កិច្ចពិភាក្សាគឺជាឱកាសមួយសម្រាប់វៀតណាមនិងសហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ៦ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ប្រធានក្រុមការងារស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការនិងសម្របខ្លួនយ៉ាងសកម្មចំពោះការកែសម្រួលគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អាមេរិក បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper។

កិច្ចពិភាក្សាគឺជាឱកាសមួយសម្រាប់វៀតណាមនិងសហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម Marc E. Knapper (រូបថត៖ កាសែតពិភពលោក និងវៀតណាម)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានចែករំលែកនូវសារសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីលោក Donald Trump នាថ្ងៃទី ៤ មេសា; ជម្រាបជូនឯកអគ្គរដ្ឋទូត Marc E. Knapper ថា លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជូនបេសកជនពិសេសឧបនាយករដ្ឋមន្ត្រីលោក Ho Duc Phoc ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបន្តបញ្ជាក់ពីខ្លឹមសារទាំងនេះ។ លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីអាមេរិកផ្តល់អាទិភាពដល់ការរៀបចំជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាមួយដៃគូអាមេរិក ក្នុងគោលបំណងឈានទៅសម្រេចបានកិច្ចព្រមព្រៀងនាពេលឆាប់ៗ ដើម្បីផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា វៀតណាមចែករំលែកនូវការយកចិត្តទុកដាក់របស់អាមេរិកក្នុងការធ្វើឱ្យសមតុល្យពាណិជ្ជកម្មមានតុល្យភាព ប៉ុន្តែការសម្រេចចិត្តដាក់ពន្ធទៅវិញទៅមកមិនសមស្របនឹងស្ថានភាពជាក់ស្តែងនៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនោះទេ និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ដែលជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកលោក Marc Knapper បានកោតសរសើរជាពិសេសចំពោះជំនួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់កាលពីថ្ងៃទី ៤ ខែមេសា រវាងអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជាជំនួបសន្ទនាតាមទូរស័ព្ទដំបូងគេរបស់លោកប្រធានាធិបតី Trump ជាមួយមេដឹកនាំបរទេសមួយបន្ទាប់ពីការប្រកាសពន្ធ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណ វៀតណាមចំពោះវិធីសាស្រ្តវិជ្ជមាន និងការយល់ដឹងអំពីកង្វល់របស់ភាគីអាមេរិក ហើយបានចាត់ទុកថា ការផ្លាស់ប្តូរនាពេលខាងមុខគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សា និងស្នើដំណោះស្រាយដើម្បីដាក់ទំនាក់ទំនងពាណិជ្ជកម្មលើគន្លងអភិវឌ្ឍន៍ប្រកបដោយសុខុមាលភាព និងផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ