ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលជួបការលំបាកនៅខេត្ត Ha Tinh
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នារសៀលថ្ងៃទី២៧ ខែធ្នូ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលកំពុងជួបការលំបាកនៅស្រុក Huong Son, Thach Ha និងទីក្រុង Ha Tinh។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលកំពុងជួបការលំបាកនៅខេត្ត Ha Tinh។ (រូបថត៖ VOV) |
ជូនអំណោយ និងសំណេះសំណាលជាមួយប្រជាជននៅទីនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានជូនដំណឹងពីលទ្ធផលសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២៤។ ដោយលើកឡើងអំពីការងារដែលមូលដ្ឋានត្រូវធ្វើនាពេលខាងមុខ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា៖
“អាជ្ញាធរ រណសិរ្សមាតុភូមិ និងផ្នែកនានា បន្តមានសកម្មភាពថែទាំគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ដើម្បីឲ្យពួកគេមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ ខ្ញុំក៏សង្ឃឹមដែរថា ខេត្តនិងឃុំនឹងយកចិត្តទុកដាក់ដល់ការជំរុញបុព្វហេតុអប់រំ និងបណ្តុះបណ្តាលលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសការផ្លាស់ប្តូរឌីជីថល។ Ha Tinh មានចលនាកសាងជនបទថ្មី គំរូជនបទថ្មី ជនបទថ្មីជឿនលឿន និងមានគំរូល្អៗជាច្រើន។ ខ្ញុំសង្ឃឹមថា គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រក៏នឹងខិតខំព្យាយាមធ្វើពលកម្ម ផលិតកម្ម អាជីវកម្មតាមមធ្យោបាយជាច្រើន ដើម្បីរួចផុតពីភាពក្រីក្រ រួមចំណែកក្នុងការកសាងប្រទេសជាតិ”។
ដោយវាយតំលៃខ្ពស់ចំពោះគោលដៅរបស់ខេត្ត Ha Tinh ក្នុងការខិតខំសាងសង់ផ្ទះជិត ២២០០ ខ្នងសម្រាប់គ្រួសារគោលនយោបាយ និងជនក្រីក្រនៅឆ្នាំ ២០២៥ នោះ លោកប្រធានរដ្ឋសភាបានស្នើឲ្យខេត្តត្រូវខិតខំប្រឹងប្រែងកៀរគរធនធានពីប្រភពខាងក្រៅនិងប្រភពថវិកាមជ្ឈិមដើម្បីដោះស្រាយបញ្ហាលំនៅឋាននៅមូលដ្ឋាន៕