នាំនិទាឃរដូវមកដល់ Truong Sa
(VOVWORLD) - ដំណើរទស្សនកិច្ចពិសេសនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្រសួងការពារប្រទេស និងប្រជាជនទូទាំងប្រទេសចំពោះកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa។
ដើមក្រូចឃ្វិចតាំងលម្អ ត្រូវបាននាំយកទៅកាន់ស្រុកកោះ Truong Sa។
(រូបថត៖ Thu Lan/VOV1) |
នារសៀលថ្ងៃទី ២៦ ខែធ្នូ នៅកំពង់ផែយោធា Cam Ranh (ខេត្ត Khanh Hoa) បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ៤ បានរៀបចំពិធីជូនដំណើរក្រុមការងារ និងនាវាចាកចេញពីកំពង់ផែ Cam Ranh ដើម្បីទៅសួរសុខទុក្ខ ជូនពរបុណ្យតេតប្រពៃណី ជូនចំពោះកម្មាភិបាល យុទ្ធជននិងប្រជាជននៅលើកោះនានាក្នុងស្រុកកោះ Truong Sa។ ចូលរួមក្នុងក្រុមការងារក៏មានអ្នកយកព័ត៌មានជិត១០០នាក់មកពីស្ថាប័នសារព័ត៌មានផងដែរ។ ដំណើរទស្សនកិច្ចពិសេសនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្រសួងការពារប្រទេស និងប្រជាជនទូទាំងប្រទេសចំពោះកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa។ លោកវរនាវីឯក Bui Van Ben ប្រធានស្នងការនយោបាយកងទ័ពជើងទឹកភូមិភាគទី៤ មានប្រសាសន៍ថា៖
“ដោយស្មារតីថា ដីគោកនាំយកក្តីស្រឡាញ់ទៅកាន់ Truong Sa ហើយ Truong Sa ផ្ដាំផ្ញើជំនឿជាក់មកកាន់ដីគោក និងបង្រួមគម្លាតរវាងដីគោក និងកោះដាច់ស្រយាល នេះពិតជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជននៅកោះសមុទ្រ ដើម្បីឱ្យពួកគេនឹងនរចិត្តកាន់កាំភ្លើងបានរឹងមាំ បំពេញភារកិច្ចដែលបានប្រគល់ជូន រក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ យើងខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាមេរៀនជាក់ស្តែងដ៏មានតម្លៃ ជាសក្ខីភាពដ៏រស់រវើកនៃទុក្ខលំបាក ការទទួលខុសត្រូវដ៏ធំធេង និងការលះបង់របស់កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក ចំពោះភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ ហើយពីនោះ ទីភ្នាក់ងារសារព័ត៌មាននានានឹងបង្ហាញរូបភាពពិតប្រាកដបំផុតនៃយុទ្ធជននៅតំបន់កោះសមុទ្រនេះដល់សាធារណៈជន”។
ក្នុងឱកាសនេះ អំណោយបុណ្យតេតត្រូវបានបញ្ជូនទៅកាន់ Truong Sa រួមមាន៖ ស្បៀងអាហារ អាហារពិសេសសម្រាប់បុណ្យតេត ដូចជា នំអន្សម ដំណាប់... លើសពីនេះ ក្រុមការងារក៏បាននាំយកតាមដើមឈើតាំងលម្អ ផ្កាស្រស់ និងគ្រឿងតុបតែងលម្អផងដែរ។ តាមរយៈនោះ មានបំណងចង់ឲ្យប្រជាជន កម្មាភិបាលនិងយុទ្ធជននៅលើកោះនានា ក៏នឹងទទួលអំណរបុណ្យតេតប្រពៃណីជាមួយប្រជាជាតិទាំងមូល យ៉ាងពេញលេញបំផុត ទាំងខាងសម្ភារៈ និងខាងស្មារតី៕