រក្សាសំឡេងចាប៉ីលាន់លឺរន្ទឺជារៀងរហូត
(VOVWORLD) - ចាប៉ី គឺជាឧបករណ៍ភ្លេងប្រពៃណីដ៏ពិសេសមួយរបស់ជនជាតិ Raglai ក្នុងខេត្ត Ninh Thuan (រួមបញ្ចូលគ្នាជាមួយខេត្ត Khanh Hoa)។ ឧបករណ៍នេះគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជា ជន Raglai ជាច្រើនជំនាន់ ដែលមានវត្តមាននៅក្នុងពិធីសាសនា និងសកម្មភាពសហគមន៍របស់ប្រជាជន Raglai។ សព្វថ្ងៃនេះ ចាប៉ីនៅតែត្រូវបានសិប្បករជនជាតិ Raglai រក្សាទុកដោយក្តីសង្ឃឹម ថា កូនចៅជំនាន់ក្រោយនឹងបន្តរក្សា ដើម្បីអោយសំឡេងចាប៉ីនៅតែលាន់លឺរន្ទឺយ៉ាងពិរោះរណ្តំ ជារៀងរហូត។
ប្រជាជន Raglai មានឧបករណ៍ភ្លេងចំនួន ២ប្រភេទប្រកបដោយលក្ខណៈវិសេសវិសាល។ នោះគឺឈុតម៉ាឡា ឈុតគោះធ្វើពីសំរឹទ្ធដូចទៅនឹងគង់ឃ្មោះរបស់ជនជាតិនៅ Tay Nguyen និងឧបករណ៍មួយទៀតគឺចាប៉ី។ តាមព្រឹទ្ធាចារ្យភូមិ ចាប៉ីជាឧបករណ៍ភ្លេងសាមញ្ញមួយដែលជនជាតិ Raglai បង្កើតឡើងពីបំពង់ឫស្សីធ្វើត្រាប់តាមសំឡេងម៉ាឡា។
ឫស្សីដែលប្រើសម្រាប់ធ្វើចាប៉ីគឺត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ឬស្សីល្អទើបធ្វើឱ្យសំឡេងឧបករណ៍ពិរោះរណ្តំ។ ដូច្នេះ ជាងធ្វើចាប៉ីត្រូវឡើងទៅភ្នំខ្ពស់ ដើម្បីស្វែងរកឫស្សីដែលល្អៗ អង្កត់ផ្ចិតត្រូវមានប្រហែល ៧-៨ សង់ទីម៉ែត្រ កំណាត់ឫស្សីនីមួយៗមានប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ។ ដើមឬស្សីដែលប្រើសម្រាប់ធ្វើចាប៉ី មិនត្រូវចាស់ពេកទេ ប៉ុន្តែក៏មិនខ្ចីពេកដែរ ពោលគឺមានអាយុប្រហែល ១ឆ្នាំ គឺស័ក្តិសមបំផុត បើមិនដូច្នេះទេវានឹងមិនបញ្ចេញសំឡេងឡើយ។ ចាប៉ីធ្វើពីឬស្សីព្រៃ ដែលជានិមិត្តរូបនៃការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដូច្នេះឧបករណ៍និមួយៗ ត្រូវបានផលិតដោយ ដៃ ដោយមានសញ្ញាសម្គាល់ផ្ទាល់ខ្លួន និងព្រលឹងរបស់អ្នកដែលបានបង្កើតវា។ សិប្បករឆ្នើម Chamalé Âu ដែលជាមនុស្សតែម្នាក់គត់ដែលចេះបង្កើត និងសម្តែងឧបករណ៍ភ្លេងចាប៉ីនៅឃុំ Ma Noi ស្រុក Ninh Son បានឲ្យដឹងថា៖
សិប្បករឆ្នើម Chamalé Âu ។ រូបថត៖ Nguyễn Luân/VNP |
“ពេលខ្ញុំទៅកាប់ឬស្សីក្នុងព្រៃ ខ្ញុំត្រូវរកឫស្សីដែលមិនក្រាស់ពេក គ្រាន់ស្តើងល្មម។ ឫស្សីដែលដុះតាមជ្រលងភ្នំមិនមានសំឡេងទេ គឺត្រូវជាឫស្សីពីភ្នំខ្ពស់ៗ។ ក្រោយពីកាប់ឬស្សីរួច ខ្ញុំយកមកផ្ទះដាក់ហាលស្ងួតប្រហែល ៥ ខែ ឬលើសពីនេះ មុននឹងស្ងួតអស់ទើបអាចធ្វើបាន។ ក្រោយពីកាត់រួច ខ្ញុំយកទៅផ្ទះវិញប្រើភ្លាម តែនៅតែមិនមានសំឡេង។ ក្នុងមួយថ្ងៃ ខ្ញុំអាចផលិតឧបករណ៍បានតែ ២ គ្រឿងប៉ុណ្ណោះ។ វាពិបាកណាស់”។
ឧបករណ៍ចាប៉ីមានរូបរាងសាមញ្ញ រួមមានតួ ខ្សែ និងប៊ូតុងចុច ប៉ុន្តែដើម្បីធ្វើបានចាប៉ីមួយគ្រឿង ត្រូវតែមានបទពិសោធន៍ច្រើនឆ្នាំ បច្ចេកទេសដ៏ប៉ិនប្រសប់ ហើយជាពិសេសត្រូវតែមានចំណង់ចំណូលចិត្តមិនចេះចប់សម្រាប់ឧបករណ៍ភ្លេងប្រភេទនេះ។ ជំហានលំបាកបំផុតពេលធ្វើឧបករណ៍ចាប៉ីគឺការបំបែកសរសៃឫស្សីដើម្បីធ្វើខ្សែ។ នេះជាដំណាក់កាលដែលបង្ហាញពីភាពប៉ិនប្រសប់របស់ជាង ព្រោះវាទាមទារភាពល្អិតល្អន់ និងចំណាយពេលច្រើន។ ខ្សែនីមួយៗត្រូវតែស្តើងនិងតូច ដើម្បីបង្កើតឡើងសំឡេងលក្ខណៈពិសេសរបស់ចាប៉ី។ សិប្បករ Ka Tor Doi នៅឃុំ Phuoc Chien ស្រុក Thuan Bac បានណែនាំថា៖ “ត្រូវមានរន្ធនៅចុងទាំងសងខាង ដែលមានប្រវែងប្រហែល ២ ចំអាម។ ញែកបំពងឬស្សីជា ៤ ខ្សែព័ទ្ធជុំវិញបំពង់ឬស្សី ប្រើកំណាត់ឬស្សីតូចៗខ្ទាស់ចុងទាំងពីរ ដើម្បីកុំឱ្យខ្សែនេះនៅជិតដងខ្លួន។ ខ្សែនីមួយៗ ត្រូវបានភ្ជាប់ដោយដុំឬស្សីតូចមួយដែលមានទំហំប៉ុនកាក់។ រន្ធមួយត្រូវតែត្រូវបានដាល់នៅតាមដងឧបករណ៍ ដើម្បីឱ្យសំឡេងអាចបញ្ចេញ បាន”។
សំឡេងចាប៉ីក៏មិនខ្លាំងពេចដែរ គ្រាន់តែឲ្យអ្នកអង្គុយក្បែរនោះឮ។ កាលពីមុន ចាប៉ីបានដើរតាមដានជើងប្រជាជន Raglai ទៅស្រែរំសាយភាពនឿយហត់ពីការងារដ៏វែងក្នុងថ្ងៃ។ នៅក្នុងព្រៃពេលយប់ស្ងាត់ ពួកគេបានជុំគ្នាលេងចាប៉ីរំសាយភាពស្ងប់ស្ងាត់នៃព្រៃធំ។
បំពងឫស្សីចាស់ ត្រង់ៗស្អាតត្រូវបានដាក់ហាលក្នុងផ្ទះបាយមួយរយៈ មុននឹងយកទៅធ្វើចាប៉ី។ រូបថត៖ Nguyen Luan/VNP |
សម្រាប់ប្រជាជន Raglai ចាប៉ីមិនត្រឹមតែជាឧបករណ៍ភ្លេងដែលជួយចែក រំលែកភាពសប្បាយរីករាយនិងទុក្ខព្រួយក្នុងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃព្រលឹង និងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ប្រជាជននៅទីនេះផងដែរ។ សំឡេងចាប៉ីមានលក្ខណៈពិសេសដោយគ្រាន់តែស្តាប់អ្នកអាចទទួលអារម្មណ៍ពីសំឡេងភ្នំនិងព្រៃ។ លោក Mau Hong Thai ប្រជាជន Raglai នៅឃុំ Phuoc Hoa ស្រុក Thuan Nam បាននិយាយថា ចាប៉ីមិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានប្រជាជន Raglai លេងក្នុងពិធីសាសនា និងវគ្គនិទានរឿងបែបប្រពៃណី ដើម្បីរក្សារាល់អនុស្សាវរីយ៍ក្នុងសហគមន៍តាមរយៈសំឡេង។ ដើម្បីអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Raglai រួមទាំងចាប៉ី ផងនោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ninh Thuan បានបង្កើនការបើកថ្នាក់បង្រៀនប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណី ដើម្បីឲ្យយុវជនជំនាន់ក្រោយយល់ដឹង និងស្រឡាញ់វប្បធម៌ប្រពៃណីកាន់តែច្រើន។ សិប្បករឆ្នើម Mai Tham នៅឃុំ Phuoc Thang ស្រុក Bac Ai បានឲ្យដឹងថា៖ “បើជនជាតិ Raglai មិនសិក្សាឬបង្រៀនកូនចៅជំនាន់ក្រោយទេនោះ ឧបករណ៍ភ្លេងដូចជាម៉ាឡា ចាប៉ី ចាប៉ីខ្សែមួយ នឹងលែងមានគេស្គាល់ទៀតហើយ។ ដូច្នេះហើយ ត្រូវតែមានថ្នាក់បង្រៀន និងថែរក្សាអត្តសញ្ញាណវប្បធម៌ដ៏ស្រស់បំព្រងរបស់ជនជាតិ Raglai។
សិប្បករឆ្នើម Chamaléa Âu ស្តាប់សំឡេងនៃឧបករណ៍ដែលលោកកំពុងធ្វើ។ រូបថត៖ Nguyen Luan/VNP |
សកម្មភាពទាំងនេះមានតម្លៃណាស់ ខណៈដែលយុវជន Raglai កាន់តែច្រើនឡើងៗ ក៏ដូចជាអ្នកទេសចរមកពីជិតនិងឆ្ងាយបានចាប់អារម្មណ៍ និងសិក្សាពីលក្ខណៈវប្បធម៌ពិសេសរបស់ប្រជាជន Raglai។ លោកស្រី Kator Thi Tang នៅឃុំ Phuoc Binh ស្រុក Bac Ai បានចែករំលែកថា៖ “ខ្ញុំត្រូវបានសិប្បករ Mai Thắm ណែនាំឱ្យលេងម៉ាឡា ចាប៉ីខ្សែមួយ ... ដំបូងឡើយមានអារម្មណ៍ថាពិបាក ប៉ុន្តែក្រោយពីហាត់បានប៉ុន្មានថ្ងៃក៏ស្រួលដែរ។ យើងក៏នឹងព្យាយាមអនុវត្តដើម្បីរក្សាអត្តសញ្ញាណជនជាតិ Raglai”។
ចាប៉ីមិនត្រឹមតែជាឧបករណ៍ភ្លេងសាមញ្ញប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ដ៏ពិសេសមួយ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពខាងវិញ្ញាណ និងអត្តសញ្ញាណជាតិរបស់ប្រជាជន Raglai។ ក្នុងបរិបទនៃទំនើបភាវូបនីយកម្ម និងសមាហរណកម្ម ការខិតខំប្រឹងប្រែងរួមគ្នារបស់ សហគមន៍ និងសិប្បករក្នុងការថែរក្សា និងលើកតម្កើងតម្លៃចាប៉ី នឹងចូលរួមចំណែកក្នុងការចិញ្ចឹមបីបាច់ព្រលឹងនៃជំនាន់ជនជាតិ Raglai ថ្ងៃនេះ និងថ្ងៃស្អែក ដើម្បីអោយសំឡេងចាប៉ីលាន់លឺរន្ទឺទូទាំងតំបន់ភ្នំជារៀង