ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្នោត​ជ្រើសរើសប្រធានថ្មី​

(VOVWORLD) - នាថ្ងៃទី ១០ ខែមករា  ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសឯកអគ្គរដ្ឋទូត Omar Zniber តំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូម៉ារ៉ុកប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ជាប្រធានស្ថាប័ននេះក្នុងឆ្នាំ២០២៤។

ថ្លែងបន្ទាប់ពីជាប់ឆ្នោត លោកឯកអគ្គរដ្ឋទូត Omar Zniber បានចែករំលែកថា៖ «នេះជាកិត្តិយសសម្រាប់ប្រទេសម៉ារ៉ុកនិយាយរួម និងសម្រាប់រូបខ្ញុំផ្ទាល់និយាយដោយឡែក។ ឥឡូវនេះ ខ្ញុំនឹងបំពេញបេសកកម្មដើម្បីបំពេញតម្រូវការនៃការងាររួមរបស់យើង ដែលមានសារៈសំខាន់ខ្លាំងណាស់និងមានលក្ខណៈជាមូលដ្ឋានដែរ។ នោះគឺជំរុញ គោរព និងធានាសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់លើទូទាំងពិភពលោក»។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្នោត​ជ្រើសរើសប្រធានថ្មី​ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ THX/TTXVN

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Febrian Ruddyard នៃគណៈប្រតិភូឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូត Darius Staniulis នៃគណៈប្រតិភូលីទុយអានី ឯកអគ្គរដ្ឋទូត Marcelo Eliseo Scappini Ricciard នៃគណៈប្រតិភូប៉ារ៉ាហ្គាយ និងឯកអគ្គរដ្ឋទូត Heidi Schroderus-Fox នៃគណៈប្រតិភូហ្វាំងឡង់ នឹងកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសិទ្ទិមនុស្សអង្គការសហប្រជាជាតិនៅឆ្នាំនេះ។

លោក Omar Zniber បានកាន់តំណែងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូម៉ារ៉ុកប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវចាប់តាំងពីឆ្នាំ ២០១៨មក។ មុនពេលត្រូវបានតែងតាំងនៅទីក្រុងហ្សឺណែវ លោក Omar Zniber បានបម្រើការជាឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ារ៉ុកប្រចាំប្រទេសអាល្លឺម៉ង់ ចាប់តាំងពីខែមករា ឆ្នាំ ២០១២។ លើសពីនេះ លោកក៏មានបទពិសោធន៍រយៈពេលជាច្រើនឆ្នាំ ធ្វើការនៅបណ្តាប្រទេសនៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ