ជំងឺរាតត្បាត Covid -19 នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅលើពិភពលោក

(VOVWORLD) - យោងតាមសេចក្តីជូនដំណឹង ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី ១០ ខែ    មីនា គណៈកម្មាធិការសុខាភិបាលជាតិនៃប្រទេសចិន (NHC) បានឲ្យដឹងថាប្រទេសនេះបានកត់សម្គាល់ករណីឆ្លងជម្ងឺរាតត្បាត Covid -19 ចំនួន ១៩ ករណីក្នុងថ្ងៃទី ៩ ខែមីនា ដែលថយចុះនៅត្រឹម ៤០ ករណីបើធៀបនឹងថ្ងៃទៅមិញ។ 
ជំងឺរាតត្បាត Covid -19 នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅលើពិភពលោក - ảnh 1 ទាហានកូរ៉េខាងត្បូងបាញ់ថ្នាំកំចាត់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងសេអ៊ូល (រូបថត៖ THX / TTXVN)

ហេតុដូច្នេះ ករណីឆ្លងជំងឺរាតត្បាត Covid -19 សរុបមកទល់ពេលនេះនៅ ប្រទេសចិនដីគោកមានចំនួន ៨០,៧៥៤ នាក់ និងអ្នកស្លាប់មានចំនួន ៣.១៣៦ នាក់។ រីឯអ្នកឆ្លងវីរុស SARS-CoV-2 នៅលើពិភពលោកបានកើនឡើងដល់ ១១១.៥៥៧ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ៣.៨៨៤ នាក់។  

ជាក់ស្តែងនៅប្រទេសអ៊ីតាលី ករណីឆ្លងជម្ងឺ Covid-19 មានចំនួន ៩.១៧២ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៦៣ នាក់។ ចាប់ពីថ្ងៃទី១០ខែមិនាតទៅ រដ្ឋាភិបាលអ៊ីតាលីសម្រេចចិត្តពង្រីកវិធានការហ៊ុំព័ទ្ធដែលត្រូវបានអនុវត្តនៅតំបន់ភាគខាងជើងចំពោះទូទាំងប្រទេស ព្រមទាំងបិទសាលារៀនទាំងអស់រហូតដល់ថ្ងៃទី ៣ ខែមេសានិងហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនផងដែរ។

ទន្ទឹមនឹងនេះនាថ្ងៃទី ៩ ខែមិនា នៅសហរដ្ឋអាមេរិក អភិបាលរដ្ឋ Iowa លោកស្រី Kimberly Reynold បានកត់សម្គាល់ករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣ នាក់ដំបូងនៅក្នុងរដ្ឋនេះ។ គិតត្រឹមដល់ថ្ងៃទី ៨ ខែមីនា (តាមម៉ោងនៅអាមេរិក) ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅអាមេរិកបានលើសពី ៥០០ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២១ នាក់ និងបានប៉ះពាល់ដល់រដ្ឋប្រមាណ ៣០ ផងដែរ។

យ៉ាងណាមិញ គណៈកម្មការអឺរ៉ុបដែលមានទីស្នាក់ការប្រចាំនៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) នាថ្ងៃទី ៩ ខែមីនាក៏បានប្រកាសពីករណីឆ្លងដំបូងនៃជំងឺរាតត្បាត Covid-19 ផងដែរ។

រីឯនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមថ្ងៃទី ៩ ខែមីនា ប្រទេសនេះបានកត់សម្គាល់អ្នកឆ្លងថ្មីនៃជំងឺរាតត្បាត Covid-19 មានចំនួន ១៦៥ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់ ៧.៤៧៨ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ