ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien

(VOVWORLD) - ជនជាតិ Ha Nhi នៅតំបន់ព្រំដែនស្រុក Muong Nhe ខេត្ត Dien Bien នៅតែរក្សាបាននូវទំនៀមទម្លាប់ និងវប្បធម៌ជាច្រើនរបស់ជនជាតិខ្លួន។ ក្នុងចំណោមនោះ ត្រូវរំលឹកដល់ដួនស្លឹកដេរដោយដៃ ជាវត្ថុដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជនឡើយ។

តាំងពីបុរាណកាលមក ដួនស្លឹកដេរដោយដៃប្រពៃណីបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ជនជាតិ Ha Nhi នៅស្រុក Muong Nhe។ ដួនត្រូវបានទាំងបុរសនិងស្ត្រីប្រើសម្រាប់ពាក់បាំងភ្លៀងនិងកំដៅព្រះអាទិត្យ; ពេលធ្វើស្រែចំការ អ្នករាល់គ្នាសុទ្ធតែពាក់ដួនតាមខ្លួន។ ក្រោយពេលបានពាក់ដួននៅពេលភ្លៀងម្តងៗ ដួននឹងត្រូវព្យួរនៅក្នុងផ្ទះបាយ ដែលជាកន្លែងដែលដួនស្លឹកនឹងស្ងួតយ៉ាងឆាប់រហ័ស ដោយផ្សែងក្នុងផ្ទះបាយ ដែលធ្វើដួននីមួយៗប្រើបានរយៈពេលជាច្រើនឆ្នាំ។ ជាពិសេស តាមទំនៀមទម្លាប់របស់ជនជាតិ Ha Nhi ពេលកូនក្រមុំទៅផ្ទះប្តីវិញ ក្រៅពីស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ប្រជាជន ហើយស្ពាយកន្ត្រកលើខ្នង នាងត្រូវពាក់ដួនស្លឹកមួយ និងជៀសវាងកុំឱ្យដួនជ្រុះពេលធ្វើដំណើរទៅកាន់ផ្ទះប្តី។ អ្នកស្រី Chang Kho Po ភូមិ Sen Thuong ឃុំ Sen Thuong ស្រុក Muong Nhe ខេត្ត Dien Bien បានឲ្យដឹងថា៖ “នៅពេលដែលកូនស្រីរៀបការ ឪពុកម្តាយរបស់នាងនឹងរៀបចំដួនមួយសម្រាប់ពួកគេម្នាក់ៗ។ ដួនប្រៀបដូចជាថ្លៃបណ្ណាការដែលឪពុកម្ដាយឲ្យកូនស្រីមុនពេលរៀបការអញ្ជឹង។ ពោលគឺនៅពេលកូនស្រីទៅផ្ទះខាងប្តី ត្រូវពាក់ដួនពីក្លោងទ្វារផ្ទះឪពុកម្តាយបង្កើតទៅដល់ផ្ទះប្តី មុននឹងធ្វើពិធី ដូច្នេះ អំណោយនេះត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុត ដែលដើរទន្ទឹមនឹងប្រពៃណីរបស់ជនជាតិ Ha Nhi”

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien - ảnh 1ដួនស្លឹករបស់ជនជាតិ Ha Nhi។ រូបថត៖ Tong Duc Anh/VOV

មិនដូចដួនស្លឹករបស់ជនជាតិ Kinh ទេ ដួនដេរដោយដៃរបស់ជនជាតិ Ha Nhi រាងតូចជាង ហើយចាប់ពីកំពូលដួនទៅកេបដួនមានរាង កោងបន្តិច។ សម្ភារៈដែលគេប្រើសម្រាប់ធ្វើដួននេះ គឺជាប្រភេទដើមបឬស្សីមួយប្រភេទ ដែលដុះតាមធម្មជាតិក្នុងព្រៃ។ ប្រភេទដើមឬស្សីនេះមានភាពជាប់ធន់ មិនបែក មិនប្រេះ គ្មានដង្កូវស៊ី។ លោក Chang Chang Sinh ជាអ្នកដេរដួនម្នាក់នៅភូមិ Sen Thuong ស្រុក Muong Nhe បាននិយាយថា ដួនស្លឹកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះហើយប្រជាជន Ha Nhi ទាំងអស់សុទ្ធតែស្គាល់ពីរបៀបដេរដួនតាំងពីក្មេង។ លោក Sinh បានរៀនដេរដួនពីជីតានិងឪពុក ហើយចេះដេរយ៉ាងស្ទាត់ជំនាញតាំងពីអាយុ១២ឆ្នាំមក។ រហូតមកដល់ពេលនេះ លោកនៅតែរក្សាបាននូវមុខរបរដេរដួនបែបប្រពៃណីរបស់ប្រជាជន។ ក្រៅពីបម្រើក្រុមគ្រួសារ លោក Sinh ក៏ដេរដួនបម្រើសេចក្តីត្រូវការរបស់អ្នកភូមិ ក្រុមវប្បធម៌ និងសិល្បៈសម្តែងរបាំដួន... លោក Chang Chang Sinh បានឲ្យដឹងថា៖ “ដើម្បីមានឬស្សីសម្រាប់ដេរដួន បុរសត្រូវយកកាំបិតចូលព្រៃ ដើម្បីរើសយកដើមបឬស្សីដែលមិនបាក់ ឬកាត់ចុង ព្រោះដើមឬស្សីងាយបាក់នឹងផុយនៅពេលជ្រៀក ហើយងាយនឹងសត្វល្អិតស៊ី។ យកទៅផ្ទះហាលឲ្យស្ងួត រួចប្រើកាំបិតចុងស្រួចសកវាឱ្យរលោង។ ដំណាក់កាលដុសខាត់គឺជាដំណាក់កាលដ៏លំបាកបំផុត ព្រោះវាត្រូវតែធ្វើយ៉ាងម៉ត់ចត់ និងព្យាយាម។ នៅខាងក្នុងដួននឹងត្រូវបានដេរឆ្អឹងជាស៊ុម។ ស្រទាប់ខាងក្រៅដួននឹងត្រូវដេរយ៉ាងតឹងណែនដើម្បីការពារកុំឲ្យមានភ្លៀងជ្រៀបចូល។ ត្រូវចំណាយក្នុងរយៈពេល ៣ ថ្ងៃទើបដេរបង្ហើយដួនមួយ”

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien - ảnh 2លោក Chang Chang Sinh បានចែករំលែកថា លោកបានរៀនដេរដួនពីជីតានិងឪពុក  ហើយបានស្ទាត់ជំនាញ តាំងពីអាយុ ១២ ឆ្នាំ។ រូបថត៖ Tong Duc Anh/VOV

ភូមិ Sen Thuong មានផ្ទះជិត ១០០ គ្រួសារ ដែលទាំង ១០០% ជាជនជាតិ Ha Nhi ហើយនៅតែមានប្រជាជនជាច្រើនដូចជាលោក Chang Chang Sinh នៅតែរក្សាមុខរបរដេរដួនស្លឹក។ បច្ចុប្បន្ននេះ លោក Chang Chang Sinh និងព្រឹទ្ធាចារ្យក្នុងភូមិបានបើកថ្នាក់រៀនដេរដួន សម្រាប់យុវជន ដើម្បីអភិរក្សសិប្បកម្មប្រពៃណីរបស់ប្រជាជន។ លោក Chang Chang Sinh បានឲ្យដឹងថែមទៀតថា៖ “យុវជនជំនាន់ក្រោយ អ្នកណាចាប់អារម្មណ៍អាចមកសិក្សាបាន។ ស្វែងយល់ពីសិប្បកម្មដេរដួនប្រពៃណីរបស់ជនជាតិ Ha Nhi ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្រៀនសិប្បកម្មនេះ និងរួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Ha Nhi”

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien - ảnh 3ស្រទាប់ខាងក្នុងដួនស្លឹករបស់ជនជាតិ Ha Nhi។ រូបថត៖ Tong Duc Anh/VOV

បំណងប្រាថ្នារបស់លោក Chang Chang Sinh និងអ្នកដែលស្រឡាញ់វប្បធម៌ Ha Nhi គឺចង់រក្សានិងលើកកម្ពស់មុខរបរដេរដួនប្រពៃណី។ ដើម្បីរក្សារូបភាពនៃដួនស្លឹកប្រពៃណីជារៀងរហូត អមដំណើរប្រជាជនទៅកាន់វាលស្រែ ជូនកូនក្រមុំទៅផ្ទះប្តី គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ Ha Nhi ដែលរក្សាពីជំនាន់មួយទៅជំនាន់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ