UOB បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឆ្នាំ ២០២៥ ដល់ ៧%​

(VOVWORLD) - ជាមួយនឹងលទ្ធផលកំណើនជាវិជ្ជមានក្នុងឆ្នាំ ២០២៤ គិតគូរពីហានិភ័យ និងផលប៉ះពាល់ដោយសារតែជម្លោះពាណិជ្ជកម្មពីរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ធនាគារ United Overseas Bank (UOB, សិង្ហបុរី) បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ ឡើងដល់ ៧%  ជំនួសឱ្យការព្យាករណ៍ ៦,៦% កាលពីមុន។ នេះជាខ្លឹមសារគួរឱ្យកត់សម្គាល់ក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចវៀតណាម ឆ្នាំ២០២៥ ដោយ UOB ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ មករា។

យោងតាមអ្នកជំនាញ UOB វៀតណាមបានបញ្ចប់ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យជាមួយនឹងកំណើន GDP ពិតប្រាកដកើនឡើង ៧,៥៥% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។ តួរលេខនេះគឺខ្ពស់ជាងការព្យាករណ៍ជាមធ្យមរបស់ទីផ្សារគឺ ៦,៧% និងការព្យាករណ៍របស់ UOB គឺ ៥,២%។ ផលិតកម្ម និងសេវាកម្មបន្តជាកត្តាជំរុញកំណើនដ៏សំខាន់ ខណៈពេលដែលពាណិជ្ជកម្មបរទេសនឹងរក្សាកំណើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០២៤។ ការបង្កើនបរិមាណលក់នៃឧស្សាហកម្ម semiconductor ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ បង្ហាញថា សន្ទុះកំណើនទំនងជានឹងបន្តនៅប៉ុន្មានត្រីមាសខាងមុខ។

នៅឆ្នាំ ២០២៥ រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនពី ៦,៥% ដល់ ៧% ខណៈដែលនាពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យមានកំណើនយ៉ាងហោចណាស់ ៨% ជាមួយនឹងការគាំទ្រពីការបញ្ចេញទុនវិនិយោគសាធារណៈកាន់តែលឿន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញការវិនិយោគបន្ថែមទៀត។ ដោយផ្អែកលើវិធីសាស្រ្តវិន័យសារពើពន្ធនិងការវិនិយោគសាធារណៈដែលត្រូវបានបញ្ចេញទុន រហូតមកដល់ពេលនេះ អ្នកជំនាញ UOB បានកំណត់គោលដៅ ៨% ហាក់បីដូចជាមានមហិច្ឆតាណាស់ ប៉ុន្តែនៅតែមានឱកាសដើម្បីសម្រេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ