ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មវៀតណាម-អាមេរិកកើនដល់២០០ពាន់លានដុល្លារក្នុងពេលឆាប់ៗ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ តុលា នៅទីក្រុងហាណូយ សហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងហាណូយ (Amcham) និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីងតោន បានរួមគ្នារៀបចំកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម-អាមេរិកលើកទី៦។

ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មវៀតណាម-អាមេរិកកើនដល់២០០ពាន់លានដុល្លារក្នុងពេលឆាប់ៗ - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងមតិក្នុងកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម-អាមេរិក (រូបថត៖ VGP/Hai Minh)

អញ្ជើញចូលរួមនិងថ្លែងមតិនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា បន្ទាប់ពីវៀតណាម និងអាមេរិកបានបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញាមក សក្ដានុពល និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺពិតជាធំធេងណាស់ ដែលត្រូវបានចាត់ទុកថាជាកម្លាំង និងជាម៉ាស៊ីនជំរុញអសកល្យជានិច្ច សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ដើម្បីប្រើប្រាស់ឲ្យបានល្អរាល់ឱកាសពីទំនាក់ទំនងល្អនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើថា៖ “ភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពលៃទុកប្រភពធនធាន ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងសេចក្តីថ្លែងការណ៍រួម។ សហគ្រាសនៃប្រទេសទាំងពីរត្រូវជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្កើនការនាំចូល និងនាំចេញនូវចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក; គាំទ្រគ្នាទៅវិញទៅមកដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ខិតខំនាំទំហំពាណិជ្ជកម្មកើនដល់ ២០០ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត ត្រូវនាំយកការវិនិយោគរបស់អាមេរិកចូលទៅក្នុងបញ្ជីអ្នកវិនិយោគធំជាងគេទាំង ១០ នៅវៀតណាមក្នុងពេលឆាប់ៗនេះ”។

នៅក្នុងសុន្ទរកថាជាវីដេអូផ្ញើទៅកាន់កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថា វៀតណាមនិងសហរដ្ឋអាមេរិកមានឱកាសជាច្រើនក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគយ៉ាងស៊ីជម្រៅ។

ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មវៀតណាម-អាមេរិកកើនដល់២០០ពាន់លានដុល្លារក្នុងពេលឆាប់ៗ - ảnh 2ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ធុរកិច្ចនៃភាគីទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យបានខ្លាំងក្លា (រូបថត៖ VGP/Hai Minh)

“ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងធ្វើការលើខ្លឹមសារជាច្រើន ដើម្បីចាប់យកឱកាស សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងនោះមានការកាត់បន្ថយបញ្ហាប្រឈមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្នែកសំខាន់ៗដូចជា៖ ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍អេឡិចត្រូនិក ថាមពលស្អាត... ដើម្បីជួយវៀតណាមបំពេញតាមការសន្យាអាកាសធាតុរបស់ខ្លួន។ យើងកំពុងបញ្ចប់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។ វៀតណាមជាដៃគូសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”។

នៅក្នុងកិច្ចប្រជុំនេះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានពិភាក្សាអំពីទិសដៅអនុវត្តខ្លឹមសារដែលបានថ្នាក់ដឹកនាំវៀតណាម និងសហរដ្ឋអាមេរិកឯកភាពក្នុងសេចក្តីថ្លែងការណ៍រួម បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយទន្ទឹមនឹងនោះបានស្នើដំណោះស្រាយថ្មី វិធានការជាក់ស្តែងដើម្បីឲ្យសហគមន៍អាជីវកម្មអាចរួមចំណែកអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពចំពោះដំណើរការនេះ៕

បន្ទាប់ពីជិត៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាមេរិកបានកើនឡើងជិត ៣០០ដង ឈានដល់ ១២៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ សហរដ្ឋអាមេរិកក៏បានក្លាយជាអ្នកវិនិយោគ ឈានមុខគេមួយរបស់វៀតណាមជាមួយនឹងគម្រោងវិនិយោគ FDI ជាង ១.៣០០ ដើមទុនចុះបញ្ជីសរុបឈានដល់ ១១,៨ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១១/១៤៣ ប្រទេសនិងដែនដីដែលមានការវិនិយោគនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ