ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤៦៧ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់ប្រិយមិត្តទាំងអស់។

លោកអ្នកនាងជាទីមេត្រី នាប៉ុន្មានសប្តាហ៍កន្លងទៅ យើងខ្ញុំបានឧទ្ទេសនាមដល់ប្រិយមិត្តនូវស្នាដៃស្ថាបត្យកម្មសាសនាប្លែកៗមួយចំនួននៅក្នុងប្រទេសវៀតណាម។ នៅក្នុងសប្តាហ៍នេះ យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងបន្តស្វែងយល់អំពីព្រះវិហារឈើនៅខេត្ត Kon Tum ដែលជាការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់នៃរចនាបថបុរាណលោកខាងលិច ជាមួយនឹងស្ថាបត្យកម្មផ្ទះឈើរបស់ជនជាតិ Ba Na នៅខេត្ត Kon Tum ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ព្រះវិហារឈើនៅខេត្ត Kon Tum។

លោកអ្នកនាងជាទីមេត្រី។ វិហាកាតូលិក Kon Tum ឬត្រូវបានហៅថា ព្រះវិហារឈើ មានទីតាំងនៅលេខ ១៣ វិថី Nguyen Hue ទីក្រុង Kon Tum គឺជាព្រះវិហារឈើដ៏ធំនិងចំណាស់ជាងគេនៅវៀតណាម ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ សំណងនេះគឺជាស្ថាបត្យកម្មសាសនាលោកខាងលិច ប៉ុន្តែនៅមានភាពជិតស្និទ្ធជាមួយវប្បធម៌និងប្រជាជនបណ្តាជនជាតិនៅតំបន់ខ្ពង់រាបកណ្តាល - Tay Nguyen។ ដូចដែលឈ្មោះ "ព្រះវិហារឈើ" បានបង្ហាញ សម្ភារៈសំខាន់ដែលប្រើប្រាស់នៅក្នុងព្រះវិហារគឺឈើអុកក្រហម - ប្រភេទឈើដ៏ល្អដែលពេញនិយមនៅតំបន់ខ្ពង់រាបភាគកណ្តាល ពីអតីតកាល។ ដំបូលព្រះវិហារត្រូវបានប្រក់ក្បឿងតាមទម្រង់ដំបូលផ្ទះប្រពៃណីរបស់ជនជាតិ Ba Na ដែលផលិតដោយកម្មករជំនាញនិងមានទេពកោសល្យមកពីខេត្ត Binh Dinh និង Quang Ngai។ កញ្ចក់បង្អួចតាមរចនាបថព្រះវិហាររ៉ូម៉ាំងកាតូលិក រួមបញ្ចូលយ៉ាងប៉ិនប្រសប់ជាមួយលំនាំក្បូរក្បាច់របស់ជនជាតិដើម បានបង្កើតបុគ្គលិកលក្ខណៈវិសេសវិសាលសម្រាប់សំណង់នេះ។

នៅខាងក្នុងវិហារកាតូលិកនេះហាក់បីដូចជាពិភពមួយខុសពីគេ រចនាសម្ព័នដំបូលដ៏វែងនិងខ្ពស់ មានខ្យល់ចេញចូល និងពោរពេញដោយពន្លឺ ដែលធ្វើឲ្យភ្ញៀវទេសចរពិតជាគ្របដណ្តប់ ដោយភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់វិហារកាតូលិកនេះ។ បន្ទាប់ពីភ្លៀង និងខ្យល់ក្នុងអំឡុងពេលជាង ១០០ ឆ្នាំមក វិហារឈើ Kon Tum នៅតែស្ថិតស្ថេរជាមួយនឹងពេលវេលា។ នេះក៏ជាសក្ខីភាពប្រវត្តិសាស្ត្រនៃតំបន់ខ្ពង់រាបភាគកណ្តាល ដែលជាគ្រាប់ត្បូងដ៏មានតម្លៃ ជាស្នាដៃនិងនិមិត្តសញ្ញាស្ថាបត្យកម្មនៃទីក្រុង Kon Tum ។

ពីប្រទេសជប៉ុន មិត្តអ្នកស្តាប់ Harada Ryosuke បានសួរថា រដូវរងារនៅទីក្រុងហាណូយមានមុខម្ហូបពិសេសអ្វីខ្លះ? មិត្តចង់ស្តាប់ការឧទ្ទេសនាមអំពីមុខម្ហូបទាំងនេះ។
មិត្ត Ryosuke និងប្រិយមិត្តជាទីមេត្រី។ រដូវរងានៅទីក្រុងហាណូយគឺជាពេលវេលាដ៏ល្អសម្រាប់ទទួលទានម្ហូបអាហារក្តៅៗនិងគួរឲ្យទាក់ទាញ។ ក្នុងចំណោមនោះ ហ្វើ គឺជាមុខម្ហូបមួយដែលមិនគួររំលងបាន។ ជាមួយនឹងទឹកស៊ុបថ្លា នំហ្វើទន់ៗ និងសាច់គោស្រស់ៗ ហ្វើពិតជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់កំដៅរាងកាយ។ ក្រៅពីនេះ បបរឆ្អឹងជំនីរជ្រូកក៏ត្រូវបានមនុស្សជាច្រើនចូលចិត្តផងដែរ ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់និងមានរស់ជាតិខ្លាញ់ពីឆ្អឹងជំនីជ្រូក នឹងធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍កក់ក្តៅក្នុងរដូវរងា។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2នំបាញ់ចានឿកក្តៅៗ។ រូបថត៖ dantri

មុខម្ហូបមួយទៀតគឺ បាញ់ចានឿក។ នំបាញ់ចានឿកក្តៅៗ ពោរពេញទៅដោយសណ្តែកខៀវផ្អែម និងទឹកស្ករខ្ញីក្តៅៗ នាំមកនូវភាពកក់ក្តៅក្នុងអាកាសធាតុត្រជាក់។ មុខម្ហូបក្តៅៗមិនត្រឹមតែបំបាត់ភាពត្រជាក់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអារម្មណ៍ស្និទ្ធស្នាលនិងភាពកក់ក្តៅដល់ថ្ងៃរដូវរងានៅរដ្ឋធានីផងដែរ។

ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនិងប្រិយមិត្តស្វែងយល់ពីភូមិបន្លែ Tra Que នៅទីក្រុង Hoi An ដែលទើបតែត្រូវបានអង្គការទេសចរណ៍របស់អង្គការសហប្រជាជាតិទទួលស្គាល់ជាភូមិទេសចរណ៍ល្អបំផុតឆ្នាំ ២០២៤។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ ចាន់ សុភ័ក្រ្ត មកពីកម្ពុជាចង់ស្វែងយល់ផងដែរ។

មិត្ត ចាន់ សុភ័ក្រ និងប្រិយមិត្តជាទីមេត្រី។ ភូមិបន្លែ Tra Que ត្រូវបានបង្កើតឡើងក្នុងសតវត្សទី ១៦ មានរយ៖ចម្ងាយ ៣ គីឡូម៉ែត្រពីទីក្រុងបុរាណ Hoi An ហើយចម្ងាយ ២០ គីឡូម៉ែត្រពីទីក្រុង Da Nang។ ដោយមានជាតិដីនិងអាកាសធាតុអំណោយផល ប្រជាជនអ្នកភូមិបានបង្កើតអាជីពដាំបន្លែសរីរាង្គអស់រយៈពេលជាយូរយារណាស់មកហើយ។ ជារៀងរាល់ថ្ងៃ Tra Que បានបើកទ្វារសម្រាប់ទទួលភ្ញៀវទេសចរណ៍ ជាមួយនឹងតម្លៃសំបុត្រ ៣៥.០០០ដុងក្នុងមនុស្សម្នាក់។ អ្នកទស្សនាអាចជ្រើសរើសដើរលេង ឬជិះកង់ជុំវិញចំការបន្លែ។ ពេលវេលាសមស្របសម្រាប់ទៅទស្សនាភូមិបន្លែ Tra Que គឺពេលព្រឹកព្រលឹម ឬពេលរសៀល ដើម្បីជៀសវាងព្រះអាទិត្យក្តៅ និងគយគន់ទិដ្ឋភាពពលកម្មនៅវាលស្រែ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ភូមិបន្លែ Tra Que ស្ថិតក្នុងបញ្ជី ៥៥ "ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោក" ឆ្នាំ ២០២៤ ដែលត្រូវបានជ្រើសរើសដោយអង្គការទេសចរណ៍របស់អង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

ភូមិ Tra Que មានគ្រួសារចំនួន ២០២ ចូលរួមដាំបន្លែ ដែលមានកសិករចំនួន ៣២៦នាក់ លើផ្ទៃដី១៨ហិកតា។ នៅក្នុងភូមិមានតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន ដូចជា ប្រាសាទផែនដីព្រះ ប្រាសាទធាតុទាំងប្រាំ ទំនៀមទម្លាប់ថ្វាយបង្គំ Cau Bong រួមជាមួយនឹងទំនៀមទម្លាប់ ជំនឿ និងវប្បធម៌ធ្វើម្ហូបដែលកំពុងត្រូវបានអភិរក្សនិងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ នៅខែមេសា ឆ្នាំ ២០២២ របរដាំបន្លែនៅភូមិ Tra Que ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងទម្រង់នៃចំណេះដឹងប្រជាប្រិយ និងសិប្បកម្មប្រពៃណី។ ហើយនាពេលថ្មីៗនេះ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ភូមិបន្លែ Tra Que នៅទីក្រុង Hoi An ត្រូវបានអង្គការទេសចរណ៍របស់អង្គការសហប្រជាជាតិ លើកតម្កើងជា “ភូមិទេសចរណ៍ល្អបំផុតលើពិភពលោក” ដែលជាតំណាងតែមួយគត់របស់វៀតណាមទទួលបានពានរង្វាន់នេះក្នុងឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ