ឈមណ្ឌល HOPE នៅទីក្រុងហូជីមិញ - ảnh 2ទារកត្រូវបានគេយកចិត្តទុកដាក់នៅឯមជ្ឈមណ្ឌល H.O.P.E. (រូបថត៖ vtcnews.com)

មជ្ឈមណ្ឌល HOPE ផ្តល់ក្តីសង្ឃឹមដល់អ្នកម្តាយដែលសម្រាលកូនក្នុងស្ថានភាពឆ្លងជំងឺកូវីដ ១៩ ដែលមិនអាចថែទាំកូនបាន។ នេះគឺជាគំរូដំបូងបង្អស់នៅក្នុងប្រទេសដែលបង្កើតឡើងដើម្បីថែទាំនិងចិញ្ចឹមបីបាច់កុមារអភព្វដែលអ្នកម្តាយឆ្លងជំងឺកូវីដ ១៩។ មជ្ឈមណ្ឌល HOPE នឹងត្រូវបើកទូលាយបន្ថែម ដើម្បីអាចទទួលយកទារក ដើម្បីឱ្យឪពុកម្តាយរបស់ពួកគេមានទំនុកចិត្ត នឹងនរចិត្តក្នុងការព្យាបាលជំងឺ ហើយបន្ទាប់ពីជាសះស្បើយពីជំងឺ ពួគគេត្រលប់មកទទួលកូនមកវិញ។ សេចក្តីស្រឡាញ់របស់វេជ្ជបណ្ឌិតនិងអ្នកស្ម័គ្រចិត្តនៅទីនេះ បានបំភ្លឺក្តីសង្ឃឹមក្នុងជីវភាពប្រចាំថ្ងៃ មិនថាកាលៈទេសៈណាក៏ដោយ ភាពរស់រានមានជីវិតនៅតែត្រូវបានចិញ្ចឹមបីបាច់ជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ