ឡឹម ហាំង នី - នារីម្នាក់ដែលចាប់ផ្តើមអាជីវកម្មពីម្សៅរមៀត
(VOVWORLD) - អ្នកស្រី ឡឹម ហាំង នី រស់នៅភូមិ Ong Bich ឃុំ Khanh Binh ស្រុក Tran Van Thoi ខេត្ត Ca Mau បានអនុវត្តដោយជោគជ័យនូវគំរូផលិតម្សៅរមៀតដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ព្រោះប្រភេទម្សៅនេះល្អសម្រាប់សុខភាព។ ផលិតផលម្សៅរមៀតរបស់នាងបានឈ្នះពានរង្វាន់សហគ្រិនស្ត្រីថ្នាក់ជាតិ។
ផលិតផលម្សៅរមៀតរបស់សហករណ៍ Nhat Huy គឺល្អសម្រាប់សុខភាព ដូច្នេះទទួលបានការវាយតម្លៃខ្ពស់ និងទទួលបានពានរង្វាន់សហគ្រិនស្ត្រីថ្នាក់ជាតិ (រូបថត៖ VOV) |
អ្នកស្រី ឡឹម ហាំង នី បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងគំនិត ទិញរមៀតស្រស់ពីគ្រួសារក្នុងតំបន់ ហើយលក់វាទៅកាន់ទីផ្សារលក់ដុំក្នុងមូលដ្ឋាន។ ឆ្លៀតយក មើមរមៀតដែលគេបោះចោលក្នុងពេលដំណើរការលក់រមៀតស្រស់ អ្នកស្រីនិងស្វាមីបានកែច្នៃផលិតផលម្សៅរមៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។
“ខ្ញុំគ្រាន់តែគិតចេញជាគំនិតហើយសម្រេចផលិតវាចេញជាផលិតផល។ ខ្ញុំមើលតាមអ៊ីនធឺណិត ហើយឃើញថា ម្សៅរមៀតមានប្រសិទ្ធភាពប៉ុណ្ណា។ ប្រសិនបើយើងទទួលបានការគាំទ្របន្ថែម ឬលក់បានច្រើន យើងនឹងបន្តវិនិយោគលើគ្រឿងម៉ាស៊ីន និងខ្សែសង្វាក់ផលិតកម្ម ដើម្បីបង្កើនតម្លៃផលិតផល”។
ដំណើរការផលិតម្សៅរមៀតតាំងពីឆ្នាំ ២០១៧ មក ដើមឡើយអ្នកស្រី ហាំងនី ជួបការលំបាកជាច្រើន ដោយសារនាងធ្វើដោយដៃ ហើយទិន្នផលមិនមានស្ថិរភាព។ ដោយមានការគាំទ្រពីសហភាពនារីឃុំ Khanh Binh ក្នុងការទទួលបានដើមទុនឥណទាន អ្នកស្រីនីបានតាំងចិត្ត វិនិយោគទិញម៉ាស៊ីនកិន និងម៉ាស៊ីនសម្ងួតរមៀត ដើម្បីទទួលបានផលិតភាព និងគុណភាពផលិតផលខ្ពស់ជាង។ អ្នកស្រីក៏បានកែលម្អបន្តិចម្តងៗ នូវការរចនានិងសម្រេចបានវិញ្ញាបនប័ត្រផលិតផលពីកម្មវិធី OCOP លំដាប់ផ្កាយ ៣ របស់ស្រុក Tran Van Thoi ដូច្នេះទិន្នផលគឺអំណោយផលណាស់។ លោកស្រី Le Ngoc Tu នៅឃុំ Khanh Binh បានចែករំលែកថា៖ “តាំងពីមុនរហូតមកដល់ឥឡូវនេះ ខ្ញុំប្រើតែម្សៅរមៀតពីសហករណ៍ប៉ុណ្ណោះ។ ពណ៌គឺស្រស់ស្អាតខ្លាំងណាស់ ហើយវាក៏ល្អណាស់សម្រាប់ការកែច្នៃអាហារផងដែរ។ អ្នកក៏អាចលាយវាជាមួយទឹកឃ្មុំដើម្បីផឹកនៅពេលព្រឹក។ កន្លែងជាច្រើនលក់ម្សៅរមៀត ប៉ុន្តែខ្ញុំបានទិញវានៅទីនេះ ហើយឃើញថាផលិតផលល្អណាស់”។
មុននេះ ២ ឆ្នាំ ក្នុងឆ្នាំ ២០២២ អ្នកស្រី នី បានបង្កើតសហករណ៍ Nhat Huy (នៅភូមិ Ong Bich ឃុំ Khanh Binh) ដែលមានសមាជិកសហករណ៍ចំនួន ៨ នាក់ ហើយអ្នកស្រីជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយិការសហករណ៍។ សមាជិកសហករណ៍ទាញយកអត្ថប្រយោជន៍ពីដីទំនេរជុំវិញផ្ទះដើម្បីដាំរមៀត ខណៈដែលសហករណ៍ទិញផលិតផលទាំងអស់នេះ។ អ្នកស្រី Hong Thi Nhu Y សមាជិកនៃសហករណ៍ Nhat Huy បានឲ្យដឹងថា៖ “មានប្រាក់ចំណូលសម្រាប់គ្រប់គ្រងជីវភាព គ្រួសាររបស់ខ្ញុំកាន់តែមានស្ថិរភាព។ ស្ត្រីនៅទីនេះមិនមានការងារធ្វើទេ ដូច្នេះ ពេលដាំនិងផលិតរមៀត នឹងជួយពួកគេមានការងារធ្វើ។ ទន្ទឹមជាមួយគ្នានោះ មានប្រាក់ចំណូលស្ថិរភាព នៅជិតផ្ទះងាយស្រួល មានពេលមើលថែទាំគ្រួសារ។ ឫសរមៀតនេះងាយលូតលាស់ណាស់ ហើយមិនត្រូវការ ការថែទាំច្រើនឡើយ”។
សហករណ៍ Nhat Huy កំពុងជួលកម្មករក្នុងស្រុកជាច្រើន ដើម្បីកែច្នៃរមៀតស្រស់។ ក្រៅពីនេះ សហករណ៍ក៏បានសហការជាមួយគ្រួសារក្នុងតំបន់ក្នុងការដាំរមៀតដើម្បីឱ្យមានវត្ថុធាតុដើមរមៀតមានស្ថិរភាពប្រហែល ១២ ហិកតា។ សហករណ៍ទិញរមៀតស្រស់ដើម្បីជួយប្រជាជនជាច្រើនរកចំណូលបន្ថែម។ សមាជិកនៃសហករណ៍ Nhat Huy មានមោទនភាពយ៉ាងខ្លាំងក្នុងការបង្កើតផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីសុខភាពមនុស្សគ្រប់រូប។ ចាប់តាំងពីពេលនោះមក ផលិតផលម្សៅរមៀតត្រូវបានទទួលយកយ៉ាងទូលំទូលាយ។ អ្នកស្រី ឡឹម ហាំង នី ប្រធានសហករណ៍ Nhat Huy បានឲ្យដឹងថា៖ “ទាក់ទងនឹងគ្រាប់ពូជ គឺសហករណ៍ផ្គត់ផ្គងជូនអ្នកដាំ។ សហករណ៍សម្របសម្រួល តាមដានយ៉ាងដិតដល់ និងផ្តល់ជីសរីរាង្គសម្រាប់កសិករធ្វើជី។ ជាទូទៅ មានកិច្ចសន្យារវាងប្រជាជននិងសហករណ៍។ ពោលគឺ ប្រជាជនជាអ្នកដាំ យើងជាអ្នកទិញផលដំណាំរមៀតពីប្រជាជន”។
សហករណ៍បានប្រើប្រាស់ផលផ្លែពីដើមរមៀត ដើម្បីជីកំប៉ុសទៅជាជីសរីរាង្គ ដែលប្រើសម្រាប់ជីជាតិលើដំណាំរដូវកាលបន្តបន្ទាប់។ ប្រការនេះជួយសន្សំសំចៃថ្លៃដើម និងកាត់បន្ថយកាកសំណល់ទៅក្នុងបរិស្ថាន។ អ្នកស្រី នី បាននាំយកគម្រោងផលិតម្សៅរមៀត របស់សហករណ៍ដើម្បីចូលរួមក្នុងការប្រកួតប្រជែងសហគ្រិនស្ត្រីចាប់ផ្តើមអាជីវកម្ម។ កាលពីខែតុលាកន្លងទៅ នៅឯការប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិ គម្រោងរបស់នាងត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តដោយសហភាពនារីវៀតណាម។
បច្ចុប្បន្ន ជាមធ្យមក្នុងមួយខែៗ សហករណ៍ Nhat Huy ផ្គត់ផ្គង់ទៅកាន់ទីផ្សារនូវម្សៅរមៀតប្រហែល ៥០គីឡូក្រាម ក្នុងតម្លៃ ១លានដុង (៤០ដុល្លារ)/គីឡូក្រាម។ សហករណ៍ក៏ផ្តល់ផលិតផលរមៀតស្រស់ដល់អាជីវករតូចតាចផងដែរ។ នាពេលខាងមុខ សហករណ៍សង្ឃឹមថា នឹងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ដោយហេតុនេះបង្កើតការងារដល់កម្មករក្នុងមូលដ្ឋាន ជាពិសេសស្ត្រី៕