ជម្លោះនៅមជ្ឈិមបូព៌ា៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការចរចាសន្តិភាព
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការកើនឡើងនៃភាពតានតឹងយ៉ាងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ថា៖ គោលជំហររបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស) |
ដូច្នេះ វៀតណាមប្រឆាំងនឹងសកម្មភាពប្រើប្រាស់កម្លាំងដើម្បីវាយប្រហាររដ្ឋអធិបតេយ្យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ សកម្មភាពទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាជន ក្នុងនោះមានពលរដ្ឋវៀតណាមនៅក្នុងតំបន់ បង្កឱ្យមានអស្ថិរភាពដល់សកម្មភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានសង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពយ៉ាងតឹងរ៉ឹងតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិ បន្តការចរចានិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាឆ្ពោះទៅរកការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕