កូរ៉េខាងត្បូងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ

(VOVWORLD) - លោករដ្ឋមន្រ្តី Chung Eui Yong បានបញ្ជាក់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងត្បូងថ្មី របស់កូរ៉េខាងត្បូង ដូច្នេះបានជាកូរ៉េខាងត្បូងតែងតែមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

កូរ៉េខាងត្បូងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ - ảnh 1(រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី២៣ ខែមិថុនា នៅរដ្ឋធានីហាណូយ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Yong ដែលមកជួបសម្ដែងការគួរសម។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាពនូវសក្ដានុពលសហប្រតិបត្តិការលើវិស័យវិនិយគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌អប់រំ ព្រមទាំងស្នើឲ្យកូរ៉េខាងត្បូងជួយគាំទ្របន្តទៀតសម្រាប់សហគមន៍អាណិក ជនវៀណាមដើម្បីភាសានិងវប្បធម៌វៀតណាមត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថែមទៀតនៅកូរ៉េខាងត្បូងផងដែរ។ លោកប្រធានរដ្ឋមានបំណងថា កូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍អំពីការស្រាវជ្រាវវិធីព្យាបាល ផលិតវ៉ាក់សាំង ក៏ដូចជាចែករំលែកប្រភពធនធានវេជ្ជសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅវេទិការពហុភាគីនានា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរកូរ៉េខាងត្បូង ដែលបានសហការ និងជួយគាំទ្រវៀតណាមដើម្បីសម្រេចតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ហើយចាត់ទុកថា ភាគីទាំងពីរគួរតែសហការយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលដែលវៀតណាមទទួលតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងអាណត្តិ២០២១- ២០២៤។

កូរ៉េខាងត្បូងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ - ảnh 2(រូបថត៖ ក្រសួងការបរទេស)

ជាការឆ្លើយតប លោករដ្ឋមន្រ្តី Chung Eui Yong បានបញ្ជាក់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងត្បូងថ្មី របស់កូរ៉េខាងត្បូង ដូច្នេះបានជាកូរ៉េខាងត្បូងតែងតែមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

ចំពោះបញ្ហាតំបន់និងអន្តរជាតិ លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងជាមួយប្រទេសអាស៊ានដទៃ ក្នុងនោះមានអនុតំបន់មេគង្គ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិកាពហុភាគីនានា និងក្នុងបញ្ហាដែលជាកង្វល់រួម ព្រមទាំងមានបំណងចង់ឲ្យវៀតណាមបន្តចូលរួមចំណែកដល់ការជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ