Dak Nong ទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលរបស់ UNESCO ជាលើកទីពីរ

(VOVWORLD) - ពិធីទទួលកិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong លើកទី២ បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២៦ ខែធ្នូ នៅទីក្រុង Gia Nghia។
Dak Nong ទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលរបស់ UNESCO ជាលើកទីពីរ - ảnh 1Dak Nong ទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលរបស់ UNESCO ជាលើកទីពីរ។ (រូបថត៖ TTXVN)

នៅខែកក្កដា ឆ្នាំ ២០២០ ឧទ្យានភូគម្ភសាស្ត្រ Dak Nong ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាឧទ្យានភូគម្ភសាស្ត្រសកល។ គិតមកទល់នឹងពេលនេះ ក្រោយរយៈពេល ៤ឆ្នាំ ឧទ្យានភូគម្ភសាស្ត្រ Dak Nong បានទទួលកិត្តិនាមនេះជាលើកទី២ សម្រាប់ដំណាក់កាល ២០២៤-២០២៧។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ មិនត្រឹមតែជួយ Dak Nong ពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមគំរូនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០៣០ ដែលអង្គការសហប្រជាជាតិបានដាក់ចេញផងដែរ។ ក្នុងនោះ លើកទឹកចិត្តដល់ការអភិរក្សធនធានធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយផ្អែកលើភាពសុខដុមរមនាជាមួយធម្មជាតិ និងវប្បធម៌ប្រពៃណី។ លោក Ho Van Muoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានឲ្យដឹងថា៖

“ការចូលរួមសកម្មភាពនៃបណ្តាញឧទ្យានភូគម្ភសាស្ត្រសកលបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីឧទ្យានភូគម្ភសាស្ត្រ បង្កើនបន្តិចម្តងៗនូវឋានៈរបស់ Dak Nong នៅលើផែនទីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ចំពោះឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong យើងខ្ញុំមានមោទនភាពក្នុងការកសាងម៉ាកយីហោ "ទឹកដីនៃភ្លេង" ដែលភ្នំនីមួយ ទន្លេនីមួយ សំឡេងគងឃ្មោះនីមួយៗ លាយឡំទៅជាបទភ្លេងវេទមន្ត ដែលបង្ហាញសារពីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ”។

ជាមួយនឹងផ្ទៃដី ៤៧៦០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងលើស្រុក និងទីក្រុងចំនួន ៦ ជាមួយនឹងទីតាំងបេតិកភណ្ឌភូគម្ភសាស្ត្រចំនួន ៦៥ រួមទាំងប្រព័ន្ធនៃរូងភ្នំជិត ៥០ ដែលមានប្រវែងសរុបជាង ១ ម៉ឺនម៉ែត្រ ព្រមទាំងរណ្ដៅភ្នំភ្លើង និងល្បាក់ទឹក… ឧទ្យានភូគព្ភសាស្ត្រ Dak Nong គឺជាកន្លែងដែលរក្សានូវតម្លៃដ៏វិសេសវិសាលនៃជីវចម្រុះ លក្ខណៈពិសេសផ្នែកវប្បធម៌ ភូគម្ភសាស្ត្រ ធម្មជាតិ ក៏ដូចជាស្លាកស្នាមនៃសកម្មភាពរបស់មនុស្សសម័យបុរេប្រវត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ